ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចនគរបាលខេត្តបាត់ដំបង ឃាត់ខ្លួនមុខសញ្ញា០២នាក់ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

ចែករំលែក៖

ខេត្តបាត់ដំបង៖ ជនសង្ស័យ២នាក់ត្រូវកម្លាំងនគរបាលខេត្តបាត់ដំបងធ្វើការឃាត់ខ្លួនករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។ នេះបើយោងតាមផេកផ្លូវការរបស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានបង្ហោះនៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៦នេះ។

លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង១៦:៤០នាទី ដោយអនុវត្តនូវបទបញ្ជាយ៉ាងមុឺងម៉ាត់ពីឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កម្លាំងការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដឹកនាំដោយ លោកវរសេនីយ៍ទោ ប៉ាន ចាន់រិទ្ធ នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន បានចុះប្រតិបត្តិការបង្ក្រាប នៅចំណុចភូមិព្រៃទទឹង២ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន០១ករណីក្នុងបទល្មើសជាក់ស្តែង។

ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ រី រតនា ហៅ ប៊ែល ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិព្រៃទទឹង១ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង នាំមកកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។ វត្ថុតាងចាប់យកបានរួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០១ថង់ ទម្ងន់២៣,៩៣ក្រាម, ទូរស័ព្ទដៃចំនួន០១គ្រឿង, អំពូលកែច្នៃសម្រាប់ប្រើប្រាស់ចំនួន០១, ទុយយោបឺតចំនួន០១ និងម៉ូតូចំនួន០១គ្រឿង ម៉ាក HONDA DREAM ពណ៌ខ្មៅ សេ៊រីឆ្នាំ២០១៩ ពាក់ស្លាកលេខ បាត់ដំបង 1AH-6873។

ឆ្លងតាមចម្លើយសារភាពរបស់ជនសង្ស័យខាងលើ និងដោយមានការអនុញ្ញាតពី ឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង សមត្ថកិច្ចបានបន្តកិច្ចប្រតិបត្តិការរហូតឈានដល់ចាប់ឃាត់ខ្លួនជនសង្ស័យបានម្នាក់ទៀត នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង១៧:១៥នាទី នៅចំណុចភូមិព្រៃទទឹង១ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង។ ជនសង្ស័យឈ្មោះ សល់ គឹមសួន ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិព្រៃទទឹង១ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង នាំមកកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។ វត្ថុតាងចាប់យកបានរួមមាន៖ ទូរស័ព្ទដៃចំនួន០១គ្រឿង។

បច្ចុប្បន្ន សមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យខាងលើទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីអនុវត្តបន្តតាមនីតិវិធី៕

ដោយ៖ សីហា សែនសុខ


ចែករំលែក៖