ព័ត៌មានទាន់ហេតុការណ៍៖

បទ «ផ្កាយព្រឹក»របស់ម៉ៃ សុគន្ធ រងការរិះគន់ថា ថតដូចរឿងអាសអាភាស

ចែករំលែក៖

ភ្នំពេញ៖ ទើបនឹងស្ងប់ស្ងាត់ការរិះគន់ មិនបានប៉ុន្មានផងតារាចម្រៀង លោក ម៉ៃ សុគន្ធបានបង្កើតឲ្យមានការរិះគន់ជាថ្មីជាមួយនឹងបទចម្រៀងមរតកដើមមួយបទគឺបទ”ផ្កាយព្រឹក”។ រិះគន់ព្រោះតែបទចម្រៀងនេះត្រូវបានថតជាថ្មីជាមួយនឹងការលើកឡើងថាថតដូចរឿងអាសអាភាសដែលមានតួស្រីប្រុសសម្តែងគ្មានសម្លៀកបំពាក់នោះ។

ក្នុងឈុតឆាកចម្រៀងកាយវិការថ្មីដែលតារាចម្រៀងម៉ៃ សុគន្ធលើកយកមកច្រៀងគឺត្រូវបានកាត់មកនៅត្រឹមតែជិត២នាទីនៅក្នុងផលិតកម្ម Zoom។ ក្នុងការសម្តែង ជាថ្មីនេះត្រូវបានសម្តែងដោយតារាសម្តែង កញ្ញ្ញា អ៊ុន អាលីហ្សា និងតារាសម្តែងប្រុស ថ្មីម្នាក់។ អ្វីដែលគេចាប់អារម្មណ៍គឺមានឈុតឆាកមួយចំនួនដែលតួឯកស្រីនិងប្រុសប្រលែងខ្លួនក្នុងបន្ទប់ទឹកដែលគេមើលទៅហាក់មិនសូវជាឆ្លុះបញ្ចាំងពីតថភាពដែលស្តែងចេញពីបទម្រៀងនេះទេ។ ផ្ទុយទៅ វិញវាត្រូវបានអ្នកទស្សនាមួយចំនួនរិះគន់ថាជាការផលិតបែបស្រាលអាសអាភាសទៅវិញ។

នៅមិនទាន់អាចស្វែងរកការបញ្ជាក់ណាសមួយពីតារាចម្រៀង ម៉ៃ សុគន្ធ បាន នៅឡើយទេ ប៉ុន្តែតាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកដែលលោកបញ្ជាក់ជាមួយនឹងស្នាដៃថ្មីនេះលោកប្រាប់ថា គឺជាMV បែបថ្មី ហើយស្នើឲ្យទស្សនិកជនមេត្តាជួយគាំទ្រផង។

អ្នករិះគន់ម្នាក់ចោទជាសំណួរថាហេតុអ្វីក៏យកបទចម្រៀងដែលជាមរតកដើម មកផលិតជាMVដែលមិនសមរម្យប្រាសចាកពីក្រមសីលធម៌ខ្មែរទៅវិញ។ អ្នករិះ គន់ដដែលលើកឡើងថាជាបទចម្រៀងរបស់វីរៈសិល្បករខ្មែរ គួរតែផ្តល់តម្លៃ និងលើក តម្កើននិងអភិរក្សដែលមិនត្រូវយកមក បន្ទាបតម្លៃដោយសិល្បករជំនាន់ក្រោយនោះទេ។ ក្រៅពីការរិះគន់ប្រភពខាងលើកក៏ស្នើឲ្យក្រសួងមានការត្រួតពិនិតជាថ្មីជុំវិញការផលិតបទចម្រៀងដែលជាមរតកដើម ពិសេសគឺការត្រួតពិនិត្យរូបភាពនៃការ សម្តែងឡើងវិញជៀសវាងការបំផ្លិចបំផ្លាញស្នាដៃសិល្បករជំនាន់មុន។

ក្រៅពីអ្នករិះគន់ជាច្រើនគេសង្កេតឃើញតារាចម្រៀងស្រីអ្នកនាង យុង ច័ន្ទកណ្ណិកា ក៏ចេញសារិះគន់មួយឃ្លាស្រដៀងគ្នានឹងការរិះគន់ជាច្រើនដែរថា”ម៉េចបានយកទៅ ថតដូចរឿងអាសអាភាសទៅវិញ”។

គួរបញ្ជាក់ដែរថា តារាចម្រៀង ម៉ៃ សុគន្ធ ធ្លាប់ទទួលបានការរិះគន់ខ្លាំងម្តងរួចមកហើយក្រោយពីតារាចម្រៀងរូបនេះបានលួចចម្លងបទចម្រៀងដ៏ល្បីរបស់ថៃមកច្រៀងបូករួមទាំងការសម្តែងបទចម្រៀងបែបបែកស្លុយគឺបទ”ស្ទាវសម័យ4G”។ គេនៅមិនទាន់ដឹងនៅឡើយទេថា តើបទ ចម្រៀងបរតកដើមដែលតារាចម្រៀងរូបនេះលើកយកមកច្រៀង និងសម្តែងជាថ្មីនេះនឹងត្រូវរងចំណាត់ការយ៉ាងដូចម្តេចពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈយ៉ាងណានៅឡើយ ខណៈដែលថ្មីៗនេះក្រសួងធ្លាប់បានធ្វើការកោះហៅបណ្តាផលិតករសិល្បករមួយចំនួនឲ្យព្យាយាមគោរពក្រមសីលធម៌ក្នុងនាមជាអ្នកសិល្បៈនោះ៕ វឌ្ឍនា


ចែករំលែក៖