ភ្នំពេញ: រហូតដល់ទល់ពេលនេះ ករណីធ្លាយធុងហ្គាសបណ្តាលឲ្យមនុស្ស៧នាក់រងរបួស នៅខណ្ឌមានជ័យ តុលាការបានសម្រេចឃុំខ្លួនមនុស្សពីរនាក់ដាក់ពន្ធនាគារបណ្តោះអាសន្ន ដើម្បីរង់ចាំការស៊ើបអង្កេតបន្តទៀត ។
មន្ត្រីតុលាការ បញ្ជាក់ថា មនុស្សពីរនាក់ ដែលម្នាក់ជាម្ចាស់សិប្បកម្មផលិតទឹកកកនិងម្នាក់ទៀតជាជាងដំឡើងម៉ាស៊ីន ត្រូវបានបញ្ជូនទៅពន្ធនាគារព្រៃស កាលពីល្ងាចថ្ងៃទី១១ ខែវិច្ឆិកា ។
ស្រ្តីជនជាតិវៀតណាមឈ្មោះ អ៊ុក ណាវី អាយុ៣៤ឆ្នាំ ជាម្ចាស់សិប្បកម្មផលិតទឹកកក និង បុរសវៀតណាមឈ្មោះ ឃាង លាភ អាយុ៤៣ឆ្នាំ ជាជាងដំឡើងម៉ាស៊ីនផលិតទឹកកក ត្រូវបានតុលាការចោទប្រកាន់ពីបទ ” បង្កឲ្យមានរបួសដោយអចេតនា ” តាមមាត្រា២៣៦នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តកាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចផ្ទះគ្មានលេខ ផ្លូវលេខ៣៧១ ក្រុមទី៥ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។
បទល្មើស”បង្កឲ្យមានរបួសដោយចេតនា”កំណត់ការផ្តន្ទាទោសដាក់ពន្ធនាគារពី៦ខែទៅ២ឆ្នាំ និង ពិន័យជាប្រាក់ពី១លានរៀលទៅ៦លានរៀល ។
គួរបញ្ជាក់ថា ហេតុការណ៍ធ្លាយធុងហ្គាសនេះ បណ្តាលឲ្យជះក្លិនជាតិអាម៉ូញាក់ នាំឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ ជាច្រើនគ្រួសារនៅក្បែរនោះ រហូតដល់ជម្លៀសចេញ សិស្សសាលា ព្រមទាំងបណ្តាលឲ្យមន្រ្តីនគរបាល ពន្លត់អគ្គិភ័យ៤នាក់ និងពលរដ្ឋ៣នាក់ទៀតសន្លប់ផងដែរ។
ប្រជាពលរដ្ឋ បានរិះគន់ដល់អាជ្ញាធរខណ្ឌមានជ័យ និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងមន្រ្តីពាក់ព័ន្ធ ដែលមិនបានត្រួតពិនិត្យ ចំពោះដំណើរការរោងចក្រ ផលិតទឹកកកមួយនេះ រហូតធ្លាយធុងហ្គាសភាយចេញឧស្ម័នពុល ប៉ះពាល់ដល់ប្រជាពលរដ្ឋ ៕ ចេស្តា