ខ្សែបម្រើជើងចាស់របស់អង់គ្លេស Steven Gerrard បានបង្ហាញពីសញ្ញាកាន់តែច្បាស់ថាគាត់នឹង ចាកចេញពីក្រុម LA Galaxyរបស់សហរដ្ឋអាមេរិក ។
កិច្ចសន្យារយៈពេល១៨ខែរបស់កីឡាករវ័យ៣៨ឆ្នាំ Steven Gerrard នឹងចប់ ក្នុងពេលឆាប់ៗនេះ ហើយ គាត់បានស៊ុតបាល់ប៉េណាល់ទីមិនចូលពេលប្រកួតចាញ់ក្រុម Colorado Rapids ក្នុងវគ្គ Play-Off កាលពីថ្ងៃទី៦ ខែវិច្ឆិកា កន្លងទៅ ដែលនេះធ្វើឲ្យមានការសន្មតថា ជាការប្រកួតចុងក្រោយរបស់ Gerrard នៅក្នុងទឹកដីអាមេរិក។
ប៉ុន្មានថ្ងៃចុងក្រោយនេះSteven Gerrardក៏បានបង្ហោះរូបភាពរបស់គាត់ដោយមានទេសភាព របស់ទីក្រុង Los Angeles និងភេសជ្ជៈOakland Raiders ក្នុងដៃ តាមរយៈបណ្តាញ សង្គម Instagram។
Steven Gerrardបាននិយាយភ្ជាប់នឹងរូបភាពនោះថា “កន្លែងពិសេស និងទេសភាពល្អណាស់ ខ្ញុំនឹងនឹកអ្នកជាក់ជាមិនខាន Los Angeles។ រស់នៅទីក្រុងLos Angelesនិងលេងនៅក្នុងក្លិប LA Galaxyពិតជាកិត្តិយសខ្ពស់ណាស់សម្រាប់ខ្ញុំ។ អ្នកធ្វើឲ្យខ្ញុំចាត់ទុកទីនេះ ដូចជាផ្ទះរបស់ខ្ញុំអ៊ីចឹង ហើយអ្នកនឹងនៅក្នុងបេះដូងរបស់ខ្ញុំជានិច្ច”។
លោក Jurgen Klopp គ្រូបង្វឹករបស់ក្រុមហង្សក្រហម Liverpool បានបញ្ជាក់ថា គាត់នៅតែស្វាគមន៍ចំពោះGerrard មកកាន់ទឹកដី Anfield វិញ ខណៈមានព័ត៌មានថាគាត់នឹងវិលត្រឡប់មកកាន់ក្លិប Liverpoolវិញក្នុងនាមជាកីឡាករចូលនិវត្តន៍ ឬក៏ជំនួយការគ្រូបង្វឹក ៕