ព័ត៌មានទាន់ហេតុការណ៍៖

នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញដឹកនាំប្រតិភូកងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព លោកឧត្តមសេនីយ៍ឯក ខូវ សម្បត្តិ អតីតមេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលបានចូលសោធននិវត្តន៍

ចែករំលែក៖

ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ទី២៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំប្រតិភូកងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព លោកឧត្តមសេនីយ៍ឯក ខូវ សម្បត្តិ អតីតមេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលបានចូលសោធននិវត្តន៍។

ក្នុងនាមមេបញ្ជាការ និងក្នុងនាមគណៈប្រតិភូបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាយឧត្តមសេនីយ៍ សៅ សុខា មានសេចក្តីរន្ធត់ក្តុកក្តួលរំជួលចិត្តឥតឧបមា ដោយបានទទួលដំណឹងដ៏សែនក្រៀមក្រំអំពីការទទួលមរណភាព របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ខូវ សម្បត្តិ បានទទួលមរណភាពនៅថ្ងៃពុធ ១២កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ នៅមន្ទីរពេទ្រក្រៅប្រទេស ក្នុងជន្មាយុ៧០ឆ្នាំ ដោយរោគាពាធ ។

មរណភាពរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ខូវ សម្បត្តិ គឺជាការបាត់បង់នាយទាហានជាន់ខ្ពស់ដ៏ឆ្នើមមួយរូប ដែលមានសមត្ថភាពនិងចំណេះដឹងខ្ពង់ខ្ពស់ ប្រកបដោយគុណធម៌ សីលធម៌ គតិបណ្ឌិត ដែលបានលះបង់ស្ទើរតែពេញមួយជីវិត ដើម្បីបម្រើជាតិមាតុភូមិជាទីស្នេហារបស់យើង។ មិនតែប៉ុណ្ណោះ ឯកឧត្តម ជាស្វាមី ជាឪពុក ឪពុកក្មេក និងជាជីតាប្រកបដោយព្រហ្មវិហារធម៌ ចំពោះគ្រួសារសាច់ញាតិ។

ពេញមួយជីវិតរបស់ ឯកឧត្តម បានលះបង់កម្លាំងកាយចិត្តប្រាជ្ញាស្មារតីដើម្បីគ្រួសារកូនចៅ និងជាតិមាតុភូមិយើងរហូតដល់ជីវិតចុងក្រោយ។ ថ្វីត្បិតរូបកាយរបស់ ឯកឧត្តម ត្រូវបាត់បង់ពីលោកយើងនេះក៏ពិតមែនប៉ុន្តែកិត្តិយស កិត្តិសព្ទ គំរូវីរភាព សេចក្តីថ្លៃថ្នូរព្រមជាមួយគុណធម៌ សីលធម៌រស់នៅស្ថិតស្ថេរគង់វង្សជានិរន្តរ៍។

យើងខ្ញុំទាំងអស់គ្នា សូមចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំក្នុងមនោសញ្ចេតនា គោរពស្រឡាញ់ សោកស្តាយ ស្រណោះអាឡោះអាល័យបំផុត និងសូមលំឱនកាយវាចាចិត្ត គោរពឧទ្ទិសបួងសួងដល់បុណ្យតេជៈបារមី ព្រមទាំងវត្ថុស័ក្តិសិទ្ធក្នុងលោក សូមជួយដឹកនាំវិញ្ញាណក្ខន្ធរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ខូវ សម្បត្តិ បានទៅដល់ទីឋានបរមសុខ សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕

ដោយ ៖ សិលា


ចែករំលែក៖