ព័ត៌មានទាន់ហេតុការណ៍៖

វគ្គបណ្ដុះបណ្ដាលស្តីពី«ការលើកកម្ពស់ការយល់ដឹងពីទីផ្សារមូលបត្រកម្ពុជា សម្រាប់អ្នកសារព័ត៌មានលើកទី៥»

ចែករំលែក៖

ភ្នំពេញៈ អ្នកសារព័ត៌មានជាតិ.អន្តរជាតិចំនួន៤០រូបដែលមកពីស្ថាប័នផ្សេងៗគ្នា ត្រូវបានគណៈកម្មការមូលបត្រកម្ពុជាសហការជាមួយក្រុមហ៊ុនផ្សារមូលបត្រកម្ពុជាអញ្ជើញចូលរួមវគ្គបណ្តុះបណ្តាលស្តីពី«ការលើកកម្ពស់ការយល់ដឹងពីទីផ្សារមូលបត្រដល់អ្នកសារព័ត៌មាន»រយៈពេល១ថ្ងៃដើម្បីឲ្យអ្នកសារព័ត៌មានយល់ដឹងពីកិច្ចដំណើរការអភិវឌ្ឍន៍ រចនាសម្ព័ន្ធ យន្តការនិងកិច្ចដំណើរការទីផ្សារមូលបត្រសំខាន់ៗនិងស្វែងយល់ក៏ដូចជាស្វែងរកព័ត៌មានទីផ្សារមូលបត្រកម្ពុជា ។

វគ្គបណ្តុះបណ្តាលនេះដែរ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ក្រោមអធិបតីភាព លោកស៊ូ សុជាតិ អគ្គនាយកគណៈកម្មការមូលបត្រកម្ពុជានិងលោក ហុង សុហួរ អគ្គនាយកក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា នៅក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនៅទីស្នាក់ការក្រុមហ៊ុនមូលបត្រកម្ពុជាស្ថិតនៅសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ក្នុងពិធីនោះដែរ លោក ហុង សុហួរ អគ្គនាយកក្រុមហ៊ុនផ្សារមូលបត្រកម្ពុជាបានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងដើម្បីបង្កើនការយល់ដឹងពាក់ព័ន្ធនឹងតួនាទីនិងដំណើរការនៃវិស័យមូលបត្រនៅកម្ពុជាជូនដល់លោក.លោកស្រី ជាអ្នកសារព័ត៌មានដែលមានតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយបន្តជូនដល់សាធារណៈជនជាពិសេសវិនិយោគិននិងក្រុមហ៊ុនចុះបញ្ជីដែលជាគោលដៅចុងក្រោយរបស់យើង។

លោកអគ្គនាយកបានបន្តថា កន្លងមកយើងបានរៀបចំកម្មវិធីនិងព្រឹត្តិការណ៍ជាច្រើនដើម្បីបណ្តុះបណ្តាលផ្សព្វផ្សាយនិងទាក់ទាញវិនិយោគិននិងក្រុមហ៊ុនចុះបញ្ជីឲ្យមកចូលរួមក្នុងផ្សារភាគហ៊ុន។ ប៉ុន្តែបេសកកម្មនេះនិងមិនមានទម្ងន់និងវិសាលភាពទូលំទូលាយគ្រប់គ្រាន់ឡើយប្រសិនបើគ្មានការចូលរួមពីបងប្អូនអ្នកសារព័ត៌មាន។ការយល់ដឹងបន្ថែមនិងកាន់តែសុក្រិតត្រឹមត្រូវតាមបច្ចេកទេសផ្សារភាគហ៊ុនរបស់អ្នកសារព័ត៌មានតាមរយៈការបណ្តុះបណ្តាលនាថ្ងៃនេះនឹងជួយឲ្យសារធារណៈជនជាពិសេសអ្នកពាក់ព័ន្ធនានាទទួលបានព័ត៌មានក៏ដូចជាចំណេះដឹងទាក់ទងនិងទីផ្សារភាគហ៊ុនបានត្រឹមត្រូវ។

