កីឡាករ Gareth Bale បានឈ្នះពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំរបស់ក្រុមជម្រើសជាតិវែល (Wales’ player of the year) ជាលើកទី៦ រយៈពេល៤ឆ្នាំជាប់ៗគ្នា ដែលនេះគឺជាជោគជ័យបំផុតសម្រាប់អាជីពជាកីឡាករជម្រើសជាតិវែលរបស់រូបគេផ្ទាល់ ។ ចំណែកឡែកកីឡាករ Joe Allen ឈ្នះពានកីឡាករល្អដែលបោះឆ្នោតដោយអ្នកគាំទ្រ ហើយ កីឡាករ Ethan Ampadu ឈ្នះពានកីឡាករវ័យក្មេងល្អប្រចាំឆ្នាំ ។
ការឈ្នះពានខាងលើត្រូវបានគេមើលឃើញថា ដោយសារខ្សែបម្រើប្រយុទ្ធវ័យ២៧ឆ្នាំគឺជាកម្លាំងសំខាន់នាំ វែលទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ Euro ជាលើកដំបូងក្នុងឆ្នាំ២០១៦នេះ។
ពានសម្រាប់កីឡាការិនីបាល់ទាត់ឆ្នើមប្រចាំឆ្នាំបានទៅលើ Natasha Harding ខណៈ Sophie Ingle ឈ្នះពានកីឡាការិនីល្អបោះឆ្នោតដោយអ្នកគាំទ្រ និង Bronwen Thomas ឈ្នះពានកីឡាការិនីវ័យក្មេងឆ្នើម។
គួរបញ្ជាក់ថា ខ្សែការពាររបស់ក្រុម Reading និងក្រុមជម្រើសជាតិវែលកីឡាករ Chris Gunter បានឈ្នះពានកីឡាករល្អដែលបោះឆ្នោតដោយក្រុមអ្នកសារព័ត៌មាន ហើយពានពិសេសមួយទៀតដែលបង្កើតដោយសហព័ន្ធបាល់ទាត់វែលត្រូវប្រគល់ឲ្យលោក Chris Coleman គ្រូបង្វឹកជម្រើសជាតិវែលបន្ទាប់ពីលោកបានសាងស្នាដៃជាប្រវត្តិសាស្ត្រសម្រាប់ក្រុមជម្រើសជាតិ ៕