ភ្នំពេញ៖ បុរសម្នាក់ដែលជាអ្នកបើកបររថយន្ត Toyota Prius ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវ អញ្ជើញមកបំភ្លឺពាក់ព័ន្ធនឹងករណីប្រើហិង្សាលើក្មេងប្រុស ២នាក់ ដែលជិះម៉ូតូបង្ហោះនៅលើដងផ្លូវសាធារណៈ។ ក្រោយសាកសួរ និងពិភាក្សាជាមួយព្រះរាជអាជ្ញារង សមត្ថកិច្ចបានធ្វើកិច្ចសន្យាអប់រំឱ្យបុរសរូបនេះបញ្ឈប់ការប្រើហិង្សា មុនអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ។
យោងតាមព័ត៌មានពីសមត្ថកិច្ច ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ០០:៣០នាទី ឈានចូលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ នៅចំណុចផ្លូវលេខ១០០៣ ភូមិគង្គាផុស សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
មុនពេលកើតហេតុ បុរសខាងលើបានបើករថយន្ត Toyota Prius តែម្នាក់ឯង ចេញពីទិញម្ហូបនៅរង្វង់មូលកាំកូ ឆ្ពោះទៅតំបន់ហ្គ្រេនភ្នំពេញ តាមបណ្តោយផ្លូវលេខ១០០៣។ ពេលធ្វើដំណើរ ស្រាប់តែមានក្រុមក្មេងមួយក្រុមជិះម៉ូតូប្រហែល ៤ទៅ៥គ្រឿង ក្នុងនោះមានម៉ូតូមួយគ្រឿងម៉ាក Honda C125 ជិះគ្នា ២នាក់ បានបង្ហោះម៉ូតូនៅខាងមុខរថយន្ត ហើយចាប់ហ្វ្រាំងភ្លាមៗ ធ្វើឱ្យរថយន្តស្ទើរតែបុកម៉ូតូនោះ។
ក្រោយមក អ្នកបើកបររថយន្តបានខឹង និងបើកដេញតាមម៉ូតូដែលបង្ហោះនោះ រហូតដល់ចំណុចកើតហេតុ។ បន្ទាប់មក បុរសរូបនេះបានចុះពីរថយន្ត និងប្រើហិង្សាវាយលើក្មេងប្រុសទាំង ២នាក់ ដែលមិនទាន់ស្គាល់អត្តសញ្ញាណ រួចក៏បែកផ្លូវគ្នាទៅរៀងៗខ្លួន។
ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវ រហូតរកឃើញបុរសជាអ្នកបើកបររថយន្តនៅវេលាម៉ោង ១៥:៣០នាទី ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ និងបានអញ្ជើញរូបគាត់មកបំភ្លឺនៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ។
បន្ទាប់ពីសាកសួររួច ដោយពិចារណាថា ករណីនេះត្រូវបានចាត់ទុកថាជាអំពើហិង្សាកម្រិតស្រាល មិនបង្កឱ្យមានរបួសស្នាម និងមានមូលហេតុពាក់ព័ន្ធនឹងការបង្ហោះម៉ូតូដែលអាចបង្កហានិភ័យដល់រថយន្ត សមត្ថកិច្ចបានសុំគោលការណ៍ពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់វិធានការតាមនីតិវិធី។ ជាលទ្ធផល សមត្ថកិច្ចបានធ្វើកិច្ចសន្យាអប់រំបុរសរូបនេះឱ្យបញ្ឈប់ការប្រើហិង្សាបែបនេះតទៅទៀត និងអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ។
ដោយឡែក ចំពោះក្រុមក្មេងដែលជិះម៉ូតូបង្ហោះ សមត្ថកិច្ចកំពុងបន្តស្រាវជ្រាវ ដើម្បីចាត់វិធានការតាមជំនាញ និងនីតិវិធីច្បាប់។
សមត្ថកិច្ចក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់ដងផ្លូវទាំងអស់ គោរពច្បាប់ចរាចរណ៍ និងជៀសវាងការបង្ហោះម៉ូតូនៅលើដងផ្លូវសាធារណៈ ព្រោះទង្វើនេះអាចបង្កគ្រោះថ្នាក់ដល់ខ្លួនឯង និងអ្នកដទៃ ព្រមទាំងប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈផងដែរ៕

ដោយ៖សុរិយា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច