ខេត្តស្វាយរៀង៖ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង រួមជាមួយថ្នាក់ដឹកនាំនិងមន្រ្តីរាជការ បាននាំយកទេយ្យទានសម្រាប់ប្រគេនព្រះសង្ឃ ចំនួន៥វត្ត ដើម្បីចូលរួមពិធីបុណ្យកាន់បិណ្ឌ (បិណ្ឌ៥) ស្ថិតនៅក្នុងឃុំថ្នាធ្នង់ ស្រុករំដួល។
ជាក់ស្តែង នាព្រឹកថ្ងៃព្រហស្បតិ៍ ៥រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦នេះ លោក ឈឹម បុរស ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង ថ្នាក់ដឹកនាំ និងមន្រ្តីរាជការបាននាំយកទេយ្យទានសម្រាប់ប្រគេនព្រះសង្ឃចំនួន៥វត្តដើម្បីចូលរួមពិធីបុណ្យកាន់បិណ្ឌ (បិណ្ឌ៥) ស្ថិតនៅក្នុងឃុំថ្នាធ្នង់ ស្រុករំដួល ខេត្តស្វាយរៀង។
ក្នុងឱកាសនោះ លោក ឈឹម បុរស ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបានអោយដឹងថា ក្នុងពិធីបុណ្យកាន់បិណ្ឌ (បិណ្ឌ៥)នេះលោកនិងក្រុមការងារបាននាំយកនូវទេយ្យទានសម្រាប់ប្រគេនព្រះសង្ឃចំនួន៥វត្ត ដោយក្នុងមួយវត្តរួមមាន បច្ច័យ ចង្ហាន់ អង្ករ២៥គីឡូក្រាម មី២កេស ទឹកសុទ្ធ២កេស ភេសជ្ជៈ២កេស និងសាដកផងដែរ។
សូមបញ្ជាក់ថា ពិធីបុណ្យភ្ជុំបិណ្ឌ គឺកើតមានតាំងពីបុរាណកាលមកម្ល៉េះ។ ប៉ុន្តែទាស់ត្រង់ថា កាលពីសម័យមុនគេមិនហៅថាបុណ្យភ្ជុំទេ ដោយនៅក្នុងពិធីនេះ គេមានបែងចែកចេញជាពីរថ្នាក់។ថ្នាក់ដំបូង គឺគេចាប់ផ្ដើមធ្វើចាប់ពីថ្ងៃ១រោច រហូតដល់ថ្ងៃ១៤រោច ជាវារកភត្ត (ភត្តធ្វើតាមថ្ងៃ) ជាបន្តបន្ទាប់។ចំណែកមួយថ្នាក់ទៀតគេធ្វើនៅថ្ងៃ ១៥រោច ដែលគេហៅថាបុណ្យភ្ជុំ។ ពិធីបុណ្យទាំងពីរថ្នាក់នេះ បច្ចុប្បន្នត្រូវបានយើងបូកបញ្ចូលគ្នា ហើយហៅកាត់ថា ពិធីបុណ្យបិណ្ឌភ្ជុំ។
កាលពីសម័យបុរាណកាល គេធ្វើពិធីបុណ្យនេះ គឺដើម្បីរៀបចំធ្វើសង្ឃភត្ត ទំនុកបម្រុងព្រះសង្ឃដែលគង់ចាំវស្សាក្នុងវត្តរយៈពេល៣ខែ ចាប់តាំងពីថ្ងៃចូលវស្សារហូតដល់ថ្ងៃចេញវស្សា។ នៅក្នុងចំណេរកាលបុរាណ13បានចារថា ដោយនៅក្នុងរដូវវស្សាមានភ្លៀងធ្លាក់ជោកជាំ រលឹមប៉ប្រិច ធ្វើឱ្យមានការលំបាកដល់ព្រះសង្ឃក្នុងពេលធ្វើគោចរ (ដើរ) បិណ្ឌបាត។ ហេតុដូច្នេះ ទើបបណ្ដាពុទ្ធបរិស័ទនាំគ្នារៀបចំពិធីនេះ ដើម្បីផ្គត់ផ្គង់ព្រះសង្ឃប្រចាំថ្ងៃរហូតដល់ថ្ងៃចេញវស្សា។
ម្យ៉ាងវិញទៀត នៅក្នុងពិធីបុណ្យនេះ គឺធ្វើឡើងដើម្បីផ្សាយឧទ្ទិសកុសលដល់ពពួកប្រេតជនញាតិ និងញាតិទាំង ៧សន្តាន ព្រមទាំងតំណញាតិច្រើនមហាកប្បនោះផងដែរ តាមរយៈអនុភាពនៃសង្ឃគតាទក្ខិណាទាន ដែលរស់រងទុក្ខវេទនា កើតជាប្រេតមានកម្មពៀរជាប់ទោសធ្ងន់ រងកម្មក្រហល់ក្រហាយអត់ឃ្លានទាំងអស់នោះ បានរួចផុតពីក្ដីលំបាកសោកសៅ៕

ដោយ៖ សុថាន
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច