ភ្នំពេញ ៖ នៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះខែ ឆ្នាំនេះ ដោយមានការចូលរួមពីទូកប្រណាំងចំនួន២៥៦ ទូក និងកីឡាករចំនួនជាង១៧.៧០០នាក់នៅដងទន្លេសាប ម នព្រះបរមរាជវាំង។ នៅក្នុងព្រះរាជពិធីបុណ្យប្រណាំងទូកថ្ងៃទី១ និងទី២ នេះបានប្រព្រឹត្តឡើងប្រកបដោយភាពល្អប្រសើរ ។
ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែចាប់ផ្តើមជាផ្លូវការពីថ្ងៃទី១៣-១៥ ខែវិច្ឆិកា ដែលជាពិធីបុណ្យប្រពៃណីជាតិ។
តាមការគ្រោងទុក របស់អាជ្ញាធរ រាជធានី និងមាន ប្រជាពលរដ្ឋមកពីគ្រប់បណ្តាខេត្ត-ក្រុងឆ្ពោះមករាជធានីភ្នំពេញយ៉ាងតិច២លាននាក់ ក្នុងរយៈពេល ៣ថ្ងៃនៃពិធីនេះ។
ថ្នាក់ដឹកនាំនៃស្ថាប័នសំខាន់ៗរបស់ប្រទេសកម្ពុជា មានសភាជាតិ រាជរដ្ឋាភិបាល ព្រមទាំងក្រុមអ្នកតាមដានកិច្ចការសង្គម លើកឡើងថា ពិធីបុណ្យប្រពៃណីជាតិនេះ ធ្វើឡើងស្របពេលប្រទេសជាតិមានការអភិវឌ្ឍនៅគ្រប់វិស័យ និងមានប្រព្រឹត្តទៅដោយភាពរលូន។
នៅថ្ងៃទី១នៃអុំទូក បណ្តែតប្រទីប កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ព្រះមហាក្សត្រព្រះបរមនាថ នរោត្ដម សីហមុនី បានយាងចូលរួមទតនៅក្នុងព្រះរាជពិធីបុណ្យដ៏អធិកអធម្មនេះ។ រយៈពេលពាក់កណ្តាលនៃពិធីថ្ងៃទី២នេះ នៅតែមានភាពប្រសើរទាំងផ្នែកសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ។
សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានបង្ហោះសារខ្លីនៅលើទំព័រហ្វេសប៊ុក ផ្ទាល់ខ្លួន របស់សម្តេចថា «នៅរសៀលថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ខ្ញុំបានចូលរួម ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែ។ ខ្ញុំសូមជូនពរដល់បងប្អូនជនរួមជាតិទាំងអស់ ចូលរួមដោយក្តីសប្បាយរីករាយ និងធ្វើដំណើរដោយមានសុវត្តិភាព»។
ចំណែក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបង្ហោះសារដោយអំពាវនាវដល់កងកម្លាំងសន្តិសុខយកចិត្តទុកដាក់ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈឲ្យបានល្អ ដើម្បីប្រជាពលរដ្ឋ និងទេសចរបរទេសបានសប្បាយរីករាយនៅក្នុងព្រះរាជពិធីបុណ្យទាំងនៅក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្តាក្រុងខេត្តនានា។ ជាមួយគ្នានេះ ក៏សុំឲ្យក្រុមហ៊ុនឡានក្រុង និងតាក់ស៊ី បើកបរគោរពច្បាប់ចរាចរណ៍ ដើម្បីសុវត្ថិភាពទាំងអស់គ្នា។
មន្ត្រីសាលារាជធានីភ្នំពេញ បាននិយាយថា ពិធីបុណ្យប្រពៃណីជាតិឆ្នាំ២០១៦នេះ បាននឹងកំពុងប្រព្រឹត្តិទៅប្រកបដោយបរិយាកាសសប្បាយរីករាយយ៉ាងអធិកអធមក្រៃលែង។«កន្លែងកំសាន្តមួយចំនួនដែលបងប្អូនប្រជាពលរដ្ឋ និងទេសចរបរទេសអាចចូលរួមកំសាន្តសប្បាយបាន គឺនៅតាមបណ្តោយមាត់ទន្លេមុខព្រះបរមរាជវាំង វត្តបទុមវតី និងនៅកោះពេជ្ររមណីយដ្ឋានវត្តភ្នំពេញ ជាដើម។
ក្រុមអ្នកឃ្លាំមើលសង្គម បានសារទរចំពោះភាពល្អប្រសើរនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីបនៅថ្ងៃទី១។ ប៉ុន្តែស្នើឲ្យអាជ្ញាធរ និងសមត្ថកិច្ចបន្តយកចិត្តទុកដាក់ពង្រឹងនូវសន្តិសុខ សុវត្ថិភាពជូនអ្នកកំសាន្តកុំឲ្យមានហេតុការណ៍កើតឡើងដល់អាយុជីវិត ឬបញ្ហាផ្សេងៗ ដូចឆ្នាំ២០១០ ។
ឧបទ្ទវហេតុរត់ជាន់គ្នានៅលើស្ពានកោះពេជ្រ នៅយប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១០ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ បានបណ្តាលឲ្យមនុស្សស្លាប់ជាង៣៥៣នាក់ និងរងរបួសជាង៤០០នាក់។
សម្រាប់ឆ្នាំ២០១៦នេះ កងកម្លាំងសន្តិសុខចម្រុះចំនួន១០.០៣២ម៉ឺននាក់ ត្រូវបានដាក់ពង្រាយការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ក្នុងអំឡុងពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ។ ចំឡែក បុគ្គលិកគ្រូពេទ្យជិត៩០០នាក់ និងរថយន្តសង្គ្រោះ១៥គ្រឿង ក៏បានត្រៀមចាំជួយសង្គ្រោះប្រជាពលរដ្ឋដែលចូលរួមក្នុងព្រះរាជពិធីនេះ ៕ សួស សំរិត