ព័ត៌មានទាន់ហេតុការណ៍៖

ផឹកស្រវឹងរត់ទៅដេកក្នុងបន្ទប់ជាមួយប្រុសស្នេហ៍ ម៉ែឪឃើញបានត្រឹមយកដៃរឹតដើមទ្រូង

ចែករំលែក៖

ភ្នំពេញ៖ នាងក្រមុំម្នាក់ ដោយសារស្រវឹងខ្លាំងពេកបានសុំបន្ទប់ប្រុសស្នេហ៍ដេកស្នាក់អាស្រ័យបណ្តោះអាសន្ន ប៉ុន្តែជ្រុលដំណើរទម្រាំដឹងខ្លួនដេកទល់ភ្លឺទៅហើយនោះ បានបង្កឲ្យមានការភ្ញាក់ផ្អើល នៅពេលដែលឪពុកម្តាយរបស់នាងតាមរកឃើញនៅវេលាម៉ោង៦ព្រឹក ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ក្នុងបន្ទប់ជួលមិត្តប្រុសរបស់នាង ស្ថិតនៅក្នុងភូមិទ្រាទី៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។

នគរបាលប៉ុស្តិ៍រដ្ឋបាលស្ទឹងមានជ័យបានឲ្យដឹងថា បុរសដែលត្រូវឪពុកម្តាយខាងស្រីប្តឹងឈ្មោះ ខាន់ សុខ អាយុ២២ឆ្នាំ មានមុខរបរជាកម្មកររោងចក្រកាត់ដេរ ស្នាក់នៅបន្ទប់ជួលកើតហេតុខាងលើ និងមានស្រុកកំណើតភូមិត្រពាំងរពៅ ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត ។ រីឯយុវតីចូលទៅដេកផ្ទះមិត្តប្រុស ឈ្មោះ ភន ស្រីនាង អាយុ១៦ឆ្នាំ ជាកម្មការិនីរោងចក្រ ស្នាក់នៅជិតគ្នានឹងបុរសជាសង្សារ និងមានស្រុកកំណើតនៅភូមិកំផ្លាក ឃុំបារាយណ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។

យុវជនជាសង្សារបានប្រាប់សមត្ថកិច្ចថា ខ្លួនផឹកស៊ីជាមួយមិត្តភក្តិ តាំងពីព្រលប់រហូតដល់ម៉ោង១០ ទើបគេចូលដេកនៅក្នុងបន្ទប់ជួលទាំងអាការស្រវឹងខ្លាំង ។ លុះដល់វេលាម៉ោង៦ព្រឹក ស្រាប់តែឪពុកម្តាយខាងស្រី មកគោះទ្វារបន្ទប់ ក៏ឃើញកូនស្រីរបស់គាត់នៅក្នុងបន្ទប់តែពីរនាក់ ក៏ហៅនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យឲ្យមកឃាត់ខ្លួនដើម្បីសួរនាំ ។

មន្ត្រីនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យនិយាយថា យុវជន ខាន់ សុខ បានសារភាពអំពីការដេកក្នុងបន្ទប់ជាមួយនាង ប៉ុន្តែមិនមែនតែ២នាក់ទេ គឺ៤នាក់ឯណោះ ដែលក្នុងនោះ មិត្តភក្តិខាងប្រុសម្នាក់ និងមិត្តភក្តិខាងស្រីម្នាក់ទៀត ហើយខ្លួនក៏មិនបានធ្វើអ្វីផ្តេសផ្តាសទៅលើនាងដែរ ។

រីឯនាង ថន ស្រីនាង បានឲ្យដឹងថា នៅវេលារសៀលថ្ងៃទី១៤ ខែវិច្ឆិកា នាង និងមិត្តភក្តិម្នាក់ទៀតឈ្មោះស្រី ទូច អាយុ១៦ឆ្នាំ បានដើរកាត់មុខបន្ទប់ជួលរបស់យុវជនខាងលើ ហើយត្រូវបានឈ្មោះយាយ ចាន់ ហៅឲ្យចូលទៅផឹកស៊ីជាមួយ រួមទាំងឪពុកម្តាយរបស់យុវជន ខាន់ សុខ នោះដែរ ។ ផឹកស៊ីរហូតដល់ម៉ោង៦ល្ងាច នាងក៏បានសុំអ្នកផឹកជាមួយនោះត្រឡប់ទៅផ្ទះវិញ ។ លុះវេលាម៉ោង៨យប់ ម្តាយខាងប្រុសបានទូរស័ព្ទហៅនាងឲ្យមកផឹកម្តងទៀត រហូតដល់ម៉ោង១១យប់ ក៏បែកគ្នាទៅផ្ទះរៀងៗខ្លួន ។

នាងអះអាងថា បានចូលដេកក្នុងបន្ទប់ជាមួយយុវជនខាងលើនោះមែន គឺនៅក្នុងបន្ទប់មួយមានគ្នា៤នាក់ ហើយក៏មិនបានប្រព្រឹត្តអំពីអ្វីផ្តេសផ្តាស់ដែរ ។ ប៉ុន្តែដោយសារឪពុកម្តាយនាងកើតទុក្ខមិនសុខចិត្តក៏បានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យដើម្បីជួយរកយុត្តិធម៌ ។ ចំណែកនគរបាលក៏មិនដឹងដោះស្រាយយ៉ាងណា ពីព្រោះសាម៉ីខ្លួនទាំងពីរសុទ្ធតែបានបដិសេធន៍ថាមិនបានប្រព្រឹត្តអ្វីផ្តេសផ្តាសទេ ៕ ហេង នរិន្ទ្រន៍

photo_2016-11-15_11-50-44 photo_2016-11-15_11-48-05-1 photo_2016-11-15_11-48-18 photo_2016-11-15_11-48-20


ចែករំលែក៖