អន្តរជាតិ៖ សារព័ត៌មាន AFP បានផ្សាយថាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃសុក្រ ទី១៨ ខែកញ្ញា ឆ្នាំ២០២៦ បាននិយាយថារូបលោកបានសម្រេចហាមឃាត់មិនឱ្យអ្នករាយការណ៍ព័ត៌មានមកពី CNN, MS NOW និង Politico ចូលសេតវិមាននោះទេ ដោយចោទពួកគេថាផ្សាយព័ត៌មានមិនពិតពីរដ្ឋបាលរបស់លោក។
លោក ត្រាំ ដែលមិនសូវត្រូវធាតុគ្នាជាមួយប្រព័ន្ធផ្សព្វផ្សាយ បានព្រមានថាសារព័ត៌មានដទៃទៀតក៏អាចប្រឈមនឹងការហាមឃាត់ដូចគ្នានេះដែរ។ តែលោកមិនបាននិយាយចំឈ្មោះសារព័ត៌មានផ្សេងណាមួយឡើយ។ ការប្រកាសបែបនេះរបស់លោក ត្រាំ បានទទួលរងការចោទប្រកាន់ភ្លាមៗថាជាទង្វើផ្ទុយទៅនឹងរដ្ឋធម្មនុញ្ញ ហើយប្រព័ន្ធផ្សព្វផ្សាយដែលជាប់បម្រាមបាននិយាយថាពួកគេនឹងមិនចាញ់ការគំរាមរបស់លោក ត្រាំទេដោយនឹងបន្តធ្វើការងាររបស់ពួកគេ។ ក្នុងការបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម Truth Social លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំមានកិត្តិយសសូមប្រកាសថាខ្ញុំសម្រេចចិត្តហាមឃាត់សារព័ត៌មានក្លែងក្លាយដូចជា CNN, MSNOW និង Politico ពីសេតវិមាន ដោយសារតែពួកគេតែងតែរាយការណ៍ពីព័ត៌មានក្លែងក្លាយ»។
លោក ត្រាំ មិនបានបញ្ជាក់ឱ្យច្បាស់ថាតើហេតុអ្វីបានជាលោកដាក់បម្រាមលើសារព័ត៌មានអាមេរិកធំៗទាំងនេះទេ ដោយគ្រាន់តែនិយាយថាក្នុងនាមជាប្រព័ន្ធផ្សព្វផ្សាយមិនគួររាយការណ៍ ឬសរសេរពីព័ត៌មានប្រឌិត និងភូតកុហកនោះទេ នៅពេលដែលពួកគេរាយការណ៍ព័ត៌មានពាក់ព័ន្ធនឹងប្រធានាធិបតីរបស់សហរដ្ឋអាមេរិក។ ប៉ុន្តែយ៉ាងណា វាមិនទាន់ច្បាស់ថាតើអ្នករាយការណ៍ព័ត៌មាននៃស្ថាប័នព័ត៌មានខាងលើ នឹងត្រូវបានរារាំងមិនឱ្យចូលក្នុង ឬបរិវេណសេតវិមានមែន ឬក៏យ៉ាងណាទេ?
នេះមិនមែនជាលើកទី១ទេដែលលោក ត្រាំ មានជម្លោះជាមួយសារព័ត៌មាន។ កាលពីឆ្នាំ២០២៥ លោកក៏ធ្លាប់បានហាមឃាត់អ្នកសារព័ត៌មានមកពីទីភ្នាក់ងារសារព័ត៌មាន Associated Press ឬ AP ចូលរួម ឬរាយការណ៍ព័ត៌មានពីព្រឹត្តិការណ៍មួយចំនួនផងដែរ បន្ទាប់ពី AP សម្រេចចិត្តបន្តហៅឈូងសមុទ្រម៉ិកស៉ិក បើទោះជាលោក ត្រាំ ប្ដូរឈ្មោះឈូងសមុទ្រនេះទៅជា ឈូងសមុទ្រអាមេរិកក៏ដោយ៕

ដោយ៖ ធីរីណា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច