ភ្នំពេញ៖ ប្រមុខរដ្ឋស្តីទី សម្តេចតេជោ ហ៊ុន សែន បានចេញព្រះរាជក្រឹត្យ បញ្ចប់មុខតំណែង លោក ពេជ្រ ស្រស់ រួមទាំងសមាជិកគណបក្សយុវជនកម្ពុជា ចំនួន៤រូប ពីសមាសភាពប្រតិភូនៃឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់។ នេះបើតាមព្រះរាជក្រឹត្យ។
ជាមួយគ្នានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានចេញអនុក្រឹត្យបញ្ចប់មុខតំណែង សមាសភាពប្រតិភូនៃឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់របស់ប្រតិភូគណបក្សយុវជនកម្ពុជាចំនួន១រូបទៀត ដែលមានឋានៈស្មើអគ្គនាយករងផងដែរ។
សូមបញ្ជាក់ថា នាថ្មីៗនេះ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានស្នើសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បញ្ចប់សមាជិកភាពទាំង៦រូបនៃគណបក្សយុវជនកម្ពុជា ពីឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។ ការស្នើបញ្ចប់នេះ ក៏ព្រោះគណបក្សរបស់លោកនឹងត្រូវរំលាយនាពេលខាងមុខ។
លោក ពេជ្រ ស្រស់ បានហៅការរំលាយបក្សជាការគោរពតាមការសន្យារបស់លោកដែលប្រកាសធ្វើនយោបាយតែ១០ឆ្នាំប៉ុណ្ណោះ៕

ដោយ៖តារា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច