ព័ត៌មានទាន់ហេតុការណ៍៖

បារាំងអនុវត្តច្បាប់ប្រទេសស្ថិតក្នុងគ្រាអាសន្នបន្តទៀត

ចែករំលែក៖

ការអនុវត្តច្បាប់ប្រទេសស្ថិតក្នុងគ្រាអាសន្នរបស់បារាំង បានបន្តអនុវត្តឲ្យបានយូរអង្វែងតទៅមុខទៀត ។ នេះបើតាមការបញ្ជាក់ពីលោក Manuel Valls នាយករដ្ឋមន្ត្រីបារាំងថ្លែងប្រាប់ប្រភពប៊ីប៊ីស៊ីកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ។

លោក Valls បានបន្ថែមថា វិធានការនៅតែបន្តជានិច្ចដើម្បីការពារអធិបតេយ្យរបស់យើង ។ លោក Valls បានថ្លែងបែបនេះអំឡុងខួបអនុស្សាវរីយ៍ការវាយប្រហារដោយក្រុមរដ្ឋអិស្លាម IS រយៈពេល១ឆ្នាំដែលសម្លាប់មនុស្ស១៣០នាក់ ។

ប្រធានាធិបតីបារាំង លោក Francios Hollande បានឡើងថ្លែងសុន្ទរកថា ក្នុងពិធីរំលឹកខួប១ឆ្នាំការវាយប្រហារទីក្រុងប៉ារីស ដោយរំលឹកដល់ដល់ជនរងគ្រោះដែលបាត់បង់ជីវិត ។

លោក Hollande ព្រមជាមួយមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ធ្វើដំណើរទៅកាន់ទីតាំងវាយប្រហារទាំង៨កន្លែង ដែលចាប់ផ្តើមពី Stade de France ទៅរហូតដល់រោងមហោស្រព Bataclan ដើម្បីរំឭក គោរពវិញ្ញាណក្ខន្ធជនរងគ្រោះ ។

ការស្មឹងស្មាធិរយៈពេល១នាទីធ្វើឡើងដើម្បីរំឭកដល់ជនរងគ្រោះដែលបាត់បង់ជីវិតដោយការវាយប្រហារនៅក្នុងទីក្រុងប៉ារីស ពីសំណាក់ក្រុមជីហាដនិយម ឬក្រុមដែលហៅថា រដ្ឋអិស្លាម IS នោះ ។

កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥ ក្រុមរដ្ឋអិស្លាមបានវាយប្រហារវិមាន Stade de France និងភោជនីយដ្ឋានដែលពេញទៅដោយមនុស្សម្នានៅវេលាល្ងាចថ្ងៃសុក្រ ។ ការវាយប្រហារនៅរោងតន្ត្រី Bataclan គឺជាការវាយប្រហារសម្លាប់រង្គាលបំផុត ។ ខ្មាន់កាំភ្លើង៣នាក់បានចូលបរិវេណប្រគំតន្ត្រីរួចបាញ់ប្រហារទៅលើហ្វួងមនុស្សបណ្តាលឲ្យស្លាប់៩០នាក់ ។

ក្នុងបទសម្ភាសន៍ជាមួយប៊ីប៊ីស៊ី លោក Valls បានបញ្ជាក់ថា ការអនុវត្តច្បាប់ប្រទេសស្ថិតគ្រាអាសន្នគួរតែអនុវត្តបន្តវែងឆ្ងាយទៀត ដោយសារតែគ្រោះថ្នាក់ និងការគំរាមកំហែងតាមវិធីសាស្ត្រដូចជាការវាយប្រហារនៅទីក្រុង Nice នោះ នៅតែមាន ។

ច្បាប់គ្រាអាសន្នបារាំងបានអនុវត្តបន្ថែមរយៈពេល៦ខែ ចាប់ពីខែកក្កដា ក្រោយរថយន្តដឹកទំនិញមួយគ្រឿងបានបើកបំបុកហ្វួងមនុស្សនៅលើដងផ្លូវក្នុងទីក្រុង Nice ក្នុងឱកាសប្រារព្ធពិធីបុណ្យ Bastille Day បណ្តាលឲ្យបាត់បង់ជីវិត៨៤នាក់ ។

វិធានការចាំបាច់ផ្តល់ជូនកងកម្លាំងសន្តិសុខក្នុងការអនុវត្តច្បាប់ ដោយក្នុងនោះអាចស្រាវជ្រាវ ចាប់ខ្លួន និងឃុំខ្លួននៅក្នុងផ្ទះ ចំពោះជនដែលសង្ស័យពាក់ព័ន្ធករណីភេរវកម្ម ៕ ថាច់ យ៉ាត

លោក Manuel Valls នាយករដ្ឋមន្ត្រីបារាំង

លោក Manuel Valls នាយករដ្ឋមន្ត្រីបារាំង


ចែករំលែក៖