ភ្នំពេញ ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពធាក់បំបាក់សោ ក ម៉ូតូ១គ្រឿង រួចតខ្សែប្រព័ន្ធសោម៉ូតូលួចយកបានសម្រេច រួចបញ្ឆេះជិះគេចខ្លួនយកទៅពពាយនាយលក់ ឲ្យប្រជាពលរដ្ឋ ។ ប៉ុន្តែគ្មាននរណាម្នាក់ហ៊ានទិញយកនោះទេ ផ្ទុយទៅវិញបានធ្វើឲ្យប្រជាពលរដ្ឋមានការសង្ស័យថា ជននោះមិនល្អ ហើយម៉ូតូមិនប្រក្រតីទៅវិញ រួចក៏បានរាយការណ៍ជូននគរបាលឲ្យទៅធ្វើការឃាត់ខ្លួនសួរនាំ ទើបដឹងថាជននោះគឺជាចោរមែន ។
អំពើចោរកម្មខាងលើនោះបានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ នៅចំណុចមុខបន្ទប់ជួលជាន់ទី២ ក្នុងផ្សារបុរីសែនមនោរម្យ ភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។
ជនសង្ស័យឈ្មោះ មិន ភក្តី ភេទប្រុសអាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ម្ដុំភូមិអូរដឹម សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។
ម្ចាស់ម៉ូតូឈ្មោះថន ថានី ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិរបងរមាស ឃុំបឹងបត់កណ្ដោល ស្រុកបាកាន ខេត្តពោធិ៍សាត់ និងស្នាក់នៅផ្ទះជួលចំណុចកើតហេតុខាងលើ ។
ម្ចាស់ម៉ូតូរូបនោះបាននិយាយថា នៅវេលាព្រឹកថ្ងៃកើត ហេតុ ក្រោយពេលត្រឡប់ពីធ្វើការរោងចក្រវេនយប់ដល់ផ្ទះជួលវិញ ខ្លួនបានទុកម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ឈាមជ្រូក ផលិតឆ្នាំ២០២៦ ពាក់ស្លាកលេខភ្នំពេញ 1MA-3090 នៅជិតបន្ទប់ជួលដោយចាក់សោ ក ត្រឹមត្រូវ រួចបានចូលងូតទឹកក្នុងបន្ទប់ ។ លុះក្រោយពេលងូតទឹករួច ចេញមកមើលម៉ូតូស្រាប់តែបាត់មិនឃើញ ខ្លួនក៏បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ឲ្យជួយអន្តរាគមន៍ ព្រោះស្មានថាទីកន្លែងដែលចោរលួចម៉ូតូនោះស្ថិតនៅសង្កាត់ចោមចៅទី៣ ។
នគរបាលប្រាប់ថា ដោយឡែកជនសង្ស័យក្រោយពេលលួចម៉ូតូបាន ហើយ ក៏បានជិះម៉ូតូយកទៅពពាយនាយលក់ឲ្យប្រជាពលរដ្ឋនៅក្នុងភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ប៉ុន្តែដោយមានការសង្ស័យថា ជននោះមិនមែនមនុស្សល្អ ទើបគ្មាននរណាហ៊ានទិញឡើយ ។ បន្ទាប់មកប្រជាពលរដ្ឋក៏បានលួចរាយការណ៍ជាសម្ងាត់ដល់កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី១ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ឲ្យចុះទៅធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើនាំយកទៅសាកសួរភ្លាមៗតែម្ដង ទើបដឹងថាជននោះគឺជាចោរ ហើយម៉ូតូដែលកំពុងពពាយនាយលក់នោះទើបតែលួចបានថ្មីៗសោះ ។
ជនសង្ស័យបានសារភាពប្រាប់នគរបាលថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចម៉ូតូនោះមែន ដោយខ្លួនទើបត្រឡប់មកពីខេត្តបន្ទាយមានជ័យបានរយៈពេល៣ថ្ងៃប៉ុណ្ណោះ និងបានស្នាក់នៅផ្ទះជួលម្ដុំភូមិអូរដឹម សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។ ដោយឡែកនៅវេលាព្រឹកថ្ងៃកើតហេតុ ខ្លួនបានដើរកាត់ផ្ទះជួលនៅក្នុងផ្សារបុរីសែនមនោរម្យ ភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌកំបូល ហើយបានឃើញម៉ូតូខាងលើចតចោលមុខបន្ទប់ជួលគ្មានម្ចាស់នៅជិត ។ ពេលនោះខ្លួនក៏បានធាក់បំបាកសោ ក រួចបានតខ្សែសោម៉ូតូ ហើយបញ្ឆេះជិះគេចខ្លួនយកទៅលក់ ប៉ុន្តែអត់មានអ្នកហ៊ានទិញយកសោះ ក្រោយមកក៏មាននគរបាលទៅដល់ឃាត់ខ្លួនតែម្ដង ។
នគរបាលបានប្រាប់បន្ថែមថា ក្រោយពេលឃាត់ខ្លួនជនសង្ស័យបានហើយ នគរបាលប៉ុស្តិ៍ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ក៏បានបញ្ជូនខ្លួនជននោះទៅឲ្យប៉ុស្តិ៍នគរបាលរដ្ឋបាលកន្ទោក ខណ្ឌកំបូល ដើម្បីសាកសួរនិងកសាងសំណុំរឿងចាត់ការតាមច្បាប់ ព្រោះទីតាំងចោរលួចមូតូស្ថិតនៅក្នុងសង្កាត់ និងខណ្ឌខាងលើនោះ ៕

ដោយ៖ សុខហេង
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច