ព័ត៌មានទាន់ហេតុការណ៍៖

វិភាគព័ត៌មានអន្តរជាតិ៖ អាស៊ីប៉ាស៊ីហ្វិកនឹងទៅជាយ៉ាងណាក្រោមការដឹកនាំរបស់លោក ដូណាល់ ត្រាំ?

ចែករំលែក៖

គោលនយោបាយឆ្ពោះទៅកាន់តំបន់អាស៊ីរបស់ប្រធានាធិបតី អូបាម៉ា ដោយ បានសន្យាផ្តោតសំខាន់មកទ្វីបធំជាងគេ និងកំពុងតែអភិវឌ្ឍន៍ខ្លាំងនៅលើពិភពលោក។ ប៉ុន្តែពេលនេះកំពុងតែគំរាមកំហែង ក្រោយអាមេរិកប្តូរមេដឹកនាំ។

ជាច្រើនទសវត្សកន្លងមកយុទ្ធសាស្ត្រ របស់អាមេរិកគឺបង្កើតបង្គោលគ្រឹះ៣គឺ ពង្រីកពាណិជ្ជកម្ម បង្កើនសម្ពន្ធមិត្តកាន់តែជិតស្និទ្ធ ដូចជា ជប៉ុន អូស្ត្រាលី សិង្ហបុរីជា ដើម និងបង្កើនតម្លៃប្រជាធិបតេយ្យរីកដុះដាលនៅលើពិភពលោក។

នៅពេលនេះគេមិនដឹងថា លោក ដូណាល់ ត្រាំ ដែលជាប្រធានាធិបតីទើប តែជាប់ឆ្នោតរបស់អាមេរិកមានទស្សនៈ បែបណាចំពោះយុទ្ធសាស្ត្រខាងលើ របស់លោក អូបាម៉ា នោះទេ។ ប៉ុន្តែក្រោយ ពេលលោក ដូណាល់ ត្រាំ ទទួលជ័យជម្នះ មកដូចជាមានខ្យល់ព្យុះខ្លាំងកំពុងតែវាយប្រហារទៅលើអំណាចនិងយុទ្ធសាស្ត្រ របស់អាមេរិកនៅអាស៊ី។

អំពីពាណិជ្ជកម្មនៅក្នុងដំណាក់កាលលោកអូបាម៉ាកាន់អំណាចជំរុញឲ្យមាន កិច្ចព្រមព្រៀងឆ្លងទ្វីប TPP រវាងអាមេរិក នឹង១២ប្រទេសដែលជាសម្ពន្ធមិត្ត។ ប៉ុន្តែ ក្រោយលោក ដូណាល់ ត្រាំ ជាប់ឆ្នោត កិច្ច ព្រមព្រៀងពាណិជ្ជកម្មទាំងនោះអាចត្រូវលុបចោលដូចអ្វីដែលលោកបានប្រកាសពេលឃោសនាបោះឆ្នោត។

ជាការពិតណាស់លោក ត្រា បានគំរាមកំហែងធ្វើសង្គ្រាមពាណិជ្ជកម្មជាមួយចិន ដែលជាដៃគូពាណិជ្ជកម្មធំបំផុតរបស់អាមេរិក។ លោក ដូណាល់ ត្រាំ បានសន្យាថា នឹងបង្កើនពន្ធដាក់ទៅលើមុខទំនិញរបស់ចិន៤៥ភាគរយ បើទោះបីអាមេរិកក្លាយជាជនរងគ្រោះនៅក្នុងសង្គ្រាមពាណិជ្ជកម្មនោះក៏ដោយ។ ទាំងនោះហើយនឹងធ្វើឲ្យ មានភាពចលាចលនៅតំបន់អាស៊ីទាំងមូល ក្នុងនោះមានប្រទេសដែលពាក់ព័ន្ធ។

អ្នកសេដ្ឋកិច្ចតែមួយគត់ក្នុងចំណោម ទីប្រឹក្សាផ្ទាល់របស់លោក ត្រាំ គឺលោក Peter Vavarro ធ្លាប់បានលើកឡើងថា ចិនត្រូវតែទទួលខុសត្រូវសម្រាប់ការផលិត របស់អាមេរិកនាំចេញទៅក្រៅ។ លោកបាន លើកឡើងថា មិនមានតុល្យភាពនៅលើ វិស័យពាណិជ្ជកម្ម ជាហេតុផលធ្វើឲ្យអាមេរិកត្រូវខាតបង់ជាច្រើន។

មិនត្រឹមតែប៉ុណ្ណោះលោក ដូណាល់ ត្រាំ បានប្រកាសថា នឹងដកខ្លួនចេញពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីបម្រែបម្រួលអាកាសធាតុជាមួយចិន។ មិនតែប៉ុណ្ណោះលោកត្រាំក៏បានប្រកាសថា នឹងប្តឹងចិនពីវិស័យពាណិជ្ជកម្មទាំងនៅអាមេរិកនិងនៅអង្គការពាណិជ្ជកម្មពិភពលោកផងដែរ។ តាមច្បាប់អាមេរិកអនុញ្ញាតឲ្យប្រធានាធិបតី ចេញច្បាប់ពន្ធដាក់ជាឯកតោភាគីខ្ពស់បំផុត គឺ១៦ភាគរយ ហើយមានសុពលភាពត្រឹមតែ១៥០ថ្ងៃប៉ុណ្ណោះ។

គោលនយោបាយរបស់ប្រធានាធិបតី អូបាម៉ា អាចនឹងត្រូវបំផ្លាញដោយសារតែការដឹកនាំរបស់លោក ដូណាល់ ត្រាំ ។ នៅ ពេលដែលលោកឃោសនាបោះឆ្នោតលោក ធ្លាប់ប្រកាសថា នឹងដកទាហានចេញពីជប៉ុន និងកូរ៉េខាងត្បូងដើម្បីកាត់បន្ថយការ ចំណាយរបស់អាមេរិក ឬក៏បន្តនៅទីនោះដោយទុកឲ្យប្រទេសទាំងពីរជាអ្នកចំណាយ លើទាហានអាមេរិក។

លោក ដូណាល់ ត្រាំ ក៏ធ្លាប់បានប្រកាស ថា នឹងបើកកិច្ចពិភាក្សាជាមួយមេដឹកនាំ កូរ៉េខាងជើងដើម្បីបញ្ចប់វិបត្តិអូសបន្លាយជាង៥ទសវត្សកន្លងមកចាប់តាំងពីសង្គ្រាម ឧបទ្វីបកូរ៉េបានបញ្ចប់ដោយកិច្ចព្រមព្រៀង ឈប់បាញ់ឆ្នាំ១៩៥៣។

ប្រសិនបើអាមេរិកដកខ្លួនចេញពីតំបន់អាស៊ីនោះចិននឹងក្តាប់យកឱកាសនោះដើម្បី គ្រប់គ្រងតំបន់ដែលមានវិវាទជាមួយប្រទេស ជិតខាងដោយគ្មាន អាមេរិកលូកដៃ។

កន្លងមកទីក្រុងព្យុងយ៉ាងបានព្រមានប្រធានាធិបតីជាប់ឆ្នោត និងរដ្ឋាភិបាល អាមេរិកថ្មីគួរតែរាប់អានប្រទេសមាននុយក្លេអ៊ែរទៅ។ សម្រាប់កូរ៉េខាងជើងនយោបាយគ្មាននុយក្លេអ៊ែររបស់អាមេរិកជាចេតនាឆ្ពិនភ្នែកហួសសម័យហើយ។

នៅក្នុងទំព័រកាសែតរបស់បក្សកុម្មុយ នីស្តបក្សតែមួយគត់នៅកូរ៉េខាងជើង និងជាការឆ្លុះបញ្ចាំងជំហររបស់រដ្ឋាភិបាលគេមិនឃើញមានសរសេរឈ្មោះប្រធានាធិបតី អាមេរិកទើបជាប់ឆ្នោតថ្មី ដូណាល់ ត្រាំ ទេ ប៉ុន្តែប៉ុន្មានថ្ងៃមកហើយដែលកូរ៉េខាងជើង បានដំឡើងសំឡេងកាន់តែខ្លាំងឡើងៗ ស្នើ សុំឱ្យវ៉ាស៊ីនតោនប្តូរទស្សនវិស័យចំពោះ កូរ៉េខាងជើង។