លោកបានបញ្ជាក់ថា ដើម្បីឲ្យគុណភាពនៃព័ត៌មានពាក់ព័ន្ធនឹងទីផ្សារភាគហ៊ុនកាន់តែមានភាពទាក់ទាញ សុក្រិត និងវិជ្ជាជីវៈខ្ពស់អ្នកសារព័ត៌មានចាំបាច់គួរយល់ដឹងអំពីតួនាទីដ៏មានសារៈសំខាន់របស់ផ្សារមូលបត្រនៅក្នុងវិស័យហិរញ្ញវត្ថុនិងសេដ្ឋកិច្ចជាតិ , ការអភិវឌ្ឍទីផ្សារតាំងពីពេលបើកផ្សាររហូតមកដល់បច្ចុប្បន្ន, ដំណើរការរបស់ទីផ្សារនាពេលបច្ចុប្បន្ននិងជាពិសេសអំពីប្រភេទនៃព័ត៌មាននិងទិន្នន័យដែលមាននិងសារៈសំខាន់ផ្សេងៗគ្នានៃព័ត៌មាននីមួយៗសម្រាប់វិនិយោគិន។

លោក ហុង សុហួរបានជម្រាបជូនពីទីផ្សារមូលបត្រថា ថ្វីត្បិតតែនៅពេលនេះទីផ្សារមានដំណើរការយឺតជាងការរំពឹងទុកក៏ដោយ ប៉ុន្តែទីផ្សារនេះនឹងមិនដើរថយក្រោយឡើយ។ ក្រុមហ៊ុនចុះបញ្ជីកើនឡើងជារៀងរាល់ឆ្នាំ វិនិយោគិនកើនឡើងជារៀងរាល់ថ្ងៃហើយដំណើរការទីផ្សារក៏កាន់តែមានលក្ខណៈស្មុគស្មាញទៅៗ។ ដូច្នេះវគ្គបណ្តុះបណ្តាលនាថ្ងៃនេះគឺជាឪកាសសម្រាប់បងប្អូនអ្នកសារព័ត៌មានក្នុងការពង្រឹងចំណេះដឹងផ្នែកវិស័យមូលបត្រនៅដំណាក់កាលដែលផ្សារមូលបត្រមិនទាន់មានភាពស្មុគស្មាញខ្លាំងនៅឡើយ។

ដោយឡែក លោកស៊ូ សុជាតិបានមានប្រសាសន៍ថា បច្ចុប្បន្ននេះមានក្រុមហ៊ុនចុះបញ្ជីចំនួន៤ក្នុងប្រតិបត្តិការលក់ភាគហ៊ុនរបស់ខ្លួន ។ ក្រុមហ៊ុនទី៥កំពុងតែបញ្ចប់នូវឯកសារផ្តល់ព័ត៌មានរបស់ខ្លួន ហើយគណៈកម្មការមូលបត្រកម្ពុជាគ្រោងនឹងមានកិច្ចប្រជុំជាមួយក្រុមហ៊ុនចុងក្រោយនៅពេលឆាប់ៗខាងមុខនេះ។ ដូច្នេះក្រុមហ៊ុនទី៥នឹងចុះបញ្ជីនាពេលឆាប់ៗខាងមុខនេះ។ ចំនួនក្រុមហ៊ុនដែលបានចុះបញ្ជីគឺបញ្ជាក់ពីសន្ទុះនៃការអភិវឌ្ឍរបស់ទីផ្សារមូលបត្រកម្ពុជា។

