ភ្នំពេញ:ជនជាតិចិន៧នាក់ តែម្នាក់បានរត់គេចខ្លួន ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ប្រកាសសាលក្រមផ្តន្ទាទោសដាក់ពន្ធនាគារចន្លោះពី១៥ឆ្នាំទៅ២០ឆ្នាំ ពីបទបង្ខាំងមនុស្សខុសច្បាប់ ដើម្បីជំរិតទារប្រាក់ ។
លោក រស់ ពិសិដ្ឋ ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ប្រកាសសាលក្រមផ្តន្ទាទោសជនជាប់ចោទឈ្មោះ ចាំង សុងឈឹង អាយុ៤១ឆ្នាំ ឈ្មោះ ជូ ជៀវឡុង ឈ្មោះ ដាយ សៀវហ្វី អាយុ៣៦ឆ្នាំ ឈ្មោះ ស៊ី អូថុង អាយុ៤៦ឆ្នាំ ឈ្មោះ ស៊ី ឈឹង អាយុ៤១ឆ្នាំ ឈ្មោះ វ៉ាង ជី អាយុ៣៥ឆ្នាំ ទី៧ ឈ្មោះ លី ស៉ីហួរ អាយុ៥៩ឆ្នាំ ។
ក្រុមជនជាប់ចោទ ត្រូវបានចោទប្រកាន់ពីបទ អំពើឃុំឃាំង និង បង្ខាំងមនុស្សដោយខុសច្បាប់មានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅផ្ទះជួលលេខ៤២ ផ្លូវ១៧៣ ភូមិទួលរកាសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ កាលពីថ្ងៃទី១០ខែសីហាឆ្នាំ២០១៥ដល់ថ្ងៃទី១១ខែធ្នូឆ្នាំ២០១៥ ។
ពួកគេទាំងអស់គ្នា ត្រូវបានតុលាការរកឃើញថា បានបង្ខាំងជនរងគ្រោះពីរនាក់ជាជនជាតិចិន ដើម្បីជំរិតទារប្រាក់ដែលជំពាក់ហើយមិនព្រមសង ៕ ចេស្តា