ព័ត៌មានទាន់ហេតុការណ៍៖

គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំរកឃើញជនបរទេសស្នាក់នៅចំនួន ៨នាក់មានលិខិតឆ្លងដែន និងទិដ្ឋាការត្រឹមត្រូវ

ចែករំលែក៖

ខេត្តត្បូងឃ្មុំ៖ នៅថ្ងៃចន្ទ ទី២១ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពី លោក ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងដោយមានការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្ត កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានចុះធ្វើរដ្ឋបាលចំហរ និងផ្សព្វផ្សាយខ្លឹមសារអនុក្រឹត្យលេខ ០៣ អនក្រ.បក នៅតាមទីតាំងមួយចំនួនក្នុងភូមិសាស្ត្រខេត្ត។

ប្រតិបត្តិការនេះ មានការចូលរួមពីកម្លាំងស្នងការដ្ឋាននគរបាលខេត្ត កម្លាំងកងរាជអាវុធហត្ថខេត្ត កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងអាជ្ញាធរមូលដ្ឋាន ដោយបានចុះប្រតិបត្តិការ នៅតាមទីតាំងចំនួន ៧ ក្នុងនោះរួមមាន ផ្ទះសំណាក់ចំនួន ៣ទីតាំង និងបន្ទប់ជួលចំនួន ៤ទីតាំង។

ក្នុងការត្រួតពិនិត្យនេះ កម្លាំងសមត្ថកិច្ចបានរកឃើញជនបរទេសស្នាក់នៅចំនួន ៨នាក់ ក្នុងនោះស្ត្រី ២នាក់ រួមមាន ជនជាតិវៀតណាម ៦នាក់ ស្ត្រី ២នាក់ និងជនជាតិចិន ២នាក់។ បន្ទាប់ពីត្រួតពិនិត្យ ឃើញថា ជនបរទេសទាំង ៨នាក់ មានលិខិតឆ្លងដែន និងទិដ្ឋាការត្រឹមត្រូវ ដូច្នេះអនុញ្ញាតឱ្យបន្តស្នាក់នៅជាធម្មតា។

ជាមួយគ្នានេះ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ កំពុងបន្តចុះស្រាវជ្រាវ និងត្រួតពិនិត្យតាមទីតាំងនានា ដើម្បីស្វែងរកទីតាំងដែលមានការសង្ស័យថា អាចលាក់លៀមប្រព្រឹត្តបទល្មើស ឬមានការរស់នៅប្រមូលផ្តុំខុសច្បាប់ នៅទូទាំង ៧ក្រុង ស្រុក ក្នុងភូមិសាស្ត្រខេត្ត។

ក្នុងប្រតិបត្តិការនេះ អាជ្ញាធរ និងកម្លាំងសមត្ថកិច្ច ក៏បានបន្តផ្សព្វផ្សាយខ្លឹមសារអនុក្រឹត្យលេខ ០៣ អនក្រ.បក របស់រាជរដ្ឋាភិបាល ដើម្បីឱ្យប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធបានយល់ដឹង និងចូលរួមអនុវត្តឱ្យបានត្រឹមត្រូវ៕


ចែករំលែក៖