ព័ត៌មានទាន់ហេតុការណ៍៖

ហិង្សានៅមីយ៉ាន់ម៉ា ទាហានបាញ់សម្លាប់២៥នាក់

ចែករំលែក៖

ទាហានមីយ៉ាន់ម៉ាបានបញ្ជាក់ថា ខ្លួនបានបាញ់ប្រហារសម្លាប់មនុស្ស២៥នាក់ ស្ថិតនៅក្នុងភូមិមូស្លីមរ៉ូហ៊ីនយ៉ា រដ្ឋរ៉ាក់ឃីន កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ។ កម្លាំងទាហានបានបាញ់សម្លាប់អ្នកទាំងនោះដោយសារតែប្រដាប់ដោយកាំបិទ កាំភ្លើង និងដំបង់ឫស្សីនៅក្នុងដៃ ។

កាលពីថ្ងៃអាទិត្យ យោធាមីយ៉ាន់ម៉ាបានប្រតិបត្តិការវាយប្រហារអមដោយឧទ្ធម្ភាគចក្របំពាក់ដោយកាំភ្លើងផងដែរ ទៅលើភូមិឋានរ៉ូហ៊ីនយ៉ា ក្នុងរដ្ឋរ៉ាក់ឃីន ។ មនុស្ស៨នាក់ ក្នុងនោះមានទាហាន២នាក់ផងដែរបានបាត់បង់ជីវិត ។ ក្រុមទាហានបានលើកឡើងថា នេះជាប្រតិបត្តិការបោសសម្អាតក្រុមឧទ្ទាមប្រដាប់ដោយអាវុធ ។

ពលរដ្ឋជាច្រើនត្រូវជម្លៀសទៅរកទីសុវត្ថិភាព ។ រដ្ឋរ៉ាក់ឃីនស្ថិតក្រោមការបង្ក្រាបដោយកម្លាំងយោធាតាំងពីខែមុនមកម្ល៉េះ ក្រោយពេលដែលប៉ូលិស៧នាក់បានបាត់បង់ជីវិតដោយសារតែក្រុមឧទ្ទាមលបវាយប្រហារតាមប៉ុស្តិ៍ព្រំប្រទល់ ។

រដ្ឋរ៉ាក់ឃីន ជាមូលដ្ឋានរស់នៅរបស់ជនជាតិភាគតិចរ៉ូហ៊ីនយ៉ាមូស្លីមប្រមាណជាង១លាននាក់ ដែលត្រូវបដិសេធន៍មិនឲ្យចូលសញ្ជាតិជាពលរដ្ឋមីយ៉ាន់ម៉ា ។

មនុស្សរាប់ពាន់នាក់បាននិងកំពុងរស់នៅក្នុងជំរុំបណ្តោះអាសន្ន បន្ទាប់ពីបាត់បង់ជម្រក ក្រោយពេលហិង្សាសាសនាកើតឡើងក្នុងឆ្នាំ២០១២ ។ ជនជាតិភាគតិចរ៉ូហ៊ីនយ៉ា មានការរើសអើងដោយចាត់ទុកពួកគេថា ជាជនអន្តោប្រវេសន៍ខុសច្បាប់មកពីបង់ក្លាដែស បើទោះបីថា ពួកគេភាគច្រើនរស់នៅទីនោះរាប់សម័យកាលមកហើយក៏ដោយ ។

អង្គការសិទ្ធិមនុស្សលើកឡើងថា ពលរដ្ឋរ៉ូហ៊ីនយ៉ាត្រូវបានគេរំលោភបំពាន់សិទ្ធិមនុស្សជាមូលដ្ឋានយ៉ាងធ្ងន់ ៕ ថាច់ យ៉ាត

3 _92426003_hi036048811 2


ចែករំលែក៖