ភ្នំពេញ៖ វេជ្ជបណ្ឌឹត ងី មានហេង ប្រធាន មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានឲ្យដឹងនៅថ្ងៃទី១៤ វិច្ឆិកា ថា ៖ ក្នុងរយៈពេល១ ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ មហាជនដែលបានចូលរួម ហើយមានអការៈ ឈឺក្បាល វិលមុខ និងរងរបួសផ្សេងៗ ដែលបានចូលពិនិត្យ និងទទួលសេវាព្យាមានចំនួន១៣២១នាក់ ភាគច្រើនគ្រាន់តែជាជំងឺផ្តាសាយ គ្រុនក្តៅ ចុកពោះអស់កំលាំង ឈឺក្បាល វិលមុខ និងខ្យល់គរជាដើមប៉ុណ្ណោះ ដោយ មិនមានការបង្ករបួសស្នាមឬគ្រោះថ្នាក់អ្វីដែលគួរឲ្យកត់សំគាល់នោះទេ ។
លោកបានបន្តថា ដោយមានការណែនាំពីក្រសួងសុខាភិបាល និងអភិបាលរាជធានីភ្នំពេញ មន្ទីរសុខាភិបាលរាជធានីភ្នំពេញបានធ្វើការពង្រាយគោលដៅទីតាំងសេវាសុខាភិបាល(ស្តង់សុខាភិបាល)ដែលមានក្រុមគ្រូពេទ្យរងចាំជួយសង្គ្រោះប្រជាពលរដ្ឋមានចំនួន១២ទីតំាង គឺស្តង់របស់មន្ទីរសុខាភិបាលចំនួន៨ និងស្តង់របស់ក្រសួងសុខាភិបាលចំនួន៤ មានរថយន្តសង្គ្រោះបន្ទាន់ចំនួន១៥គ្រឿង និងបុគ្គលិកសុខាភិបាលចូលរួមសង្រ្គោះមានជិត៩០០នាក់ ក្នុងនោះក្រុមគ្រូពេទ្យចល័ត ដើម្បីអប់រំផ្សព្វផ្សាយអនាម័យចំណីអាហារ និងផ្សព្វផ្សាយទប់ស្កាត់ជំងឺអេដស៍ជាដើម ។
លោក វេជ្ជបណ្ឌឹត ងី មានហេង បន្តថា ចំពោះស្តង់សុខខាភិបាលចំនួន១២ទីតាំងនោះ ត្រូវបានដាក់ពង្រាយនៅត្រើយខាងកើត៣ទីតាំង គឺនៅតំបន់អភិវឌ្ឃន៏របស់ក្រុមហ៊ុនOCIC ដែលជាតំបន់កីឡាករអុំទូកស្នាក់នៅ ក្នុងបរិវេណសាលាបឋមសិក្សាជ្រោយចង្វារ និងនៅអនុវិទ្យាល័យជ្រោយចង្វារតែម្តង ។ ចំណែកនៅត្រើយខាងលិចទន្លេសាបមានចំនួន៩ទីតាំង គឺស្តង់នៅជុំវិញវេទិការបុណ្យអុំទូកមាន៤ វាលព្រះមេរុ នៅជិតកំពុងផែរ ព្រះគម្លង់ ស្តូបមិត្តភាពកម្ពុជាវៀតណាម និងតំបន់កោះពេជ្រ១ទីតាំង ។
លោកបានបញ្ជាក់ថា ៖ សម្រាប់ថ្ងៃទី១នៃព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ មិនមានអ្វីដែលបង្កឲ្យរបួសស្នាមឬបញ្ហាគ្រោះថ្នាក់ណាមួយដែលគួរឲ្យកត់សំគាល់នោះទេ គឺនិយាយជារួមពិតជាមានស្ថានភាពល្អប្រសើរជាងព្រះរាជពិធីបុណ្យអុំទូកឆ្នាំមុនៗ ។
សូមបញ្ជាក់ថា ៖ ព្រះរាជពិធីបុណ្យអុំទូកកាលពីឆ្នាំ២០១៤កន្លងមក ក្នុង រយៈពេល៣ថ្ងៃ មហាជនដែលបានចូលរួម ហើយមានអការៈ ឈឺក្បាល វិលមុខ និងរងរបួសផ្សេងៗ ដែលបានចូលទៅពិនិត្យ និងទទួលសេវាព្យាបាលនៅតាមស្តង់សុខខាភិបាល មានប្រមាណ៤ពាន់នាក់ ក្នុងមួយថ្ងៃមានជាង១ពាន់នាក់ គឺប្រហាក់ប្រហែលឆ្នាំនេះផងដែរ ៕ សួស សំរិត