ភ្នំពេញ៖ ណាហ្គាវើល មានមោទនភាពដែលបានក្លាយជាសណ្ឋាគារ និងទីតាំងផ្លូវការនៃកម្មវិធីប្រកួតកញ្ញាឯកទេសចរណ៍ម៉េត្រូប៉ូលីធិនអន្តរជាតិឆ្នាំ ២០១៦ ដូចដែលបានប្រកាសនៅសន្និសីទសារព័ត៌មានដែលធ្វើឡើងនៅបន្ទប់ Grand Ballroom នៃសណ្ឋាគារណាហ្គាវើល ។
ក្នុងនាមជាសណ្ឋាគារ និងទីតាំងផ្លូវការនៃកម្មវិធីប្រកួតកញ្ញាឯកទេសចរណ៍ម៉េត្រូប៉ូលីធិនអន្តរជាតិឆ្នាំ ២០១៦ ណាហ្គាវើលនឹងផ្តល់កន្លែងស្នាក់នៅដល់កញ្ញាឯក ៤១ រូបវគ្គផ្តាច់ព្រ័ត្រ គណៈប្រតិភូរៀបចំកម្មវិធី និងក្រុមការងារជាង ២ សប្តាហ៍រហូតដល់ថ្ងៃប្រកួតផ្តាច់ព្រ័ត្រដែលនឹងប្រព្រឹតិ្តទៅនៅថ្ងៃសុក្រ ទី ១៨ វិច្ឆិកានៅបន្ទប់ Grand Ballroom នៃសណ្ឋាគារណាហ្គាវើល។ លើសពីនេះទៅទៀត អាហារ ការឧបត្ថម្ភគាំទ្រផ្នែកសម្ភារៈ និងមធ្យោបាយធ្វើដំណើរក្នុងពេលប្រកួត នឹងត្រូវឧបត្ថម្ភដោយណាហ្គាវើលផងដែរ។
លោក Christopher Park នាយកចាត់ការទូទៅក្រុមហ៊ុនណាហ្គាវើល បានមានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មានថា “ចំនួនភ្ញៀវទេសចរ បានកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ និងបានធ្វើឲ្យសេដ្ឋកិច្ច វប្បធម៌ និងបរិស្ថានសង្គមមានការរីកចម្រើនយ៉ាងខ្លាំងនៅក្នុងប្រទេសកម្ពុជា។ យើងបានឃើញការរីកលូតលាស់នេះតាមរយៈអត្រាមានការងារធ្វើច្រើនជាងមុន ហេដ្ឋារចនាសម័ន្ធច្រើនជាងមុន និងមោទនភាពរបស់ប្រជាជនកម្ពុជាទាំងមូល ។ ប៉ុន្តែមានរឿងជាច្រើនទៀតដែលកម្ពុជាត្រូវបង្ហាញពិភពលោកឲ្យបានស្គាល់ នោះគឺ កម្មវិធីប្រឡងកញ្ញាឯកទេសចរណ៍ម៉េត្រូប៉ូលីធិនអន្តរជាតិឆ្នាំ ២០១៦ ដែលនឹងបង្ហាញពិភពលោកឲ្យស្គាល់ប្រទេសកម្ពុជាកាន់តែច្បាស់នៅលើឆាកអន្តរជាតិ”។
ណាហ្គាវើល ក៏បានប្រារព្ធពិធីជប់លៀងពេលល្ងាចនៅវិមានអម្រឹតដែលជាអាងហែលទឹក និងបានីយដ្ឋាននៅថ្ងៃទី ៩ វិច្ឆិកាដើម្បីស្វាគមន៍ដល់គណៈគ្រប់គ្រងរៀបចំកម្មវិធីប្រកួតកញ្ញាឯកផងដែរ។ ភ្ញៀវដែលយើងបានអញ្ជើញទាំងអស់ បានជជែកគ្នាលេងជាមួយកញ្ញាឯកអន្តរជាតិទាំង ៤១ រូបមកពីជុំវិញពិភពលោកក្រោមបរិយាកាសរីករាយបំផុត។ លើសពីនេះ ពួកគេក៏បានផ្តោះប្តូរបទពិសោធន៍ទៅវិញទៅមក ទទួលទានអាហារប៊ុហ្វេ និងភេសជ្ជៈ ព្រមទាំងទស្សនាទេសភាពដ៏ស្រស់ត្រកាលពីវិមានអម្រឹតនេះទៀងផង។
នេះ គឺជាលើកទី ១ មួយដែលកម្មវិធីប្រកួតកញ្ញាឯកទេសចរណ៍ម៉េត្រូប៉ូលីធិនអន្តរជាតិត្រូវបានធ្វើឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយព្រឹត្តិការណ៍អន្តរជាតិនេះ ក៏ទទួលបាននូវការគាំទ្រពីក្រសួងទេសចរណ៍ និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈថែមទៀតផង។ គួរបញ្ជាក់ថា កញ្ញាឯកទេសចរណ៍កម្ពុជា ក៏ស្ថិតនៅក្នុងបេក្ខភាព ៤១ ចុងក្រោយនៃកញ្ញាឯកទេសចរណ៍អន្តរជាតិដែលមកពីជុំវិញពិភពលោកនេះផងដែរ។
ណាហ្គាវើល មានមោទនភាពដែលជាផ្នែកមួយនៃព្រឹត្តិការណ៍អន្តរជាតិដ៏ល្បីនេះ និងសង្ឃឹមថាកម្មវិធីប្រកួតកញ្ញាឯកទេសចរណ៍អន្តរជាតិនេះ គឺជាឱកាសសម្រាប់ព្រះរាជាណាចក្រកម្ពុជារះចែងចាំងនៅលើឆាកអន្តរជាតិ។ មកដល់បច្ចុប្បន្ន ណាហ្គាវើលតែងតែគាំទ្រឧបត្ថម្ភដល់កម្ពុជាជានិច្ចរាល់ពេលដែលកម្ពុជាមានព្រឹតិ្តការណ៍អន្តរជាតិម្តងៗ រួមមានពានរង្វាន់តេន្នីសដេវីសខាប់ កីឡាអាស៊ានហ្គេម ព្រឹត្តិការណ៍កីឡាអូឡាំពិក ការប្រកួតក្បាច់គុនចម្រុះOne Champiopship ។ល។ ទាំងអស់នេះ សុទ្ធតែជាទស្សនៈវិស័យដែលណាហ្គាវើលចង់បង្ហាញសមត្ថភាពរបស់កម្ពុជាទៅឲ្យពិភពលោកបានដឹង។
ណាហ្គាវើល សូមអបអរសាទរ និងជូនពរឲ្យកញ្ញាឯកទេសចរណ៍អន្តរជាតិទាំង ៤១ រូប និងកម្មវិធីប្រកួតកញ្ញាឯកទេសចរណ៍នេះមានសំណាងល្អ និងជោគជ័យ ៕ ស តារា