ខេត្តបន្ទាយមានជ័យ៖ នគរបាលអន្តោប្រវេសន៍ ច្រកអន្តរជាតិប៉ោយប៉ែត សហការនឹងនគរបាលអន្តោប្រវេសន៍ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដឹកនាំកម្លាំងដោយ លោក សុក កែវបណ្ឌិត ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យបានចេញទៅរំដោះយកជនជាតិម្នាក់មកលេងល្បែង រងការចាប់ជំរិតទារប្រាក់ ពីសំណាក់ជនជាតិចិនដូចគ្នា នៅក្នុងកាស៊ីណូស្តាវីហ្កាស ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ សេចក្តីរាយការណ៍ឱ្យដឹងថា សមត្ថកិច្ចរំដោះជនជាតិរងគ្រោះ ធ្វើឡើងកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៦ ក្នុងនោះ សមត្ថកិច្ចបានឃាត់ខ្លួនជនជាតិចិនជាជនសង្ស័យចំនួន៤នាក់ និងជនរងគ្រោះម្នាក់ផងដែរ ។
សេចក្តីរាយការណ៍ឱ្យដឹងថា ជនរងគ្រោះម្នាក់នោះមានអាយុប្រហែល១៧ឆ្នាំ នៅជាអនីតិជនត្រូវបានជនជាតិចិនដែលជនសង្ស័យល្បួងមកលេងល្បែងក្នុងកាស៊ីណូ ហើយរងការចាប់ជំរិតដោយទំនាក់ទំនងក្រុមគ្រួសារជនរងគ្រោះ នