ព័ត៌មានទាន់ហេតុការណ៍៖

លោក អី ឈាន អញ្ជើញបើកបវេសនកាលឆ្នាំ២០១៦-ឆ្នាំ២០១៧នៅវិទ្យាល័យហ៊ុន សែនទេពនិមិត្ត

ចែករំលែក៖

ខេត្តប៉ៃលិន៖ លោក អី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តប៉ៃលិន បានអញ្ជើញបើកបវេសនកាលឆ្នាំ២០១៦-ឆ្នាំ២០១៧
នៅវិទ្យាល័យហ៊ុន សែនទេពនិមិត្ត និងមានការអញ្ជើញផងដែរពីកើត សុធា អភិបាលខេត្តប៉ៃលិន, អភិបាលរង, មន្ត្រីរាជការ, លោកគ្រូអ្នកគ្រូ, សិស្សានុសិស្សជាច្រើននាក់ កាលពីព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៦ ។

ពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មីនេះ មានការអញ្ជើញចូលរួមពី លោក ឡី ចាន់ឆាយ ប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិន , លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡា, លោកអភិបាល/អភិបាលរងក្រុង លោកប្រធានេ/អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរដែនដី សមត្ថកិច្ចទាំងបីស្ថាប័ន ,លោកគ្រូអ្នកគ្រូ សិស្សនុសិស្ស និងប្រជាពលរដ្ឋដែលជាមាតាបិតាសិស្ស សរុបជាង១០០០នាក់ ។

លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានឲ្យដឹងថា៖ ជារៀងរាល់ឆ្នាំខេត្តប៉ៃលិន តែងតែប្រារព្ធទិវាបវេសនកាលឆ្នាំសិក្សាថ្មី យ៉ាងអធឹកអធមក្លៀវក្លាជាទីបំផុត នេះដោយមានការចូលរួមពីអាជ្ញាធរគ្រប់ជាន់ថ្នាក់ ហើយថ្ងៃនេះជាថ្ងៃដ៏វិសេសវិសាល ដែលលោក អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តប៉ៃលិនបានអញ្ជើញជាគណៈអធិបតី ។

លោកប្រធានមន្ទីរបានបន្តថា៖ នៅឆ្នាំសិក្សាថ្មី២០១៦-២០១៧ យើងមានសិស្សថ្មីដែលទើបគ្រប់អាយុចុះឈ្មោះចូលរៀនមានប្រមាណ១៦៥៦ នាក់ ស្រី៨៩៩នាក់ ដោយមានសាលារៀនចំនួន៨៥សាលា មានថ្នាក់រៀនប្រមាណ៥០០ថ្នាក់ ,មន្ត្រីអប់រំ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូចំនួន៧៨០ នាក់ ស្រី៣៥០នាក់ ក្នុងនោះគ្រូដែលមកដល់ថ្មីចំនួន៤០នាក់ មានការផ្លាស់ចូល០៩នាក់ផងដែរ ។

លោកប្រធានមន្ទីរបានបន្តទៀតថា៖ ជាមួយគ្នានេះដែរ ខាងមន្ទីរនៅជួបការខ្វះខាត់ជាច្រើនក្នុងការផ្គត់ផ្គង់ គាំទ្រដល់ដំណើរការបង្រៀន និងរៀនដូចជាបន្ទប់រៀន សម្ភារៈបង្រៀន និងមធ្យោបាយជាច្រើនទៀតសំរាប់ដំណើរការអនុវត្ត ពង្រឹងគុណអប់រំប្រកបដោយប្រសិទ្ធភាព ដើម្បីឆ្លើយតបតាមអនុសាសន៏កំណែរទំរង់វិស័យអប់រំទាំង៨ចំណុច របស់រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ពិសេសស្របតាមផែនការយុទ្ធសាស្ត្រវិស័យអប់រំ២០១៤-២០១៨ ។

