ខេត្តមណ្ឌលគិរី៖ ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី ជា ចិត្រា ស្នងការនគរបាលខេត្តមណ្ឌលគិរី នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ កម្លាំងអធិការដ្ឋាននគរបាលស្រុកកែវសីមា សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែខ្ទុម បានចុះអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួន-ឃុំខ្លួន លេខ ៥៣ដចន/២៥ ចុះថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ របស់សាលាដំបូងខេត្តមណ្ឌលគិរី។
ប្រតិបត្តិការនេះ បានឈានទៅដល់ការឃាត់ខ្លួនពិរុទ្ធជនម្នាក់ឈ្មោះ កូប អាល់យ៉េស (ហៅ យ៉េស) ភេទប្រុស ជនជាតិចាម សញ្ជាតិខ្មែរ មានស្រុកកំណើតនៅភូមិឆ្លូង១ ឃុំកំពាន់ ស្រុកមេមត់ ខេត្តកំពង់ចាម (បច្ចុប្បន្នរស់នៅភូមិឆ្នែង ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី)។
ពិរុទ្ធជនរូបនេះ ត្រូវបានតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ ពីបទ «ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន» ប្រព្រឹត្តនៅភូមិអូរអាម និងភូមិឆ្នែង ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
នៅក្នុងប្រតិបត្តិការចាប់ខ្លួននេះ សមត្ថកិច្ចដកហូតបានវត្ថុតាងពូថៅចំនួន ០១ដើម។ បច្ចុប្បន្ន ពិរុទ្ធជនរួមជាមួយវត្ថុតាង ត្រូវបានមន្ត្រីជំនាញរៀបចំកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តមណ្ឌលគិរី ចាត់ការបន្តតាមនីតិវិធីច្បាប់៕

ដោយ៖ សុខហេង
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច