ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ខណៈរូបគេបើករថយន្តក្នុងល្បឿនលឿនទៅបុកបង្កាន់ដៃស្ពានអាកាសចោមចៅពេញទំហឹង បណ្តាលឱ្យរថយន្តរងការខូចខាតធ្ងន់ធ្ងរ សង្ស័យអ្នកបើកបរស្រវឹងស្រា។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ០៨:៣០នាទីយប់ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ នៅត្រង់ចំណុចគល់ស្ពានអាកាសចោមចៅ តាមបណ្តោយផ្លូវជាតិលេខ៣ ស្ថិតក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសខាងលើបើករថយន្ត ០១គ្រឿង ម៉ាក Mazda ពាក់ស្លាកលេខ ភ្នំពេញ 2BP-1609 បើកបរក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ រថយន្តបានជ្រុលចង្កូតទៅបុកបង្កាន់ដៃស្ពានអាកាសចោមចៅពេញទំហឹង បណ្តាលឱ្យរថយន្តរងការខូចខាតធ្ងន់ធ្ងរ ចំណែកអ្នកបើកបររងរបួសដៃម្ខាង ត្រូវបានបញ្ជូនទៅព្យាបាលនៅឯមន្ទីរពេទ្យ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែង និងស្ទូចរថយន្តយកទៅរក្សាទុក ដើម្បីរង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ៕

ដោយ៖ សីហា សែនសុខ
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច