ព័ត៌មានទាន់ហេតុការណ៍៖

បុរសជាប្ដីបង្កគ្រោះថ្នាក់ចរាចរណ៍ប្រពន្ធមករារាំងសមត្ថកិច្ចឃាត់ខ្លួនទាំងពីរនាក់

ចែករំលែក៖

ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាង រថយន្តម៉ាក BYD  និងម៉ូតូកង់បី នៅខណ្ឌដូនពេញ ហើយមានស្រ្តីម្នាក់រារាំងសមត្ថកិច្ចមិនឲ្យនាំប្តីជាអ្នកបើក រថយន្តមកកន្លែងសមត្ថកិច្ច ដើម្បីអនុវត្តតាមនីតិវិធី។ បន្ទាប់មកសមត្ថកិច្ចបាននាំអ្នកបើករថយន្តមកពិនិត្យជាតិអាល់កុលជាលទ្ធផលមានកម្រិតអាល់កុល 0.70Mg/L  សមត្ថកិច្ចកំពុងកសាងសំណុំរឿងដើម្បីចាត់ការតាមផ្លូវច្បាប់ ករណីបើកបរក្នុងស្ថានភាពស្រវឹងនិងការរារាំងសមត្ថកិច្ចបំពេញភារកិច្ច។

កាលពីយប់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង ២៣:០៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងនៅចំណុចមុខធនាគារជាតិ ផ្លូវព្រះនរោត្តម ប្រសព្វផ្លូវលេខ១១៨ ភូមិ១ សង្កាត់ផ្សារចាស់ ខណ្ឌ ដូនពេញ រវាងរថយន្តម៉ាក BYD ពណ៌ស ផ្លាកលេខ ភ្នំពេញ 1BY-2039 និងម៉ូតូកង់បីម៉ាក RE ពណ៌ស ផ្លាកលេខ ភ្នំពេញ 1MC-3579 បណ្តាលឱ្យអ្នកបើកកង់បីរបួសស្រាល ហើយអ្នកបើកបររថយន្តព្យាយាមបើករត់ពីកន្លែងកើតហេតុទើបប្រជាពលរដ្ឋដេញឃាត់ឱ្យឈប់។ 

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចជំនាញចុះដល់កន្លែងកើតហេតុត្រួតពិនិត្យ និងសួរនាំរួច សមត្ថកិច្ចបាននាំភាគីទាំងសងខាងទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាល ប៉ុន្តែត្រូវបានប្រពន្ធអ្នកបើកបររថយន្តបានរារាំងមិនឱ្យសមត្ថកិច្ចបំពេញភារកិច្ចរបស់សមត្ថកិច្ចក្នុងការអនុវត្តតាមវិធានការច្បាប់។

បន្ទាប់សមត្ថកិច្ចសួរនាំ និងពិនិត្យជាតិអាល់កុល ជាលទ្ធផលអ្នកបើករថយន្តមានជាតិស្រវឹងអត្រាជាតិអាល់កុល0.70Mg/L។

បច្ចុប្បន្នបុរសជាអ្នកបើកបររថយន្ត និងស្រ្តីជាប្រពន្ធ សមត្ថកិច្ចជំនាញនៃការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក កំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់៕

ដោយ៖ សូរិយា


ចែករំលែក៖