ព័ត៌មានទាន់ហេតុការណ៍៖

កិច្ចប្រជុំរវាងតុលាការនឹងនគរបាលយុត្តិធម៌ដើម្បីរកដំណោះស្រាយបញ្ហាប្រឈមទៅលើការអនុវត្តច្បាប់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ កិច្ចប្រជុំរវាងតុលាការនិងនគរបាលយុត្តិធម៌ត្រូវបានរៀបចំធ្វើឡើងដើម្បីរកដំណោះស្រាយទៅលើបញ្ហាប្រឈមនូវការវិវាទដាក់គ្នាសម្រាប់ការអនុវត្តច្បាប់។គ្រាដែលការអនុវត្តច្បាប់កន្លងមកត្រូវគេមើលឃើញថារវាងតុលាការនិងនគរបាលយុត្តិធម៌ កើតមានបញ្ហាមួយចំនួនមិនទាន់អនុវត្តស៊ីសង្វាក់គ្នាឱ្យបានល្អនៅឡើយនោះទេ។

កិច្ចប្រជុំបានធ្វើឡើងកាលពីព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ប្រព្រឹត្តទៅក្រោមអធិបតី ភាព លោក ជឺ សុខ ប្រធានសាលាដំបូងខេត្ត និង លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដមបូងខេត្តបន្ទាយមានជ័យ ។ ក្នុងនោះក៏មានការអញ្ជើញចូលរួមពីលោកឧត្តមសេនីយ៍ ទោ អាត់ ខែម ស្នងការនគរបាលខេត្ត លោក ឱ បូរិន្ទ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និង លោកចៅក្រម លោកព្រះរាជអាជ្ញារង និងមន្រ្តីនគរបាលយុត្តិធម៌ មកពីស្នងការដ្ឋាននគរបាលខេត្តបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ពន្ធនាគារខេត្ត មន្រ្តីគយ ពន្ធដារ សរុបចំនួន៦៩នាក់បានចូលរួមផងដែរ។

ជុំវិញនៃកិច្ចប្រជុំខាងលើ លោក សុក កែវបណ្ឌិត ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តនិងជាអ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងខេត្ត ក៏បានប្រាប់អ្នកយកព័ត៌មានយើងឱ្យដឹងថា កិច្ចប្រជុំនោះមានការដោះស្រាយបានបញ្ហាបានមួយចំនួនធំដូចជាការឃាត់ខ្លួន ការឆែកឆេរ ការដោះលែងជនដែលត្រូវឃាត់ខ្លួន ការបើការស៊ើបអង្កេតបឋម ស៊ើបអង្កេតជាក់ស្តែង ការប្រគល់វត្ថុចាប់យក ការដកហូតយកវត្ថុតាង នីតិវិធីនៃការកសាងសំណុំរឿង កាបញ្ជូនដីកា ការបង្វិលត្រឡប់ដីកាមកវិញ ជាដើម។

លោក សុក កែវបណ្ឌិត បានប្រាប់ឱ្យដឹងថា កិច្ចប្រជុំនោះដែរ ខាងនគរបាលយុត្តិធម៌ និងខាងតុលាការ ក៏លើកយកនូវសំណូមពរបញ្ហាប្រឈមមួយចំនួនទៀតមកជជែកគ្នា ហើយ ក៏បានដោះស្រាយបញ្ហាបានមួយចំនួនធំផងដែរ។

ពាក់ព័ន្ធនិងការលើកឡើងនៃការចោទប្រកាន់គ្នាទៅវិញទៅមកលើករណីដោះលែងជនសង្ស័យ លោកក៏បានប្រាប់ឱ្យដឹងទៀតថា កិច្ចការងារនេះយើងបានជជែកគ្នាហើយ ខាងសមត្ថកិច្ចក៏បានសំណូមពរ និងខាងតុលាការ ក៏បានសំណូមពរ ថាមានបញ្ហាអ្វីត្រូវលើកយកមកជជែកដោះស្រាយគ្នា ដោះស្រាយផ្អែកលើក្របខណ្ឌច្បាប់។

កិច្ចប្រជុំនោះដែរក៏ត្រូវគេមើលឃើញថា គឺមានបំណងជម្រុញឱ្យនគរបាលយុត្តិធម៌ និងតុលាការដែលជាអង្គភាពអនុវត្តច្បាប់ ត្រូវលើកយកបញ្ហាដែលកើតមានកន្លងមកដើម្បីយកមកជជែកពិភាក្សាគ្នា ធ្វើការដោះស្រាយតាមគោលការច្បាប់ ឈរលើស្មារតីទទួលខុសត្រូវខ្ពស់ ដោយបញ្ចៀសបញ្ហានៃការបាចសាចទឹកដាក់គ្នានាំឱ្យការអនុវត្តច្បាប់មានភាពរាំងស្ទះ ៕ សំ វិច្ឆិកា

as-2

as-1
as-3
as-5 as-6

as-7

as

as-4


ចែករំលែក៖