លោក Ronald Koeman អ្នកចាត់ការទូទៅក្រុម Everton នៅក្របខ័ណ្ឌអង់គ្លេស Premier League បានបង្ហើបថា គាត់ចង់ទៅដឹកនាំក្រុមជម្រើសជាតិហុល្លង់នៅថ្ងៃណាមួយក្នុងអាជីពរបស់គាត់។
គ្រូបង្វឹកវ័យ៥៣ឆ្នាំរូបនេះគឺជាបេក្ខជនសំខាន់ជាងគេមកជំនួសតំណែងរបស់លោក Louis van Gaal បន្ទាប់ពីWorld Cupឆ្នាំ២០១៤។ ប៉ុន្តែសមាគមបាល់ទាត់របស់ហុល្លង់សម្រេចចិត្តយកលោក Guus Hiddink ហើយក៏បន្តដល់លោក Danny Blind នៅក្នុងឆ្នាំ២០១៥។
Koemanបានចាកចេញពីក្លិប Southamptonមកដឹកនាំក្រុម Evertonមុនរដូវកាលឆ្នាំ ២០១៦-១៧ ហើយចុះហត្ថលេខាដឹកនាំក្រុមក្នុងទឹកដី Goodison Parkចំនួន៣ឆ្នាំ ប៉ុន្តែគាត់នៅតែបង្ហាញពីសញ្ញាភ្លើង ខៀវចង់ទៅកាន់តំណែងធំនៅក្នុងស្រុកកំណើតរបស់គាត់។
លោក Ronald Koeman បាននិយាយប្រាប់ទូរទស្សន៍ Fox Sports ថា “មហិច្ឆតាមួយរបស់ខ្ញុំគឺ ដឹកនាំក្រុមជម្រើសជាតិហុល្លង់។ខ្ញុំក៏ដឹងថាគ្រូបង្វឹកផ្សេងជាច្រើនក៏ចង់បានតំណែងនេះដែរ។ ប្រសិន បើខ្ញុំមានឱកាសខ្ញុំនឹងចាប់យកវាភ្លាម។ ខ្ញុំពិតជាចង់ដឹកនាំក្រុមជម្រើសជាតិណាស់កាលពីឆ្នាំ២០១៤ ដោយខ្ញុំគិតថាវាគឺជាពេលវេលាដ៏ត្រឹមត្រូវសម្រាប់ខ្ញុំប៉ុន្តែពួកគេបែរជាជ្រើសរើសយក Hiddink។ ពេលវេលាកន្លងមកពិតជាបង្ហាញថាពួកគេសម្រេចចិត្តខុស” ៕