ព័ត៌មានទាន់ហេតុការណ៍៖

ខ្សែការពារ Bellerin អាចនឹងបន្តកិច្ចសន្យាថ្មីជាមួយ Arsenal

ចែករំលែក៖

ខ្សែការពារកីឡាករ Hector Bellerin កំពុងស្ថិតនៅយ៉ាងប្រកៀកក្នុងការយល់ព្រមលើកិច្ចសន្យាមួយនៅឯក្លិបកាំភ្លើងធំ Arsenal ក្រោយពីភ្នាក់ងាររបស់គេបានរៀបចំកិច្ចពិភាក្សាប្រកបដោយផ្លៃផ្កាមួយក្នុងទីក្រុងឡុងដ៍ កាលពីសប្តាហ៍មុន ។

ខ្សែការពារអន្តរជាតិអេស្ប៉ាញរូបនេះ បានបង្ហាញពីទម្រង់លេងដ៏គួរឲ្យកោតសរសើរ សម្រាប់ក្រុមរបស់លោក Arsene Wenger នៅរដូវកាលនេះ តាមរយៈការជួយឲ្យពួកគេរក្សាការមិនស្គាល់ចាញ់សោះចាប់តាំងពីថ្ងៃប្រកួតបើកឆាកនៃក្របខ័ណ្ឌ Premier League រដូវកាលនេះ។

កីឡាករ Bellerin ដែលបានចូលរួមជាមួយក្លិប Arsenal កាលពីឆ្នាំ២០១១ ក្នុងនាមជាយុវជនម្នាក់នោះ នៅតែជាប់កិច្ចសន្យារយៈពេល៣ឆ្នាំទៀតក្នុងកិច្ចសន្យារបស់គេ ប៉ុន្តែ ត្រូវបានទាក់ទងជាមួយនឹងការផ្ទេរទៅកាន់ក្លិប Barcelona។

គ្រូបង្វឹកលោក Arsene Wenger បានទទួលស្គាល់ថា ការរៀបចំផ្តល់ការបន្តកុងត្រាថ្មីសម្រាប់កីឡាករវ័យ២១ឆ្នាំរូបនេះជារឿងអាទិភាព ហើយវាត្រូវបានគេយល់ឃើញថា ការចរចាផ្សេងៗមានដំណើរការយ៉ាងល្អ បើទោះបីការព្រមព្រៀងគ្នាមួយនៅមិនទាន់ឈានដល់ការចុះហត្ថលេខាក៏ដោយ។ លោករំពឹងទុកថា ខ្សែការពារស្លាបស្តាំរូបនេះនឹងប្តេជ្ញាបន្តនៅជាមួយនឹងក្លិប Arsenalទៀត។

ភ្នាក់ងាររបស់កីឡាករ Hector Bellerin បានឲ្យដឹងថា យើងកំពុងតែពិភាក្សា និងកំពុងស្ថិតយ៉ាងប្រកៀកក្នុងការឈានដល់ការព្រមព្រៀងគ្នា ។ ក្នុងស្ថានភាពធម្មតា កីឡាករ Hector Bellerin នឹងចុះហត្ថលេខា ៕

hector-bellerin1 hector-bellerin


ចែករំលែក៖