ភ្នំពេញ៖ លោក ខេស៊ី បាណេន អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា សម្តែងការសោកស្តាយ ចំពោះព្រឹត្តិការណ៍កីឡាស៊ីហ្គេម នៅប្រទេសម៉ាឡេស៊ីឆ្នាំ២០១៧ ដែលគ្មានវត្តមានកីឡាចំបាប់។ លោកលើកឡើងបែបនេះ ក្រោយបញ្ចប់ការប្រកួតកីឡាចំបាប់ ក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី១ កាលពីល្ងាចថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៦ ។
លោក ខេស៊ី បាណេន មានប្រសាសន៍ថា ខ្ញុំសង្ឃឹម និងជឿជាក់ចំពោះកីឡាករ កីឡាការិនី ចំបាប់កម្ពុជាអាចដណ្តើមយកមេដាយពីព្រឹត្តិការណ៍កីឡាស៊ីហ្គេមកាន់តែបានច្រើនជាងមុន តាមរយៈការប្រកួតកីឡាជាតិលើកទី១នេះ យើងមានកីឡាករកីឡាការិនីវ័យក្មេង ដែលមានទេព្យកោសលច្រើន។
លោកបញ្ជាក់ថា ឆ្លងតាមកាកករប្រកួតដោយភាពសុក្រឹត្យ និងយុត្តិធម៌ ពីសំណាក់លោកច្រៅក្រម អាជ្ញាកណ្តាលដាក់ពិន្ទុក្នុងព្រឹត្តិការណ៍នេះ យើងអាចនិយាយបានថា ចំបាប់ពិតជាមានការរីកចម្រើនខ្លាំងមែនមួយរយៈពេលចុងក្រោយនេះ មិនតែប៉ុណ្ណោះ សមត្ថភាព មន្ត្រីបច្ចេកទេស ក៏មានលក្ខណៈល្អប្រសើជាងមុនដែរ ។ ជាមួយលទ្ធផលដ៏ប្រសើរនេះ លោក ខេស៊ី បានសម្តែងការសោកស្តាយចំពោះកីឡាករ កីឡាការិនី ចំបាប់កម្ពុជា ក៏ដូចកីឡាករ កីឡាការិនីចំបាប់ប្រទេសដទៃទៀត មិនត្រូវបានដាក់បញ្ចូលក្នុងព្រឹតិ្តការណ៍ប្រកួតកីឡាស៊ីហ្គេម នៅប្រទេសម៉ាឡេស៊ី ឆ្នាំ២០១៧ ខាងមុខនេះឡើយ ដោយសារតែម្ចាស់ផ្ទះ ម៉ាឡេស៊ី កីឡាចំបាប់របស់ខ្លួនមានលក្ខណៈអន់ខ្សោយពេក ។
ប៉ុន្តែលោកសង្ឃឹមថា នៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០១៩ ចំបាប់កម្ពុជាអាចនឹងបានចូលរួមក្នុងព្រឹត្តិការណ៍ថ្នាក់តំបន់ដ៏ធំនេះ ។
គួរបញ្ជាក់ថា ការប្រកួតកីឡាចំបាប់ក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី១ កីឡាករកីឡាការិនី មកពីខេត្តពោធិ៍សាត់ ដណ្តើមបានមេដាយមាសចំនួន ៥គ្រឿង មេដាយប្រាក់១គ្រឿង និងមេដាយសំរឹទ្ធិចំនួន៥គ្រឿង ។ ខេត្តកណ្តាលដណ្តើមបានមេដាយ ៤គ្រឿង មេដាយប្រាក់ ២ គ្រឿង និងមេដាយសំរឹទ្ធិចំនួន៨គ្រឿង ។ រាជធានីភ្នំពេញ ដណ្តើមមេដាយមាសចំនួន៣គ្រឿង មេដាយប្រាក់៦គ្រឿង មេដាយសំរឹទ្ធិចំនួន៦គ្រឿង ។ ខេត្តព្រៃវែងដណ្តើមបានមេដាយមាសចំនួន ៣គ្រឿង មេដាយប្រាក់ចំនួន៥គ្រឿង និងមេដាយសំរឹទ្ធិចំនួន៧គ្រឿង និងខេត្តកំពង់ឆ្នាំង ដណ្តើមបានមេដាយមាសចំនួន១គ្រឿង មេដាយប្រាក់ចំនួន២គ្រឿង និងមេដាយសំរឹទ្ធិចំនួន៧គ្រឿង៕ សារីម