ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងបរិស្ថានបើកទំព័រប្រវត្តិសាស្រ្តថ្មីលើការងារគ្រប់គ្រងបរិស្ថាន

ចែករំលែក៖

ភ្នំពេញ ៖ យើងកំពុងតែបើកទំព័រប្រវត្តិសាស្ត្រថ្មីលើការងារគ្រប់គ្រងធនធានធម្មជាតិ និង អភិរក្សជីវៈចម្រុះនៅកម្ពុជា តាមរយៈការបង្កើតរបៀងអភិរក្សជីវៈចម្រុះសម្រាប់ប្រព័ន្ធតំបន់ការពារធម្មជាតិ»។ នេះគឺជាការថ្លែងរបស់លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ក្នុង

ឱកាសបើកសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី«ការបង្កើតរបៀងអភិរក្សជីវៈចម្រុះសម្រាប់ប្រព័ន្ធតំបន់ការពារធម្មជាតិ» ដោយមានការចូលរួមពីសំណាក់តំណាងក្រសួង ស្ថាប័ន គណៈអភិបាលខេត្ត មន្ទីរបរិស្ថាន នាយកតំបន់ការពារធម្មជាតិ មន្ត្រីជំនាញ គ្រឹះស្ថានឧត្តមសិក្សា អង្គការមិនមែនរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ សហគមន៍ និងវិស័យឯកជន សរុបចំនួន ២១៦នាក់។

សិក្ខាសាលាថ្ងៃនេះ ត្រូវបានរៀបចំឡើងក្រោមគំនិតផ្តួចផ្តើមរបស់ក្រសួងបរិស្ថាន ក្នុងគោលបំណងពិនិត្យពិភាក្សា ប្រមូលផ្តុំមតិយោបល់ និងសម្រេចលើសំណើបង្កើតរបៀងអភិរក្សជីវៈចម្រុះ ដើម្បីធានាសុវត្ថិភាពប្រព័ន្ធអេកូឡូស៊ីនៅក្នុងតំបន់ការពារធម្មជាតិ តាមរយៈការតភ្ជាប់តំបន់ការពារទាំងអស់ជាលក្ខណៈរបៀងអភិរក្សជីវៈចម្រុះ ស្របតាមមុខងារ និងសេវាកម្មនៃប្រព័ន្ធអេកូឡូស៊ី សំដៅឆ្លើយតបនឹងកំណែទម្រង់លើវិស័យបរិស្ថាន និងធនធានធម្មជាតិនៅកម្ពុជា។

លោករដ្ឋមន្រ្តីបានសង្កត់ធ្ងន់លើភាពចាំបាច់ និងសារៈប្រយោជន៍នៃការរៀបចំក្រមបរិស្ថាន ការពង្រឹងប្រសិទ្ធភាពការងារគ្រប់គ្រងតំបន់ការពារនិងអភិរក្សធម្មជាតិ និងការបង្កើតរបៀងអភិរក្សជីវៈចម្រុះ ដោយតភ្ជាប់តំបន់ការពារធម្មជាតិទាំង៤៥តំបន់ ឱ្យទៅជាតំបន់របៀងអភិរក្សចំនួន៥ ដែលរួមមាន៖ ១. របៀងអភិរក្សជីវៈចម្រុះខាងត្បូងបឹងទន្លេសាប ២. របៀងអភិរក្សជីវៈចម្រុះខាងជើងបឹងទន្លេសាប ៣. របៀងអភិរក្សជីវៈចម្រុះខាងកើតទន្លេមេគង្គ ៤. តំបន់ឧទ្យានសមុទ្រនិងកោះ និង ៥. តំបន់បឹងទន្លេសាបនិងទន្លេមេគង្គ។

លោករដ្ឋមន្រ្តី ក៏បានស្នើឱ្យអង្គសិក្ខាសាលាទាំងមូលពិនិត្យផ្តល់យោបល់ ដើម្បីឱ្យសំណើបង្កើតរបៀងខាងលើទទួលបានការចូលរួមពីគ្រប់មជ្ឈដ្ឋាន ជាពិសេសការចូលរួមពីសហគមន៍មូលដ្ឋាន ដែលឆ្លុះឱ្យឃើញនូវការអនុវត្តប្រជាធិបតេយ្យតាមបែបវិមជ្ឈការនៅថ្នាក់ក្រោមជាតិ។ លោក សាយ សំអាល់ បានគូសបញ្ជាក់ថា៖ «ព្រឹត្តិការណ៍ថ្ងៃនេះឆ្លុះឱ្យឃើញនូវការរៀបចំឡើងវិញនូវរបៀបរបបដឹកនាំ និងការគ្រប់គ្រងលើវិស័យបរិស្ថាន និងធនធានធម្មជាតិ និងជាការដាស់តឿនកែប្រែផ្នត់គំនិតនិងឥរិយាបថពាក់ព័ន្ធនឹងការគ្រប់គ្រងរបស់ស្ថាប័នមានសមត្ថកិច្ច និងការចូលរួមពីគ្រប់មជ្ឈដ្ឋាន» ៕ ហេង សូរិយា

nkw-3

nkw-2 nkw-1


ចែករំលែក៖