«រដ្ឋាភិបាល អូបាម៉ា បានសាកល្បង ធ្វើអ្វីដែលនាំអសន្តិសុខនិងគ្រោះថ្នាក់ដល់ទ្វីបអាមេរិក ! សំណល់នេះបានធ្លាក់បន្ទុកទៅឱ្យរដ្ឋាភិបាលថ្មីជាអ្នកប្រឈមនឹងរដ្ឋ នុយក្លេអ៊ែរ» នេះជាអ្វីដែលមានសរសេរ ក្នុងទំព័រកាសែតបក្ស។ កាសែតបានបញ្ជាក់ ទៀតថា ថ្នាក់ដឹកនាំអាមេរិកគួរតែធ្វើតាមសម្តីរបស់លោក James Clapper ថា អាចមានការត្រូវរ៉ូវគ្នាជាទូទៅមួយដោយព្រម ទទួលស្គាល់កូរ៉េខាងជើងជាប្រទេសនុយក្លេអ៊ែរ។ ក្តីសង្ឃឹមរបស់អាមេរិកចង់ឃើញកូរ៉េខាងជើងរំសាយកម្មវិធីនុយក្លេអ៊ែរ ជាក្តីស្រមៃក្នុងអតីតកាលប៉ុណ្ណោះ។

សូមបញ្ជាក់ថា កាលពីចុងខែតុលាក កន្លងទៅអ្នកសម្របសម្រួលភ្នាក់ងារសម្ងាត់ អាមេរិកលោក James Clipper បានប្រកាស អំពីបរាជ័យនៃការបញ្ចុះបញ្ចូលរបបព្យុងយ៉ាងឱ្យបោះបង់កម្មវិធីនុយក្លេអ៊ែរ។ រដ្ឋា ភិបាល អូបាម៉ា មានជំហរដាច់ខាតមិន ព្រមចរចាជាមួយកូរ៉េខាងជើងឡើយដរាបណាប្រទេសមួយនេះមិនព្រមបោះបង់នុយក្លេអ៊ែរ។

ចំណែកលោក ដូណាល់ ត្រាំ វិញ នៅ ក្នុងអំឡុងពេលឃោសនាលោកមិនបាន ផ្សព្វផ្សាយផែនការអ្វីច្បាស់លាស់ទាក់ទងនឹងនយោបាយជាមួយកូរ៉េខាងជើងឡើយ គ្រាន់តែបានព្រលយមាត់ថា លោកបើក ចំហចំពោះការចរចាជាមួយនឹងមេដឹកនាំ ព្យុងយ៉ាង គីម ជុងអ៊ុន និងបានបង្ហើបចេតនាចង់ដកទ័ពអាមេរិកចេញពីកូរ៉េខាងត្បូងផង។ ប៉ុន្តែគ្រាន់តែបានជាប់ឆ្នោតភ្លាលោក បានទូរស័ព្ទទៅលោកស្រី ផាក គឿនហេ ប្រធានាធិបតីកូរ៉េខាងត្បូងដើម្បីបញ្ជាក់ អំពីកិច្ចសន្យារបស់អាមេរិកក្នុងក្របខ័ណ្ឌសម្ព័ន្ធសន្តិសុខជាមួយសេអ៊ូល។

លោក ត្រាំ គឺជាប្រធានាធិបតីតែមួយ គត់ដែលធ្លាប់សរសើរដល់មេដឹកនាំកូរ៉េ ខាងជើង គីម ជុងអ៊ុន ថា មានសម្ថភាពជា អ្នកដឹកនាំ ដោយលោក គីម ជុងអ៊ុន ម្នាក់ ឯកទប់ទល់នឹងប្រទេសមហាអំណាចពិភព លោក។ ប្រសិនបើលោក ត្រាំ អាចចរចាជាមួយកូរ៉េខាងជើងបញ្ចប់គំនុំនោះគឺជារឿង ដ៏ប្រសើរបំផុត។ ផ្ទុយទៅវិញបើមិនអាច និយាយគ្នាបានទេ កូរ៉េខាងជើងអាចនឹងរងការវាយប្រហារដោយបរមាណូជាមិនខាន។ ដូណាល់ ត្រាំ ជាមេដឹកនាំ «ចិត្តក្តៅបំផុតធ្វើអ្វីគ្មានអ្នកណាស្មានដឹងមុនឡើយ»៕ ម៉ែវ សាធី

trum


ចែករំលែក៖