ព័ត៌មានទាន់ហេតុការណ៍៖

តារាល្បីៗត្រៀមប្រមូលលុយខ្ទង់ម៉ឺនដុល្លារក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ

ចែករំលែក៖

ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រគំតន្ត្រីរបស់បណ្តាក្រុមហ៊ុនធំៗ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ ឆ្នាំនេះ នឹងក្លាយជាឱកាសកើបប្រាក់ចំណូលយ៉ាងច្រើនសន្ធឹកសន្ធាប់ សម្រាប់សិល្បករ ពិសេសផ្នែកតារាចម្រៀង ។

តាមការបញ្ជាក់ពីអ្នកផលិតកម្មវិធី និងសិល្បករជាច្រើន សុទ្ធតែអះអាងថា តារាចម្រៀងល្បីៗ នឹងមានឱកាសរកលុយបានពីការច្រៀងមិនតិចទេ ដែលអ្នកខ្លះអាចឈានដល់ជាងម៉ឺនដុល្លារ ។

ប្រជាពលរដ្ឋទូទៅត្រេកអរ និងសាទរចំពោះការប្រារព្វព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ ។

សិល្បករ ក៏បានអបអរសាទរ ក៏ព្រោះតែពួកគេអាចរកបានប្រាក់ចំណូលយ៉ាងច្រើនក្រាស់ក្រែល ពីកម្មវិធីប្រគំតន្ត្រីរបស់បណ្តាក្រុមហ៊ុននានា ពិសេសក្រុមហ៊ុនផលិតស្រាបៀរ ។

តារាចម្រៀងល្បីឈ្មោះប្រចាំផលិតកម្មសាន់ដេ លោក ឆាយ វីរៈយុទ្ធ បានបង្ហាញក្ដីរីករាយជាខ្លាំង បន្ទាប់ពីរាជរដ្ឋាភិបាលប្រកាសរៀបចំព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែឡើងវិញ។ ទាំងនេះបានធ្វើឱ្យការងារសិល្បៈរបស់លោក រួមទាំងតារាផ្សេងទៀតមានការងារធ្វើ និងអាចរកចំណូលបានមួយកម្រិតទៀត ។

លោកបានឱ្យដឹងថា មកទល់នឹងពេលនេះលោក ក៏មានក្រុមហ៊ុនមួយចំនួនកក់រួចរាល់អស់ហើយដែររយៈពេលបីថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូកនេះ ។

លោកមិនបង្ហើបពីតម្លៃខ្លួនដែលទទួលបានរយៈពេលបីថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូកខាងមុខឡើយ ក៏ប៉ុន្តែបើតាមទីផ្សារបច្ចុប្បន្នក្នុងមួយកម្មវិធី តារារូបនេះបានកម្រៃចន្លោះពី ២០០០ដុល្លារទៅ ២៥០០ដុល្លារ ។ ដូច្នេះរយៈពេលបីថ្ងៃ លោកអាចនឹងរកចំណូលបានមិនក្រោមមួយម៉ឺនដុល្លារសហរដ្ឋអាមេរិកនោះទេ ។

ងាកមកតារាចម្រៀង មាស សុខសោភា វិញ បានប្រាប់ថា រយៈពេលបីថ្ងៃ គឺមានគេកក់ពេញទាំងអស់មកទល់នឹងថ្ងៃនេះ ។ តែតារាចម្រៀងរូបនេះ មិនបង្ហើបពីតម្លៃខ្លួនដូចគ្នា តែតារារូបនេះប្រាប់ថា អាចច្រៀង ៣ទៅ៤កម្មវិធីក្នុងមួយថ្ងៃ ។ ដូច្នេះ គេជឿជាក់ថា កញ្ញាក៏រកចំណូលមិនក្រោមមួយម៉ឺនដុល្លារនោះឡើយក្នុងរយៈពេលបីថ្ងៃនៃព្រះរាជពិធីបុណ្យនោះ ព្រោះនាងគឺជាតារាឈានមុខម្នាក់ និងមានតម្លៃខ្លួនចន្លោះពី ២០០០ដុល្លារ ទៅ ២៥០០ដុល្លារសម្រាប់ការច្រៀងក្នុងមួយកម្មវិធី ។

តារាពហុជំនាញ អ្នកនាងខាត់ សុឃីម ដែលមិនដែលអវត្តមានសោះក្នុងឱកាសខាងលើ បានបញ្ជាក់ថា នាងពិតជាមានក្ដីសប្បាយរីករាយចំពោះព្រះរាជពិធីបុណ្យអុំទូកដែលប្រារព្ធធ្វើឆ្នាំនេះ។ ក្នុងនោះ តារាៗអាចរកចំណូលមិនក្រោមមួយម៉ឺនដុល្លារក្នុងម្នាក់តាមប្រជាប្រិយភាពរៀងៗខ្លួន។ នាងថា សិល្បការិនីចំណេញច្រើនណាស់ ព្រោះពួកគេអាចរកចំណូលបានច្រើនពីកម្មវិធីរយៈពេល៣ថ្ងៃ ។ តារាចម្រៀងរូបនេះបន្តថា ការទទួលបានផលកម្រៃច្រើន ឬតិច អាស្រ័យទៅតាមការអញ្ចើញឲ្យច្រៀង និងសម្ដែងពីម្ចាស់ក្រុមហ៊ុន និងស្ថានីយទូរទស្សន៍ រួមទាំងប្រជាប្រិយភាពរបស់ពួកគេរៀងខ្លួនៗ ។

អ្នកនាងអះអាងថា មកទល់នឹងពេលនេះអ្នកនាងត្រូវក្រុមហ៊ុនជាច្រើនកក់រួចរាល់ហើយ ដើម្បីទៅសម្ដែងក្នុងកម្មវិធីរបស់គេនាថ្ងៃព្រះរាជពិធីអុំទូកខាងមុខ ។

គួរបញ្ជាក់ដែរថា ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ ធ្លាប់ខកខាន៣ឆ្នាំមកហើយ ពោលគឺ នៅឆ្នាំ២០១២ ដោយសារអតីតព្រះមហាក្សត្រខ្មែរសម្ដេចព្រះបរមរតនកោដ្ឋសោយទិវង្គត នៅឆ្នាំ២០១៣ ទឹកបានឡើងជន់ប្រៀបខ្លាំង ដោយឡែកនៅឆ្នាំ២០១៥ ក៏បានផ្អាកម្ដងទៀត ដោយសារសម្ពាធទឹកឡើងខ្លាំងពេក ។

ព្រះរាជពិធីនេះនឹងចាប់ផ្តើមប្រារព្វជាថ្មីនៅឆ្នាំនេះ ដែលនឹងចាប់ផ្ដើមនៅថ្ងៃទី ១៣ ,១៤ និង១៥ ខែវិច្ឆិកាខាងមុខ ៕ វឌ្ឍនា

img_8969 img_0468 img_0676 img_2546 img_3509 img_3529


ចែករំលែក៖