ក្នុងនោះដែរលោក កើត សុធា អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានអានសារលិខិត របស់សម្តេចតេជោ ហ៊ុន សែន ក្នុងថ្ងៃបវេសនកាលថ្មីនេះថា ជាថ្ងៃដែលមានអត្ថន័យ ដ៏ជ្រាលជ្រៅមួយសម្រាប់ វិស័យអប់រំ នៃព្រះរាជាណាចក្រកម្ពុជា និងជាការបើកទំព័រ ឆ្នាំសិក្សាថ្មីសម្រាប់សិស្ស និស្សិត ក្នុងវ័យសិក្សាកុលបុត្រ និងកុលធីតា ជាទីស្រឡាញ់របស់យើងគ្រប់គ្នា បន្តការសិក្សាទៅថ្នាក់ខ្ពស់ទៀត និងជាថ្ងៃចាប់ផ្តើម ជីវិតសិក្សាដំបូង សម្រាប់កុមារដែលទើប គ្រប់អាយុត្រូវចូលរៀន ។

ក្នុងសារលិខិតបានបន្តទៀតថា៖ ក្នុងការលើកតម្កើងវប្បធម៌ ស្រឡាញ់ការសិក្សារៀនសូត្រ ជាការរំលឹកដាស់កូនខ្មែរគ្រប់រូប ដែលជាទំពាំងស្នងឬស្សី ដើម្បីបន្តវេន អភិវឌ្ឍន៍ប្រទេសជាតិ អោយខិតខំរៀនសូត្រ សំរាប់ចិញ្ចឹមជីវិត និងអនាគតផ្ទាល់ខ្លួន ជាពិសេស អោយបានយល់ច្បាស់ថា ចំណេះវិជ្ជាគឺជាទ្រព្យ ដ៏មានតម្លៃ ចូលរួមចំណែកលើកតម្កើង កិត្យានុភាពជាតិ អោយកាន់តែខ្ពស់ត្រដែត និងចម្រើនរុងរឿង ប្រកបដោយសុខដុមរមនា ទៅអនាគត។

ក្នុងឪកាសនោះដែរលោក អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តប៉ៃលិន បានពាំនាំនូវការផ្តាំសួរសុខទក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា ដែលសម្តេចតែងតែគិតគូរពីសុខទុក្ខបងប្អូនកូនក្មួយ គ្រប់កាលៈទេសៈ ហើយជាពិសេសគឺសម្តេចមិនដែលទុកឲ្យបងប្អូនប្រជាពលរដ្ឋណាស្លាប់ដោយអត់អាហារនោះទេ ។

លោកគណៈអធិបតី ក៏បានផ្តាំផ្ញើដល់លោកគ្រូ អ្នកគ្រូ អោយខិតខំអប់រំសិស្សអោយកាន់តែល្អទៅថ្ងៃមុខទៀត ការកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ , ចំណែកសិស្សានុសិស្សវិញ ត្រូវខិតខំរៀនសូត្រអោយបានល្អ ដើម្បីរកការងារធ្វើជួយសំរាលជីវភាពឪពុកម្តាយផង និងមិនត្រូវសេពគ្រឿងញៀនទេ ។

ក្នុងពេលនោះគណៈអធិបតីក៏ចោទជាសំណួរដល់ក្មួយសិស្សានុសិស្សថា តើសត្រួវរបស់មនុស្សមានប៉ុន្មាន? ហើយលោក ក៏បានតបឆ្លើយវិញដែរថា មានពីរគឺសត្រូវគ្រោះថ្នាក់ចរាចរណ៍ និងសត្រូវគ្រឿងញៀន ដែលអាជ្ញាធរគ្រប់ជាន់ថ្នាក់ត្រូវតែទប់ស្កាត់ឲ្យបាន ដូច្នេះក្នុងនាមយើងជាសិស្សានុសិស្សធ្វើយ៉ាងណា នៅអោយឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗ ដែលខុសច្បាប់ និងសង្គមស្អប់ខ្ពើម ផងដែរ ។

ក្រោយមកគណះអធិបតីក៏បានចែកជាថវិកាជូនលោកគ្រូអ្នកគ្រូ និងសិស្សនុសិស្សក្នុងម្នាក់ៗ បានសៀវភៅ២ក្បាល, ប៉ិច២ដើម ថវិកាក្នុងម្នាក់៥០០០រៀល, លោកគ្រូ អ្នកគ្រូ បានទទួលថវិកា
២ម៉ឺនរៀលផងដែរ ៕ ស សារ៉េត

 

1 2 3 5 6 7 8 9 88

 


ចែករំលែក៖