ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តមណ្ឌលគិរី រៀបចំពិធីដង្ហែអង្គកឋិនទានមហាសាមគ្គី ដើម្បីដង្ហែទៅប្រគេនព្រះសង្ឃគង់នៅវត្តសែនមនោរម្យ

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖ នាព្រឹកថ្ងៃអាទិត្យ ១៣កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត និង​លោក​ សាន់​ ដារិទ្ធិ​ អភិបាលរង​ នៃគណៈអភិបាលខេត្ត​ តំណាង​ដ៏ខ្ពង់ខ្ពស់​ លោក គង់ គឹមនី អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីដង្ហែអង្គកឋិនទានមហាសាមគ្គី ដើម្បីដង្ហែទៅប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តសែនមនោរម្យ (ហៅវត្តចាស់) ស្ថិតក្នុងខេត្តមណ្ឌលគិរី។

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រីសមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ប្រជាពលរដ្ឋ ព្រមទាំងតាជី យាយជី និងសិស្សានុសិស្សជាច្រើនរូប។

ក្នុងបរិយាកាសប្រកបដោយសេចក្តីជ្រះថ្លា និងសាមគ្គីភាព ពិធីដង្ហែអង្គកឋិនទានមហាសាមគ្គីនេះ បានបង្ហាញពីស្មារតីសាមគ្គីភាព ការរួបរួមគ្នា និងជំនឿដ៏មុតមាំរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពលរដ្ឋ ក្នុងការរួមចំណែកថែរក្សា និងលើកស្ទួយព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ព្រមទាំងបន្តថែរក្សាប្រពៃណី ទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ជាតិខ្មែរឱ្យបានគង់វង្សតរៀងទៅ៕

ដោយ ៖ សិលា


ចែករំលែក៖