ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់ភ្លាមៗ​ ខណៈជិះម៉ូតូបត់ឆ្លងផ្លូវជ្រុលទៅបុករថយន្តកំពុងធ្វើដំណើរផ្លូវត្រង់ពេញទំហឹង​

ចែករំលែក៖

ភ្នំពេញ​ ៖​ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ​ ក្រោយពេលជិះម៉ូតូលឿនបត់ឆ្លងផ្លូវមិនប្រយ័ត្នជ្រុលទៅបុកចំពីមុខចំហៀងខាងឆ្វេងរថយន្តម៉ាក MG ដែលធ្វើដំណើរមកត្រង់យ៉ាងពេញទំហឹង​ កាលពីវេលាម៉ោង១០:១៥នាទីយប់ត្រូវនិងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៥៩៨ ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។ 

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេឃើញបុរសម្នាក់បានបើករថយន្តម៉ាក MG ពណ៌សមួយគ្រឿងពាក់ ផ្លាកលេខ ភ្នំពេញ 2BT-4828 ធ្វើដំណើរតាមម្ដាយផ្លូវលេខ 598 ទិសដៅពីត្បូងទៅជើង​ លុះពេលបើកមកដល់ត្រង់ចំណុចកើតហេតុផ្លូវបំបែកជាបួនស្រាប់តែគេឃើញមានម៉ូតូមួយគ្រឿងទៀតម៉ាកSUZUKI LET’S ពាក់ ផ្លាកលេខ ភ្នំពេញ 1HX-5322 ជិះដោយបុរសរងគ្រោះម្នាក់ធ្វើដំណើរទិសដៅបញ្ជាក់គ្នាពីជើងទៅត្បូងក្នុងល្បឿនលឿនរួចក៏បានបត់ឲ្យឆ្វេងឆ្ពោះទៅផ្លូវបេតុងមួយខ្សែរក៏ជ្រុលទៅបុកចំពីមុខរថយន្តចំហៀងខាងឆ្វេងបណ្តាលឲ្យជនរងគ្រោះជាម្ចាស់ម៉ូតូស្លាប់ភ្លាមៗ ចំណែកម្ចាស់រថយន្តត្រូវសមត្ថកិច្ចឃាត់ខ្លួន។

ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ចុះមកវាស់វែងស្ទូចយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំការដោះស្រាយនៅពេលក្រោយ។  ចំណែកសពសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕​ ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