ខេត្តបន្ទាយមានជ័យ៖ អាជ្ញាធរក្រុងសិរីសោភ័ណ្ឌបានឲ្យដឹងនៅថ្ងៃទី២ខែតុលានេះថា ផ្ទះឈើ១ខ្នងត្រូវបានអគ្គិភ័យឆាបឆេះបំផ្លាញស្ទើរទាំងស្រុង ខណៈទឹកជំនន់កំពុងជន់លិចផ្ទះនៅខាងក្រោម បង្កការខូចខាតទាំងផ្ទះ និងទ្រព្យសម្បត្តិ ស្របពេលម្ចាស់ផ្ទះកំពុងរវល់ទៅខ្ចីទូកអ្នកភូមិ ដើម្បីដឹកកូន និងសម្ភារចេញទៅកាន់ទីទួលមានសុវត្ថិភាព។
ហេតុការណ៍ភ្លើងឆេះនេះបានកើតឡើងកាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ នៅភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
តាមការបញ្ជាក់ពីស្ត្រីជាម្ចាស់ផ្ទះ បានឱ្យដឹងថា នៅពេលកើតហេតុ គាត់បានចេញទៅខ្ចីទូកពីអ្នកភូមិ ដើម្បីចម្លងកូន និងដឹកសម្ភារចេញពីផ្ទះទៅកាន់ទីទួលមានសុវត្ថិភាព ដោយសារទឹកជំនន់បានជន់លិចផ្ទះ និងមិនអាចរស់នៅបានទៀត។ នៅពេលនោះ គាត់បានទុកកូនឱ្យនៅចាំផ្ទះ។
ពេលត្រឡប់មកវិញ ស្រាប់តែឃើញភ្លើងកំពុងឆាបឆេះផ្ទះយ៉ាងសន្ធោសន្ធៅទៅហើយ។ អ្នកជិតខាងបាននាំគ្នាជួយពន្លត់ភ្លើង ប៉ុន្តែមិនអាចគ្រប់គ្រងបាន ដោយសារទឹកជំនន់បានលិចពាក់កណ្តាលផ្ទះរហូតដល់រនាប។
អាជ្ញាធរមូលដ្ឋានបានឱ្យដឹងថា ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះនេះ ជាប្រភេទផ្ទះឈើប្រក់ស័ង្កសី មានទទឹងប្រមាណ៤ម៉ែត្រ និងបណ្តោយ៦ម៉ែត្រ។ ផ្ទះ និងទ្រព្យសម្បត្តិផ្សេងៗដែលនៅខាងក្នុង ត្រូវបានភ្លើងបំផ្លាញស្ទើរទាំងស្រុង។ ទោះជាយ៉ាងណា មិនមានមនុស្សរងគ្រោះថ្នាក់ឡើយ ខណៈកូនដែលនៅចាំផ្ទះបានរួចផុតពីគ្រោះថ្នាក់។
មន្ត្រីនគរបាលពន្លត់អគ្គិភ័យបានឱ្យដឹងថា តាមការ ស្រាវជ្រាវជំហានដំបូង អគ្គិភ័យអាចបណ្តាលមកពី ឆ្លងចរន្តអគ្គិសនី។
បច្ចុប្បន្ន គ្រួសាររងគ្រោះដែលជាគ្រួសារក្រីក្រ ត្រូវបានអាជ្ញាធររៀបចំឱ្យទៅស្នាក់នៅវត្តតាហីជាបណ្តោះអាសន្នសិន៕

ដោយ៖ សុខហេង
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច