ព័ត៌មានទាន់ហេតុការណ៍៖

អាន់ដា ត្រៀមសម្រុកស្នាដៃថ្មីទោះផុតកុងត្រា

ចែករំលែក៖

ភ្នំពេញ៖ តារាចម្រៀងប្រចាំផលិតកម្ម KH លោក អាន់ដា នៅតែបន្តជ្រកក្រោមដំបូលផលិតកម្មនេះ បើទោះបីជាមិនមានស្នាដៃលេចធ្លោច្រើនអាចអង្រួនបេះដូងយុវវ័យដូចមុនច្រើនក៏ដោយ ។ តារាចម្រៀងរូបនេះ បានត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមប្រឡូកក្នុងការងារថ្មីៗបន្តទៀត ពិសេសការងារសម្តែង និង ពិធីករ ។

ចំណាយពេលប្រមាណជិតមួយទសវត្សរិ៍ជាមួយផលិតកម្ម KH អាន់ដា ត្រូវបានគេស្គាល់ច្រើនជាមួយនឹងស្នាដៃបទចម្រៀង និងការចេញទៅបង្ហាញខ្លួនលើឆាកតន្ត្រីជាលក្ខណៈអន្តរជាតិជាញឹកញាប់ ។ ពេលនេះស្នាដៃបទចម្រៀងរបស់លោកទទួលបានការចាប់អារម្មណ៍ជាថ្មីគឺបទ ស្រលាញ់អូនលើសហើយ ដែលត្រូវបានយកមកដាក់បញ្ចូលក្នុងខ្សែភាពយន្តភាគថៃរឿង ស្វាមីក្លែងក្លាយ ។

តារាចម្រៀងវ័យ២៧ឆ្នាំរូបនេះ បញ្ជាក់ថា លោកពិតជាបញ្ចប់កិច្ចសន្យាជាមួយផលិតកម្ម KHនៅឆ្នាំនេះមែន ប៉ុន្តែលោកនៅតែមិនមានគម្រោងចាកចេញពីផលិតកម្មនេះនៅឡើយ។ ទោះបីជាចប់កុងត្រាជាមួយផលិតកម្ម ប៉ុន្តែនៅមានការងារជាច្រើនដែលលោកត្រូវជួយផលិតកម្មនេះ ទាំងការច្រៀង និងជាអ្នកកាត់តផ្នែកសំឡេងនៅផលិតកម្មនេះ ។

លោកបញ្ជាក់ដែរថា ក្រៅពីការងារជាអ្នកកាត់តលោក ក៏នឹងចូលរួមសម្តែងក្នុងខ្សែភាពយន្តមួយរបស់ផលិតកម្មនេះក្នុងពេលដ៏ខ្លីខាងមុខ។ ខ្សែភាពយន្តនេះ លោកនៅមិនទាន់ដឹងអំពីចំណងជើង និងជាប្រភេទរឿងអ្វីច្បាស់នៅឡើយ ហើយនេះ ជាលើកដំបូងដែលលោកទទួលបានឱកាសសម្តែងក្នុងខ្សែភាពយន្ត ដែលោកនឹងប្រឹងប្រែងឲ្យអស់ពីលទ្ធភាព ។

លោកបញ្ជាក់ថា ស្នាដៃបទចម្រៀងរបស់លោកហាក់មិនមានសន្ទុះខ្លាំង ព្រោះតែទីផ្សារបទចម្រៀងបច្ចុប្បន្នមានភាពតឹងចង្អៀតខ្លាំង ។ តារារូបនេះលើកឡើងដែរថា ដើម្បីបង្កើនការគាំទ្រជាថ្មីលោកក៏ត្រៀមខ្លួនបន្តការងារជាពិធីករថ្មីក្នុងកម្មវិធីសិល្បៈមួយនៅចុងឆ្នាំនេះផងដែរ។

តារាចម្រៀងដែលធ្លាប់បង្ហាញមុខក្នុងវេទិកាតន្រ្តីអាស៊ានរូបនេះ លើកឡើងដែរថា លោកនៅតែមិនអស់សង្ឃឹម និងបោះបង់ការតស៊ូចោលនោះទេ ព្រោះតែលោកប្រឹងប្រែងសន្សំតាំងពីយូរណាស់មកហើយ។ លោកក៏រំពឹងដែរថា ស្នាដៃសិល្បៈថ្មីៗ ដែលលោកបង្ហាញនៅចុងឆ្នាំ២០១៦ និងដើមឆ្នាំក្រោយនឹងជួយពង្រឹងមុខមាត់លោកក្នុងចង្កោមសិល្បៈ ហើយលោកក៏រំពឹងដែរថា ទស្សនិកជននឹងជួយគ្រាំទ្រផ្តល់កម្លាំងចិត្តដល់លោកផងដែរ ៕ វឌ្ឍនា

awed-1 awed


ចែករំលែក៖