ភ្នំពេញ៖ រថយន្តស៊េរីទំនើប ម៉ាក E SCALADE EXT មួយគ្រឿង បានបើកបរលឿន ជ្រុលទៅគៀររថយន្តឡិចសីុសដែលរៀប និងបត់ស្ដាំ ចំពីចំហៀងពីមុខបណ្ដាលឲ្យរងការខូចខាតទាំងសងខាង ។
ហេតុការណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោងរំលងអាធ្រាត ឈានចូលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចក្បែរនឹងរង្វង់មូលសម្ដេចព្រះសង្ឃរាជ ជួន ណាត ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តម៉ាកឡិចសីុស RX 300 ពណ៌ស្ក ពាក់ស្លាកលេខភ្នំពេញ ២X ៨២០៣ បានបើកបរដោយបុរសម្នាក់ តាមបណ្ដោយផ្លូវព្រះសីហនុ ទិសដៅពីកើតទៅលិចក្នុងល្បឿនល្មម ខណៈដល់ផ្លូវកែង ព្រះសីុសុវត្ថិ ក៏បានសុីញ៉ូបត់ស្ដាំ ស្របពេលនោះ ស្រាប់តែមានរថយន្តស៊េរីទំនើប ម៉ាក E SCALADE EXT មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២AI ១៦៥១ បានបើកបរមកពីក្រោយ ក្នុងល្បឿនលឿនល្មម និងបម្រុងជែងស្ដាំ តែជែងរៀបនឹងផុតហើយនោះ ក៏ជ្រុលទៅកៀររថយន្តឡិចសីុស ដែលរៀបនឹងបត់ស្ដាំ ចំពីចំហៀងពីមុខ បណ្ដាលឲ្យរងការខូចខាតទាំងសងខាង។
ក្រោយកើតហេតុ ម្ចាស់រថយន្តទាំងពីរគ្រឿង បានជជែកយកឈ្នះរៀងៗខ្លួន និងបានឲ្យកម្លាំងកងរាជអាវុធហត្ថខណ្ឌដូនពេញ ជួយអន្តរាគមន៍ផងដែរ តែចុងក្រោយភាគីទាំងសងខាងនៅតែមិនត្រូវគ្នាដដែល ។ ដោយភាគីខាងរថយន្តស៊េរីទំនើប ម៉ាក E SCALADE EXT ទាមទារថ្លៃខូចខាតចំនួន១៥០០ដុល្លារ តែខាងភាគីរថយន្តឡិចសីុស ឲ្យតែ១០០$ប៉ុណ្ណោះ ព្រោះខាងភាគីរថយន្តឡិចសីុសគិតថា ខ្លួនមិនសូវខុសនោះទេ ។ ក្រោយមក សមត្ថកិច្ចនគរបាលខណ្ឌដូនពេញ បានទំនាក់ទំនងទៅសមត្ថកិច្ចនគរបាលខណ្ឌចំការមន ឲ្យមកយករថយន្តទាំង២គ្រឿងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានី ភ្នំពេញរង់ចាំដោះស្រាយបន្តនៅពេលក្រោយ ៕ ជីម ភារ៉ា ដង្កោ