ព័ត៌មានទាន់ហេតុការណ៍៖

គណៈបញ្ជាការឯកភាពខេត្តស្វាយរៀង បង្ក្រាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ នៅទីតាំង ដឺវ័ន ស្ទីមសូណា & ម៉ាស្សា ក្រុងបាវិត

ចែករំលែក៖

ខេត្តស្វាយរៀង៖ គណៈបញ្ជាការឯកភាពខេត្តស្វាយរៀង បានបង្ក្រាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ដោយឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ នៅទីតាំង ដឺវ័ន ស្ទីមសូណា & ម៉ាស្សា ក្នុងក្រុងបាវិត។

សមត្ថកិច្ចនគរបាលបានឱ្យដឹងថា កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ កម្លាំងគណៈបញ្ជាការឯកភាពក្រុង ដឹកនាំដោយលោក គន សុវណ្ណវាសនា នាយករងរដ្ឋបាលក្រុង សហការជាមួយគណៈបញ្ជាការឯកភាពខេត្ត ដឹកនាំដោយលោក ម៉ែន អេង អភិបាលរងខេត្ត ដោយមានការសម្របសម្រួលនីតិវិធីពី លោក ចាន់ វណ្ណៈ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានចុះស្រាវជ្រាវ និងបង្ក្រាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ស្ថិតនៅទីតាំង ដឺវ័ន ស្ទីមសូណា & ម៉ាស្សា ក្នុងភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត។

សមត្ថកិច្ចបញ្ជាក់ថា ជាលទ្ធផល ក្រុមការងារបានឃាត់ខ្លួនជនសង្ស័យសរុបចំនួន ០៣នាក់ (ប្រុស) មាន ០២សញ្ជាតិ ក្នុងនោះរួមមាន៖ ជនជាតិចិន ០២នាក់ (ប្រុស) និងជនជាតិខ្មែរ ០១នាក់ (ប្រុស) ព្រមទាំងដកហូតវត្ថុតាងរួមមាន៖

* ទូរសព្ទដៃផ្ទាល់ខ្លួន

* ទូរសព្ទដៃចម្រុះ

* កុំព្យូទ័រយួរដៃ (Laptop)

* ធុង CPU

* អាយផេត (iPad)

* ម៉ូនីទ័រ (Monitor)

* ដុំ CCTV

* ឧបករណ៍ចម្លងសំឡេង

* លិខិតឆ្លងដែនចំនួន ០៣ក្បាល (ប្រុស ០២ និងស្រី ០១)

ចំពោះជនសង្ស័យ និងវត្ថុតាងខាងលើ សមត្ថកិច្ចបានបញ្ជូនទៅកាន់ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យានៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង។ រីឯទីតាំងខាងលើ ក្រុមការងារបានសម្រេចបិទជាបណ្តោះអាសន្ន។

សូមបញ្ជាក់ថា សមាសភាពចូលរួមក្នុងប្រតិបត្តិការនេះ រួមមាន៖ លោកស្នងការរង, លោកនាយរងការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា, លោកនាយរងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន, លោក សំ សំអុល អធិការនគរបាលក្រុង, លោកអធិការរងក្រុង, លោកនាយរងប៉ុស្តិ៍នគរបាលរដ្ឋបាល, អនុភូមិបាវិតលើ និងកម្លាំងនគរបាលខេត្ត-ក្រុងផងដែរ៕


ចែករំលែក៖