ខេត្តបន្ទាយមានជ័យ៖ ប្រជាពលរដ្ឋរស់នៅក្នុងភូមិ ២ សង្កាត់កំពុងស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមាន ជ័យប្រមាណ៣០ទៅ៤០គ្រួសារ រស់នៅក្បែរទីតាំង ផលិត ប្រហុក ផ្អកមួយកន្លែងបានចោទប្រកាន់ទៅលើម្ចាស់ទីតាំង ដែលគេស្គាល់ឈ្មោះ តាំង កំពុងបំពុលបរិស្ថានធ្ងន់ ដោយ បង្ហូរទឹកសំអុយពីការធ្វើប្រហុក ផ្អក ហូរលើថ្នល់ ហូរជ្រាបពេញវាលពាសកាល បង្កជះក្លិនស្អុយប៉ះពាល់សុខភាព និងការរស់នៅរបស់បងប្អូន។
ប្រជាពលរដ្ឋប្រាប់អ្នកយកព័ត៌មាននៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ឱ្យដឹងថា ទីតាំងផលិតប្រហុកផ្អកដែលមានម្ចាស់ឈ្មោះតាំង បានដំណើរការជាង១០ឆ្នាំមកហើយ។ ប្រជាពលរដ្ឋរស់នៅក្នុងតំបន់នោះ ក៏បានរងគ្រោះពីក្លិនស្អុយជាង១០ឆ្នាំមកហើយផងដែរ ។ គ្រួសារខ្លះមានសមាជិកក្មេងចាស់បានធ្លាក់ខ្លួនឈឺជាបណ្តើរ ។ កន្លងមកពលរដ្ឋបានស្នើសុំឱ្យអាជ្ញាធរ និងមន្រ្តីជំនាញពាក់ព័ន្ធ ជាច្រើនលើកមកហើយចុះមកជួយអន្តរាគមន៍ដោះស្រាយជូនដល់ពួកគាត់ប៉ុន្តែគេមើលឃើញថា មន្រ្តីជំនាញ និងអាជ្ញាធរហាក់បីជាគ្មាន ឆន្ទះអនុវត្តឱ្យមានប្រសិទ្ធភាពច្បាស់លាស់ជួយពលរដ្ឋពិតប្រាកដនោះទេ។ពោលគឺទីតាំងផលិតប្រហុក នោះនៅតែបន្តសកម្មភាពបង្កទុក្ខលំបាកនៃការរស់នៅប្រជាពលរដ្ឋជាដដែល។
ជុំវិញបញ្ហានេះ លោក យឹម លី ប្រធានមន្ទីរបរិស្ថាន ខេត្តបន្ទាយមានជ័យប្រាប់ឱ្យដឹងថា ខាងមន្រ្តីមន្ទីរបរិស្ថាន និងអាជ្ញាធរក្រុងសិរីសោភ័ណ បានចុះទៅត្រួតពិនិត្យ និងដោះស្រាយជូនប្រជាពលរដ្ឋនោះហើយ ។ មន្រ្តីជំនាញ និងអាជ្ញាធរ បានតម្រូវឱ្យម្ចាស់ទីតាំង ផលិតប្រហុកផ្អកកែតម្រូវបច្ចេកទេសដោយជីកអាងស្តុកទឹកសំអុយ កាកសំណល់ពីការផលិតប្រហុកឱ្យបានត្រឹមត្រូវ ។ ក្រោយមកទើបអនុញ្ញាតឱ្យបង្ហូរទឹកចូលតាមប្រព័ន្ធលូទឹកនោះវិញ។
លោកប្រាប់ឱ្យដឹងទៀតថា កិច្ចការងារនេះ មន្រ្តីបរិស្ថាន និងអាជ្ញាធរក្រុងបន្តតាមដាន ជាប្រចាំទៅលើម្ចាស់ទីតាំងផលិតប្រហុកនោះថា តើបានអនុវត្តត្រឹមត្រូវតាមការណែនាំរបស់មន្រ្តីជំនាញបរិស្ថាន និងអាជ្ញាធរក្រុងបានហើយ ឬនៅ ?៕ សំ វិច្ឆិកា