ព័ត៌មានទាន់ហេតុការណ៍៖

លោកបណ្ឌិត ទូច សុឃៈ៖ ការបង្កើតមាតិកាមួលបង្កាច់ និងទម្លាក់កំហុសដោយអសុទ្ធចិត្ត គឺជាបទល្មើសព្រហ្មទណ្ឌ ដូចជា បទបរិហាកេរ្ត៍ បទក្លែងព័ត៌មាន និងបទញុះញង់ឱ្យមានការរើសអើងជាអាទិ៍

ចែករំលែក៖

ភ្នំពេញ៖ លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ការបង្កើតមាតិកាមួលបង្កាច់ និងទម្លាក់កំហុសដោយអសុទ្ធចិត្ត គឺជាបទល្មើសព្រហ្មទណ្ឌ ដូចជា បទបរិហាកេរ្ត៍ បទក្លែងព័ត៌មាន និងបទញុះញង់ឱ្យមានការរើសអើងជាអាទិ៍…។ តែខ្ញុំមិនចង់វែកញែករឿងព្រហ្មទណ្ឌនោះទេ គ្រាន់តែរំលឹកថា នេះជាការបង្កើតមាតិកា បែបមួលបង្កាច់ លាបពណ៌ ដោយចេតនាទុច្ចរិត ធ្វើឱ្យមានការភាន់ច្រឡំ ខឹងស្អប់ឬកើតការរើសអើងតាមទម្រង់ផ្សេងៗលើភាគីរងការទម្លាក់កំហុស ដែលជាទង្វើប្រាសចាកពីក្រមសីលធម៌សង្គមទូទៅ និងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន។

លោកបណ្ឌិត ទូច សុឃៈ សូមបញ្ជាក់ជូនបង តាំង សារាដា និងសាធារណជនថា ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី អភិសន្តិបណ្ឌិត ស សុខា ពុំមានការជាប់ពាក់ព័ន្ធនឹងអគារស្កែមនៅខេត្តព្រៃវែង និងទីតាំងផ្សេងណាមួយដូចការប្រឌិត ធ្វើនិទានកថា និងផ្សព្វផ្សាយឡើយ តាំងតែពីដើមទី រហូតមកដល់បច្ចុប្បន្ននេះ និងទៅថ្ងៃអនាគត។

គ្មានមន្ត្រីនគរបាលជាន់ខ្ពស់ណាខ្សឹបប្រាប់បងទេ។ ខ្ញុំមិនដឹងថា បងធ្វើក្នុងគោលដៅអ្វីទេ។ តែខ្ញុំក៏មិនចង់ដឹងដែរ។ អ្វីដែលខ្ញុំចង់ឃើញ គឺបង តាំង សារាដា ពោរពេញដោយវិជ្ជាជីវៈដូចអតីតកាល ដែលខ្ញុំធ្លាប់គាំទ្រ និងលួចរៀនសូត្រពីបងក្នុងនាមខ្ញុំជាអតីតអ្នកសារព័ត៌មានរួមអាជីពជាមួយបងដែរនោះ។ អ្វីដែលខ្ញុំលើកឡើងនេះ ពុំមែនផ្ចាស់ផ្ចាល បង្កើតការខ្វែងទស្សនៈ/ជំហរ គំគួនក្នុងនាមជាខ្មែរដូចគ្នានោះទេ តែខ្ញុំចាំបាច់ ត្រូវសង្កត់ធ្ងន់ថា ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃរូបនេះ មានភាពស្អាតស្អំ មិនដើរលើផ្លូវទុច្ចរិត ឬខុសច្បាប់ណាមួយ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនលោកនោះជាដាច់ខាត។

ផ្ទុយទៅវិញ គឺលោកជាប្រតិបត្តិករដឹកនាំបង្ក្រាបបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាយ៉ាងសកម្ម និងថែមទាំងរងការគំរាមកំហែងពីឧក្រិដ្ឋជនអនាមិក ដល់សន្តិសុខលោក រួមទាំងក្រុមគ្រួសារផងដែរ។ យើងសុទ្ធតែចង់បានយុត្តិធម៌ តែពេលខ្លះ យើងបែរជាបង្កើតរឿងអយុត្តិធម៌លើអ្នកស្អាតស្អំទៅវិញ។ វានឹងក្លាយជាវិប្បដិសារៈ ដែលជាស្រមោលអន្ទោលតាមប្រាណពេញមួយជីវិតមិនខាន។

ក្នុងឋានៈជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកមានតែការប្ដេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងជំហរហ្នឹងធឹង រិះរកគ្រប់មធ្យោបាយ ដើម្បីបម្រើប្រយោជន៍ប្រជាពលរដ្ឋ និងប្រទេសជាតិ តាមរយៈការកែទម្រង់អង្គភាព មន្ត្រីរាជការចំណុះ និងប្រព័ន្ធការងារ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ពិសេសក្រោមមាគ៌ាដឹកនាំដ៏អង់អាចស្វាហាប់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជាគំរូ៕

ដោយ៖តារា


ចែករំលែក៖