ព័ត៌មានទាន់ហេតុការណ៍៖

លោកបណ្ឌិត​ ទូច​ សុឃៈ​ បញ្ជាក់​ពីការចាប់អារម្មណ៍និងគាំទ្រចំពោះការផ្ដល់ឱកាសដល់យុវជនបន្តវេន កាន់មុខតំណែងជានាយប៉ុស្ដិ៍និងនាយរងប៉ុស្ដិ៍ ក៏ដូចជាមុខតំណែងផ្សេងៗ

ចែករំលែក៖

ភ្នំពេញ​៖​ លោកបណ្ឌិត​ ទូច​ សុឃៈ​ អ្នកនាំពាក្យ​រងក្រសួងមហាផ្ទៃ​ បានមានប្រសាសន៍​នៅព្រឹកថ្ងៃ​ទី​១៥​ ខែកញ្ញា​ ឆ្នាំ​២០២៦នេះថា៖​ ខ្ញុំសូមថ្លែងអំណរគុណចំពោះការចាប់អារម្មណ៍និងគាំទ្រចំពោះការផ្ដល់ឱកាសដល់យុវជនបន្តវេន កាន់មុខតំណែងជានាយប៉ុស្ដិ៍និងនាយរងប៉ុស្ដិ៍ ក៏ដូចជាមុខតំណែងផ្សេងៗ។ 

លោកបណ្ឌិត​ បានបញ្ជាក់ថា​ ការតែងតាំងមុខតំណែងនាយ-រងផ្នែក នាយ-រងប៉ុស្តិ៍នគរបាលរដ្ឋបាល ជាសិទ្ធិសម្រេចប្រកបដោយសុភវិនិច្ឆ័យរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ តាមរយៈការស្នើឡើងពីអង្គភាពនគរបាលថ្នាក់ក្រោមជាតិតាមឋានានុក្រម គឺ តាំងពីប៉ុស្ដិ៍នគរបាលរដ្ឋបាលសាមី រហូតមកដល់ស្នងការដ្ឋានរាជធានី-ខេត្ត និងចុងក្រោយគឺអគ្គស្នងការដ្ឋាន ដោយទាមទារការបំពេញបាននូវលក្ខណសម្បត្តិផ្អែកលើគុណាធិបតេយ្យ តម្រូវការចំាបាច់ចំពោះមុខទាំងកម្លាំង និងជំនាញ ក៏ដូចជាស្ថានភាពជាក់ស្ដែងនៃអង្គភាពសាមី គឺប៉ុស្ដិ៍នគរបាលរដ្ឋបាលនោះ ពិសេសការវិវឌ្ឍនៃបច្ចេកវិទ្យាឌីជីថល និងបទល្មើសតាមបច្ចេកវិទ្យានេះ។

ក្នុងនោះ ការខ្វះមូលធនមន្ត្រី/កម្លាំងនៅតាមប៉ុស្ដិ៍នគរបាល ជាមុខសញ្ញាមួយដែលក្រសួងកំពុងដាក់ចេញគោលនយោបាយទម្លាក់ក្របខណ្ឌឱ្យបានច្រើនទៅតាមបណ្ដាប៉ុស្ដិ៍។   តែទោះយ៉ាងណា យើងក៏នឹងតាមដាន ពិនិត្យ រាល់ព័ត៌មាន មតិមហាជន ស្របនឹងការសង្ឃឹមថា សាធារណជននឹងគាំទ្រ លើកទឹកចិត្ត ដល់អ្នកបន្តវេន ក្នុងលក្ខខណ្ឌ ដូចដែលខ្ញុំបានលើកខាងលើ,កុំឱ្យផ្ទុយពីនេះ។ 

ទន្ទឹមនឹងនេះដែរ ក៏ត្រូវមានប្រព័ន្ធវាយតម្លៃលើការកាន់មុខតំណែងទាំងនេះ ក្នុងរយៈពេលកំណត់ជាក់លាក់មួយដែរ ដើម្បីប្រាកដថា ពួកគេបំពេញតួនាទីភារកិច្ចប្រកបដោយប្រសិទ្ធភាព ស័ក្តិសិទ្ធភាព ប្រសិទ្ធផល គុណផល ប្រកបដោយគណនេយ្យភាពចំពោះប្រជាពលរដ្ឋ និងអង្គភាពអាណាព្យាបាល៕ដោយ​៖តារា​

 


ចែករំលែក៖