ព័ត៌មានទាន់ហេតុការណ៍៖

មន្ទីរសាធារណការខេត្តបន្ទាយមានជ័យ ប្រកាសបិទចរាចរណ៍យានយន្តធុនធំលើកំណាត់ផ្លូវជាតិលេខ៥ ខណៈជំនន់កាន់តែធ្ងន់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ មន្ទីរសាធារណការ និងដឹក ជញ្ជូនខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី១ ខែ តុលា ឆ្នាំ២០២៦ បានប្រកាសបិទចរាចរណ៍យានយន្តធុនធំជាបន្ទាន់ លើកំណាត់ផ្លូវជាតិលេខ៥ ចាប់ពីគីឡូម៉ែត្រលេខ៣៤០+០០០ ដល់គីឡូម៉ែត្រលេខ ៣៦១+៨៥០ ក្នុងចន្លោះអូរស្ងួត-ផ្លូវវាងក្រុងទឹកថ្លា ដើម្បីការពារការបាក់ស្រុតផ្លូវ និងបង្ការគ្រោះថ្នាក់ចរាចរណ៍។

វិធានការនេះធ្វើឡើង ខណៈជំនន់ទឹកភ្លៀង និងទឹកជំនន់ហូរចុះពីប្រទេសថៃ បានវាយលុកតំបន់ទំនាប និងបង្កការលិចលង់ផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងសិរីសោភ័ណ និងស្រុកមង្គលបូរីកាន់តែធ្ងន់ធ្ងរ។

មន្ទីរសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា ទោះបីតំបន់ផ្នែកខាងលើ រួមមានក្រុងប៉ោយប៉ែត ស្រុកអូរជ្រៅ និងស្រុកម៉ាឡៃ ចាប់ផ្តើមមានស្ថានភាពទឹកស្រកចុះបន្តិចក្តី ប៉ុន្តែលំហូរទឹកមួយចំនួនបានហូរចុះមកតំបន់ទំនាបភាគខាងក្រោម បង្កឱ្យស្ថានភាពទឹកកាន់តែធ្ងន់ធ្ងរ។

ក្នុងស្ថានភាពនេះ ក្រុមការងារសាធារណការត្រូវបានដាក់ប្រចាំការនិងត្រួតពិនិត្យស្ថានភាពចរាចរណ៍២៤ ម៉ោងលើ២៤ម៉ោង ខណៈកម្លាំងនគរបាលក៏ត្រូវបានដាក់ពង្រាយ ដើម្បីសម្រួល និងគ្រប់គ្រងចរាចរណ៍ ព្រមទាំងបង្ការហានិភ័យផ្សេងៗដែលអាចកើតឡើង។

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត សូមអំពាវនាវដល់ក្រុមហ៊ុនដឹកជញ្ជូន និងអ្នកបើកបរយានយន្តធុនធំទាំងអស់ ឱ្យផ្អាក ឬបង្វែរទិសដៅធ្វើដំណើរជាបណ្តោះអាសន្ន រហូតដល់ស្ថានភាពទឹកជំនន់មានភាពធូរស្រាល។

ការបិទចរាចរណ៍នេះ នឹងបន្តអនុវត្តរហូតដល់ស្ថានភាពទឹកជំនន់ថមថយ និងមានការជូនដំណឹងជាថ្មី ដើម្បីធានាសុវត្ថិភាពអ្នកធ្វើដំណើរ និងសាធារណជន៕

ដោយ៖ សុខហេង


ចែករំលែក៖