ព័ត៌មានទាន់ហេតុការណ៍៖

កម្ពុជា បានត្រៀមខ្លួនរួចជាស្រេចក្នុងការទទួលទីផ្សាររុស្សុី និងនាំកម្ពុជាទៅកាន់ទីផ្សាររុស្សុីឱ្យកាន់តែខ្លាំងនៅចុងឆ្នាំនេះ និងក្នុងឆ្នាំ២០២៧

ចែករំលែក៖

ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបើក «ផែនទីចង្អុលផ្លូវទេសចរណ៍កម្ពុជា ទៅកាន់ទីផ្សាររុស្ស៊ី» ដោយមានការចូលរួមពីលោក Anatoly Borovik ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហព័ន្ធរុស្ស៊ីប្រចាំកម្ពុជា, លោកស្រីបណ្ឌិត កុយ ពិសី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី, លោក និងលោកស្រីតំណាងអង្គទូតប្រចាំកម្ពុជា, លោក Vladimir Palancica ប្រធាន BRICS House-Cambodia និងជាស្ថានតំណាងក្រសួងទេសចរណ៍កម្ពុជាប្រចាំទីក្រុងម៉ូស្គូ ព្រមទាំងថ្នាក់ដឹកនាំក្រសួងទេសចរណ៍ និងក្រសួង-ស្ថាប័នរដ្ឋពាក់ព័ន្ធនានា ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB) អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រីប្រធានសមាគមទេសចរណ៍កម្ពុជា សហព័ន្ធទេសចរណ៍កម្ពុជា សមាគមសណ្ឋាគារកម្ពុជា សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា (PATA) ប្រតិបត្តិករទេសចរណ៍ វិស័យឯកជន លោកស្រី ខែក ខេមរ៉ាត់ អគ្គនាយិកាក្រុមហ៊ុន KJET GROUP និងក្រុមហ៊ុនទេសចរណ៍អញ្ជើញពីប្រទេសរុស្ស៊ី និងអន្តរជាតិ តំណាងក្រុមហ៊ុនទេសចរណ៍ ព្រមទាំងសារព័ត៌មាន និងInfluncers សរុបប្រមាណជាង២០០ រូប នៅទីស្តីការក្រសួងទេសចរណ៍។

ថ្លែងក្នុងពិធីដ៏ឱឡារិកនេះ លោករដ្ឋមន្រ្តី បានកោតសរសើរ វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួមសហការដ៏ជិតស្និទ្ធពីស្ថានទូតរុស្សីប្រចាំកម្ពុជា សមាគម BRICS House- Cambodia និងភាគីពាក់ព័ន្ធទាំងអស់ដែលបានសម្រេចជោគជ័យក្នុងការរៀបចំកម្មវិធីដ៏មានសារៈសំខាន់ដល់វិស័យទេសចរណ័ កម្ពុជា។

ទន្ទឹមនឹងនេះដែរ លោករដ្ឋមន្រ្តី បានមានប្រសាសន៍ថា ទីផ្សាររុស្ស៊ី គឺជាទីផ្សារគោលដៅមួយដែលយើងត្រូវផ្តោតការយកចិត្តទុកដាក់ខ្ពស់ និងត្រូវបម្លែងសក្តានុពល ឱ្យទៅជាលំហូរទេសចរណ៍ជាក់ស្តែងមកកម្ពុជា។ ក្នុងន័យនេះ ការដាក់ចេញកម្មវិធី «ផែនទីបង្ហាញផ្លូវទេសចរណ៍កម្ពុជាទៅកាន់ទីផ្សាររុស្ស៊ី» នៅថ្ងៃនេះ គឺជាការប្រែក្លាយការតម្រង់ទិសរបស់រាជរដ្ឋាភិបាល និងប្រតិបត្តិតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ទៅជាសកម្មភាពជាក់ស្តែង ក្នុងការពង្រីក និងធ្វើពិពិធកម្មទីផ្សារទេសចរណ៍អន្តរជាតិរបស់កម្ពុជាឱ្យកាន់តែទូលំទូលាយ មានភាពធន់ និងមានភាពប្រកួតប្រជែងខ្ពស់។

លោករដ្ឋមន្រ្តី ក៏បានណែនាំដល់ប្រតិបត្តិការទេសចរណ៍ទាំងអស់ នៅក្នុងបរិបទ និងនិន្នាការនៃឧស្សាហកម្មទេសចរណ៍ នាពេលបច្ចុប្បន្ន, ពុំអាចរង់ចាំឱ្យភ្ញៀវទេសចររុស្ស៊ី ស្គាល់កម្ពុជាដោយឯកឯងនោះទេ យើងត្រូវនាំ «អច្ឆរិយភាពកម្ពុជា» ទៅឱ្យពួកគេ ឃើញកម្ពុជា ស្គាល់កម្ពុជា ចង់មកកម្ពុជា សម្រេចចិត្តមកកម្ពុជា និងមកទស្សនាកម្ពុជាដោយផ្ទាល់ ហើយត្រូវរួបរូមសហការរួមគ្នារវាងរដ្ឋ និងឯកជនជាប្រព័ន្ធជវភាពតែមួយ ជាពិសេសគឺការតភ្ជាប់ជើងហោះហើរត្រង់រវាងកម្ពុជា និងរុស្សី ដូចការលើកឡើងរបស់ឯកឧត្តម Anatoly Borovik ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហព័ន្ធរុស្ស៊ីប្រចាំកម្ពុជា។

លោករដ្ឋមន្រ្តី ក៏គូសរំលេចថា «ផែនទីបង្ហាញផ្លូវទេសចរណ៍កម្ពុជាទៅកាន់ទីផ្សាររុស្ស៊ី» នឹងក្លាយជាវេទិកាដ៏មានប្រសិទ្ធភាពមួយ ក្នុងការលើកកម្ពស់កម្ពុជាជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ, ពង្រឹងភាពជាដៃគូរវាងវិស័យឯកជន និងបង្កើតឱកាសថ្មីៗសម្រាប់ពាណិជ្ជកម្ម វិនិយោគ, ជាពិសេស កិច្ចសហប្រតិបត្តិការទេសចរណ៍រវាងកម្ពុជា និងសហព័ន្ធរុស្ស៊ី, ដែលចូលរួមនៅក្នុងការពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏យូរអង្វែង រវាងកម្ពុជា និងរុស្ស៊ី។

សូមជម្រាបជូនផងដែរថា ព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្ស៊ី បានបង្កើតទំនាក់ទំនងការទូតជាផ្លូវការនៅឆ្នាំ១៩៥៦ ហើយនៅឆ្នាំ២០២៦នេះ ប្រទេសទាំងពីរកំពុងប្រារព្ធខួប៧០ឆ្នាំ នៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគី ដែលបានរីកចម្រើនជាបន្តបន្ទាប់លើវិស័យជាច្រើន រួមទាំងវិស័យទេសចរណ៍៕

ដោយ៖តារា


ចែករំលែក៖