ភ្នំពេញ ៖ នៅលើ បណ្តាញសង្គមកំពុងតែចាប់អារម្មណ៍ករណីលោក កេង រតនា អាយុ៦៥ឆ្នាំ ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅតុលាការ ហើយត្រូវបានតុលាការចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ កាលពីខែសីហា ឆ្នាំ២០២៦ ក្រោមការចោទប្រកាន់លួចគងវត្ត។
ប៉ុន្តែក្រោយការស្រាវជ្រាវ បានបង្ហាញថា អ្នកដែលលួចគងវត្ត ជាអ្ន កផ្សេងដែលមានកម្ពស់ខ្ពស់ជាងគាត់ រួចហើយក៏ត្រូវបានតុលាការចេញដីកាដោះលែងគាត់វិញនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ម្សិលមុិញ។
ក្រោយចាកចេញពីពន្ធនាគារនៅវេលាម៉ោង ៦៖២៨នាទីល្ងាច, លោក កង រតនា ដែលមិនមានមុខរបរច្បាស់លាស់ ត្រូវបានក្រុមការងារគណបក្ស ជួយបញ្ជូនគាត់ទៅមន្ទីរពេទ្យដើម្បីព្យាបាលជំងឺ បូសអន្ទង់ ។
លោក កង រតនា ត្រូវបានគេចោទថា លួចគងនៅវត្តស្វាយមាស ភូមិប្រទះឡាង សង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ ។ ហេតុអ្វីសមត្ថកិច្ចមូលដ្ឋាន មិនធ្វើការស្រាវជ្រាវឲ្យបានល្អិតល្អន់ និងស្វែងរកភស្តុតាងគ្រប់គ្រាន់ មុនបញ្ជូនគាត់ទៅកាន់តុលាការ?
ត្រូវគិតថា ៖ ចុងប៊ិចរបស់មន្រ្តីនគរបាលយុត្តិធម៌ ពេលខ្លះធ្វើឲ្យគេឈឺចាប់ បើសិនមិនបានប្រព្រឹត្តខុស។
អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍ លោក អ៊ុក សាវុធ បានដាស់តឿនឲ្យនគរបាលយុត្តិធម៌ រក្សាតម្លៃរបស់ខ្លួន តាមរយៈការបំពេញការងារឲ្យបានត្រឹមត្រូវ។ លោកសង្កត់ធ្ងន់លើការសរសេរកំណត់ហេតុរបស់នគរបាល ព្រោះកំណត់ហេតុទាំងនោះអាចធ្វើឲ្យអាក្រក់ប្រែជាល្អ ល្អទៅជាអាក្រក់ ឬសទៅជាខ្មៅ។ ការថ្លែងរបស់លោក អ៊ុក សាវុធ គឺធ្វើឡើងក្នុងមហាសន្និបាទលើកទី២៤របស់គណៈមេធាវី នៅថ្ងៃទី១៦ខែតុលា ឆ្នាំ២០២៤កន្លងទៅ លោកប្រាប់ថា កន្លងមករូបលោកតែងនិយាយរម្លឹកពីតម្លៃរបស់កំណត់ហេតុនេះ នៅមុខនគរបាលយុត្តិធម៌។
«កំណត់ហេតុមួយដែលនគរបាលយុត្តិធម៌ចាប់ផ្ដើមធ្វើ គឺមានតម្លៃណាស់ វាអាចយកមនុស្សទៅដាក់គុកបាន អាចធ្វើឲ្យមនុស្សទទួលរងគ្រោះដោយសារយើង អាចធ្វើឲ្យអ្នករងគ្រោះទៅជាជនល្មើស អាចធ្វើឲ្យជនល្មើសទៅជារួចខ្លួន»។ នេះជាការលើកឡើងរបស់លោក អ៊ុក សាវុធ ។ លោកបន្តដូច្នេះទៀតថា៖«ជួនកាលគាត់អត់ដឹង ចេះតែសរសេរតាមអ្នកនេះខ្សឹបបែបនេះ អ្នកនោះខ្សឹបបែបនោះ ដោយសារយល់យោគទៅតាមផលប្រយោជន៍អ៊ីចឹងទៅវាធ្វើឲ្យបាត់តម្លៃរបស់យើង»។
លោក អ៊ុក សាវុធ បានថ្លែងដាស់តឿនដល់នគរបាលយុត្តិធម៌ ក៏ដូចជាអ្នកបម្រើការងារផ្លូវច្បាប់ផ្សេងទៀត ឲ្យយកចិត្តទុកដាក់ពីតម្លៃការងាររបស់ខ្លួន ព្រោះវាឆ្លុះបញ្ចាំងពីតម្លៃរបស់បុគ្គលខ្លួនឯង ហើយពិសេសវាជះឥទ្ធិពលដល់រឿងយុត្តិធម៌សម្រាប់មនុស្ស៕

ដោយ ៖ សិលា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច