នៅវេលាម៉ោង៦និង៣០នាទីព្រលប់ ម៉ោងនៅប្រទេសកម្ពុជា ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ហេតុការណ៍រញ្ជួយដីទ្រង់ទ្រាយធំបានកើតឡើងនៅក្នុងប្រទេស New Zealand បណ្តាលឲ្យស្លាប់មនុស្ស២នាក់ ។
ប្រភពព័ត៌មានបានផ្សព្វផ្សាយថា ការរញ្ជួយដីកម្រិត៧.៨រ៉ិចទ័របានកើតឡើងនៅភាគឦសាន្ត រដ្ឋ Christchurch ប្រទេស New Zealand ។ នេះបើតាមក្រុមផែនដីវិទ្យាអាមេរិក USGS ។
ប្រភព USGS បញ្ជាក់ថា ចំណុចកណ្តាលនៃការរញ្ជួយដីស្ថិតនៅចម្ងាយ៥៧គីឡូម៉ែត្រ ភាគឦសាន្ត Christchurch ដែលទីនោះធ្លាប់រងការរញ្ជួយដី៦.៣រ៉ិចទ័រកាលពីឆ្នាំ២០១១បំផ្លិចបំផ្លាញគ្រប់យ៉ាងផងដែរ ។
ការរញ្ជួយដីនេះបានបង្កឲ្យមានរលកយក្សស៊ូណាមិ ហើយនៅពេលនេះ ត្រូវគេប្រកាសដកពីសេចក្តីព្រមានអំពីគ្រោះថ្នាក់ហើយដែរ ។ រញ្ជួយដីនេះធ្វើឲ្យបាក់បែកលំនៅឋាន ខូចខាតទ្រព្យសម្បត្តិចំនួនច្រើនសន្ធឹក។ លោក John Key នាយករដ្ឋមន្ត្រី New Zealand បានថ្លែងថា មនុស្ស២នាក់បានបាត់បង់ជីវិត ៕ ថាច់ យ៉ាត