ប៉ោយប៉ែត ៖ ក្រោយពីមានការិះគន់ក្នុងបណ្ដាញសង្គមហ្វេសប៊ុក ថា រថយន្តប្រជាការពារសង្កាត់ប៉ោយប៉ែតមួយគ្រឿង ដែលបំពាក់ដោយស៊ីរ៉ែន មានពណ៌ស លាយខ្មៅ ប្រើស្លាកលេខ «រដ្ឋបាលក្រុងប៉ោយប៉ែត.សកប៉ប៉០០.០១» ទាំងផ្នែកខាងមុខ និង ក្រោយ ដែលមន្ត្រីមន្ទីរសាធារណការខេត្ត ថា គ្មានច្បាប់អនុញ្ញានោះ ត្រូវបានត្រូវបានកម្លាំងជំនាញ មកពីស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ឃាត់យកទៅស្នងការខេត្តដើម្បីសួរនាំ កាលពីព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦ ។
ការចុះឃាត់រថយន្តខាងលើ មិនឲ្យពាក់ស្លាកលេខនោះគីដឹកនាំកម្លាំងដោយលោក អ៊ុំ សុផល ស្នងការរងនគរបាល និងជាប្រធានការិយាល័យកណ្តាលសណ្តាប់ធ្នាប់។
លោក អ៊ុំ សុផល ស្នងការរង បានបញ្ជាក់ថា ក្រោយមានករណីនេះកើតឡើង លោកឧត្តមសេនីយ៍ស្នងការ អាត់ ខែម និងមានការសម្របសម្រួល ពីព្រះរាជអាជ្ញាផងនោះ បានចាត់ឲ្យលោក ដឹកនាំកម្លាំងចុះទៅដកហូតរថយន្តខាងលើ មករក្សាទុកនៅស្នងការដ្ឋាន ដើម្បីដកស្លាកលេខចេញ និងបកអក្សរចេញពីជញ្ជាំងរថយន្ត។
លោកស្នងការរង បានបន្តថា ក្រោយការសួរនាំ និងពិនិត្យជាក់ស្តែងទៅ ឃើញថា រថយន្តរបស់លោកចៅសង្កាត់ អាំង គីហេង មួយនេះ មានចង្កូតស្តាំ ហើយមិនបានបង់ពន្ធទេ ដោយឡែក ពណ៌ដើមរបស់វា គឺពណ៌ស តែគាត់យកបិតស្គុតខ្មៅ តែក្រោយពីសួរនាំ ត្រូវបានបញ្ជាឲ្យបកស្គុត ពណ៌ខ្មៅចេញ នៅសល់តែពណ៌ដើម(ស) ដោះសឺរ៉ែនចេញ ក្រោយមកបានត្រូវបានដោះលែងវិញ ហើយនៅរសៀលថ្ងៃដដែលនេះ រួមជាមួយប្រជាការពារ៦នាក់ផងដែរ ។
ជុំវិញករណីខាងលើនេះ លោកអាំង គីហេង ចៅសង្កាត់ប៉ោយប៉ែតមិនអាចសុំការបកស្រាយបានឡើយ ដោយទូរស័ព្ទលោកមិនអាចទទួលការហៅចូលបានថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦ ។
គួររំលឹកថា រូបថតរថយន្តផីកអាប់ចំនួន៣សន្លឹក ត្រូវបាន គេថតបង្ហោះ ពេញហ្វេសប៊ុក។ ក្នុងនោះ ម្ចាស់ អាក់ខោនហ្វេសប៊ុក ដែលជាអ្នកបង្ហោះ បានសរសេរមានន័យថា «កាដុមឆែប!!! ក្រសួងសាធារណការ និងដឹកជញ្ជួន ចេញស្លាកលេខថ្មី សម្រាប់សំគាល់ យានយន្ត?? ចាំរកសុំគេប្រើស្លាកលេខ “ចំការតារិន្ទ” ហើយដាក់សារ៉ែនចឹងដែរមើល វាអស់ប៉ុន្មានប្រាក់ចុះ!!!»។
រឿងដែលម្ចាស់ហ្វេសប៊ុកចង់និយាយនោះ គឺរថយន្តខាងលើ គេឃើញមានសរសេរអក្សរនៅជញ្ជាំងចំហៀងដាក់ថា «ប្រជាការពារសង្កាត់ប៉ោយប៉ែត» និងពាក់ស្លាកលេខទាំង ខាងមុខ និងខាងក្រោយ មានផ្ទៃពណ៌ខៀវខ្ចី មានសរសេរអក្សរថា «រដ្ឋបាលក្រុងប៉ោយប៉ែត សក ប៉ប៉០០.០១»។
តាមពិតរថយន្តបម្រើការងារឲ្យអង្គភាពណាមួយ គេមានសិទ្ធិសរសេរឈ្មោះអង្គភាពដើម្បីសំគាល់ហើយក៏ មានភាពងាយស្រួលអោយគេស្គាល់ និងចំណាំផងដែរ កុំថាឡើយអង្គភាពរដ្ឋ សូម្បីតែ ក្រុមហ៊ុនឯកជន ក៏គេមាន សិទ្ធិដូចគ្នា លើកលែងតែខ្លឹមសារណាដែលច្បាប់ហាមឃាត់។
ប៉ុន្តែចំពោះស្លាកលេខសម្គាល់ យានយន្តវិញ គេមិនអាចចេះតែពាក់ ឬសរសេរបិទ ស្រេចនឹង ចិត្តបាននោះទេ គឺទាល់តែមាន ការទទួលស្គាល់ និងចេញដោយ អង្គភាពជំនាញគឺមន្ទីរសាធារណការ ទើបជាស្លាកលេខ ស្របច្បាប់ ៕ វណ្ណា