ខេត្តរតនគីរី៖ បុរសម្នាក់ជិះម៉ូតូត្រូវរថយន្តបុកពីក្រោយពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់ បាក់ខ្មងជើងខាងឆ្វេង នៅស្រុកលំផាត់។
ហេតុការគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៦ វេលាម៉ោង១៧ និង៤០នាទី នៅចំណុចមុខផ្ទះឈ្មោះ ញ៉ាង រុណ លើកំណាត់ផ្លូវជាតិលេខ៧៦ស្ថិតនៅភូមិកាទៀងឃុំល្បាំង១ ស្រុកលំផាត់ ខេត្តរតនគិរី។
សមត្ថកិច្ចបានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះរវាងរថយន្ដម៉ាកសាំយ៉ុងពណ៌សរពាក់ស្លាកលេខភ្នំពេញ 2AD.7016 និង ម៉ូតូម៉ាកC100 ពណ៌ស្លាទុំផលិតនៅប្រទេសកូរេ ពាក់ស្លាកលេខ រតនគិរី 1A. 9020 បណ្តាលអោយរបួសធ្ងន់ម្នាក់ បាក់ខ្មងជើងខាងឆ្វេងអ្នកបើកបរថយន្តបុកម៉ូតូពីក្រោយស្របទិសគ្នាពីត្បូងទៅជើង។
ជនរងគ្រោះឈ្មោះ ញាក់ កន្ត្រៃភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិគ្រឹង កសិករមានទីលំនៅភូមិកើតហេតុខាងលើជិះម៉ូតូម៉ាកសងកូរ៉េម្នាក់ឯងរបួសធ្ងន់។
ចំណែកឯជនបង្កបើកបររថយន្ដ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេឃើញសភាពមិនស្រួលម្ចាស់រថយន្ត ក៏បានចុះរត់គេចខ្លួនបាត់ស្រមោលតែម្តង។
រថយន្តនិងម៉ូតូសមត្ថកិច្ចចរាចរណ៍បានយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកលំផាត់ដើម្បីកសាងសំណុំរឿងបញ្ជូនទៅជំនាញចាត់ការតាមនីតិវិធីបន្តដោយឡែកជនរងគ្រោះបានដឹកតាមរថយន្តសង្គ្រោះរបស់ស្នងការដ្ឋាននគរបាលខេត្តយកទៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី ៕ វុទ្ធឦសាន