ភ្នំពេញ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពលួចកាច់សោក ម៉ូតូគេហើយជិះរត់គេចខ្លួនបានចំងាយប្រហែលជាង២០ម៉ែត្រ ត្រូវម្ចាស់ឃើញទាន់ចាប់ប្រគល់ឲ្យនគរបាលប៉ុស្តិ៍ទឹកថ្លាសាកសួរ។
ករណីនេះ កើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចផ្លូវបេតុង ភូមិអូគីដេ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
ជនសង្ស័យមានឈ្មោះ សុំ ភារៈ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ម្តុំផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ចំណែកជនរងគ្រោះមានឈ្មោះ ស៊ាង ហួត ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរបកប្រែចិន ស្នាក់នៅភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងមានស្រុកកំណើតភូមិកន្ថោ ស្រុកកំពង់ត្រាច ខេត្តកំពត ។
ប្រភពពីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើហេតុ រូបគេបានទៅលេងផ្ទះមិត្តភក្តិនៅចំណុចខាងលើ ដោយជិះម៉ូតូ១គ្រឿងម៉ាក ជីធីអ័រ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FY 2034 ហើយបានឈប់នៅមុខផ្ទះជួលរួច ក៏ចូលទៅក្នុងមួយសន្ទុះ ក្រោយមកក៏ឮសូរគេស្រែកថា ចោរលួចម៉ូតូៗ ពេលខ្លួនចេញមកមើល ក៏ឃើញជនសង្ស័យបានជិះម៉ូតូរបស់ខ្លួនបានជាង២០ម៉េត្រ ក៏គ្នាដេញចាប់បានយកមកប្រគល់ឲ្យនគរបាលប៉ុស្តិ៍ទឹកថ្លាតែម្តង ។
ដោយឡែក ជនសង្ស័យបានឆ្លើយប្រាប់សមត្ថកិច្ចថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចកាច់សោកម៉ូតូរបស់ជនរងគ្រោះខាងលើពិតប្រាកដមែន ព្រោះតែអត់លុយចាយ ។
ក្រោយពីសាកសួរ សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជួនជនសង្ស័យទៅអធិការដ្ឋានខណ្ឌសែនសុខចាត់ការបន្តតាមនីតិវិធី៕ តុង សីហា