មហាសេដ្ឋី Farhad Moshiriដែលជាម្ចាស់ក្លិបEvertonបានសន្យាថានឹងជួយគាំទ្រដល់អ្នកចាត់ការទូទៅលោក Koemanដើម្បីទិញកីឡាករបន្ថែមយកមកពង្រឹងក្លិបក្នុងខែមករាខាងមុខ ហើយថែមទាំងជំរុញ ឲ្យគម្រោងសាងសង់កីឡដ្ឋានថ្មីកាន់តែឆាប់ហើយ។
លោកFarhad Moshiriបានថ្លែងប្រាប់សារព័ត៌មានtalkSPORTថា “ខ្ញុំគ្មានការកំណត់ទឹកប្រាក់ ដើម្បីចាយនោះទេ។ អ្នកចាត់ការទូទៅមានការតាំងចិត្តខ្ពស់ណាស់ប្រសិនបើកីឡាករណាមិនអាច ធ្វើដូចគម្រោងការនោះយើងនឹងប្រើប្រាស់កីឡាករផ្សេងទៀត។ ការងាររបស់ម្ចាស់ក្លិបនិងប្រធានក្លិប គឺទិញ និងបណ្តេញអ្នកចាត់ការទូទៅ ហើយអ្នកដទៃទៀតគឺនៅក្រោយអ្នកចាត់ការទូទៅ។ ពេលយើង ជួលគាត់មកធ្វើការគឺយើងគាំទ្រគាត់ហើយ គាត់មានសមត្ថភាព ហើយយើងទុកចិត្តគាត់។”
មហាសេដ្ឋីសញ្ជាតិអង់គ្លេសកាត់អៀរឡង់Farhad Moshiriបានថ្លែងបន្តទៀតថា “ដើម្បីប្រកួត ប្រជែងជាមួយនឹងក្លិបដទៃទៀតនៅក្នុងតំបន់ ក្លិបEvertonត្រូវតែមានតារាល្បីៗ។ ហេតុដូចនេះ ហើយយើងបានជួលលោកKoemanដែលធ្លាប់ឈ្នះពានរង្វាន់Champions League២សម័យកាលពីនៅ ជាកីឡាករ។ ដើម្បីឲ្យក្លិបយើងប្រកួតប្រជែងជាមួយនឹងក្លិបដែលដឹកនាំដោយ(Pep) Guardiola, (Jose) Mourinho, (Juergen) Kloppនៅអង់គ្លេសដូចគ្នា យើងត្រូវការលោកKoeman”។
លោកFarhad Moshiriក៏បានបញ្ជាក់ចំពោះអ្នកគាំទ្ររបស់ក្លិបEvertonថាពួកគេនឹងមាន កីឡដ្ឋានថ្មីដើម្បីតបស្នងនឹងការស្មោះស្ម័គ្រគាំទ្ររបស់ពួកគេ។ ក្លិបEvertonលេងនៅក្នុងកីឡដ្ឋាន Goodison Parkចាប់ពីឆ្នាំ១៨៩២មកម្ល៉េះ ៕