លោកបានបន្តថា ការបង្កើនចំនួនក្រុមហ៊ុនចុះបញ្ជីគឺបញ្ជាក់អំពីកិច្ចនៃដំណើរការទៅនៃក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា ព្រោះក្រុមហ៊ុនមូលបត្រកម្ពុជាគឺជាកន្លែងដែលក្រុមហ៊ុនទាំងអស់យកភាគហ៊ុនរបស់ខ្លួនមកចុះបញ្ជីដើម្បីធ្វើការជួញដូរ អីចឹងការជួញដូរកាន់តែសកម្មកាលណាមានក្រុមហ៊ុនបោះផ្សាយកាន់តែច្រើនឡើង ។ ក្នុងន័យនេះហើយបានជាគណៈកម្មការមូលបត្រកម្ពុជានិងក្រុមហ៊ុនមូលបត្រកម្ពុជាខិតខំក្នុងការជំរុញធ្វើយ៉ាងម៉េចឲ្យមានការបោះផ្សាយនិងចុះបញ្ជីរបស់ក្រុមហ៊ុនកាន់តែច្រើនឡើង។ ប៉ុន្តែដូចជាយើងដឹងហើយថាក្រុមហ៊ុនមួយមុននឹងគាត់សម្រេចយកភាគហ៊ុនមកដាក់តាំងលក់នៅលើទីផ្សារលុះត្រាពួកគាត់ត្រូវច្បាស់ខ្លួនគាត់ពីប្រយោជន៍នៃទីផ្សារឲ្យបានច្បាស់លាស់សិន។

លោកបានបន្ថែមថា ជាការពិតណាស់ទីផ្សារមូលបត្រកម្ពុជាចាប់ផ្តើមនៅឆ្នាំ២០១២រយៈពេល៤ឆ្នាំសម្រាប់ឲ្យពួកគាត់យល់ពីប្រយោជន៍នៃទីផ្សារវាមិនទាន់គ្រប់គ្រាន់នោះទេ ដូច្នេះហើយបានជាត្រូវការអ្នកសារព័ត៌មានយល់ដឹងពីវិស័យនេះហើយប្រាប់ទៅគាត់ពីសារៈប្រយោជន៍ទីផ្សារ។ ក្នុងន័យនេះហើយបានជាគណៈកម្មការមូលបត្រកម្ពុជាសហការជាមួយក្រុមហ៊ុនមូលបត្រកម្ពុជាអញ្ជើញអ្នកសារព័ត៌មានមកចូលរួមក្នុងការបណ្តុះបណ្តាលនេះ។ ក្នុងករណីអ្នកសារព័ត៌មានយល់ដឹងពីសារៈប្រយោជន៍ទីផ្សារនិងជួយផ្សាយទៅក្រុមហ៊ុនបោះផ្សាយហើយការផ្សាយនេះទៀតសោតមិនមែនសម្រាប់តែសាធារណៈជនដែលជាអ្នកជួញដូរនោះទេគឺសម្រាប់ក្រុមហ៊ុនដែលមានសក្តានុពលផងដែរដើម្បីឲ្យគាត់បោះផ្សាយ។

លោកស៊ូ សុជាតិបានបញ្ជាក់ថា ការយល់ដឹងទាំងអស់គ្នាពីប្រយោជន៍ទីផ្សារពេលនេះហើយដែលដំណើរការអាចមានកំណើនលឿន តែបើសិនយើងនៅមានការស្ទាក់ស្ទើរក៏ដំណើរការនៃកំណើនវាស្ទាក់ស្ទើរដែរ ។ អីចឹងហើយបានជាគណៈកម្មការមូលបត្រកម្ពុជានិងក្រុមហ៊ុនមូលបត្រកម្ពុជាសហការជំរុញការងារនេះហើយការងារសំខាន់បំផុតគឺបញ្ជាក់ពីប្រយោជន៍នៃការចុះបញ្ជីក្នុងទីផ្សារជូនទៅគ្រប់ក្រុមហ៊ុនទាំងអស់ ៕ ស ដារ៉ា

image8 image1 image2 image3 image4 image5 image6 image7


ចែករំលែក៖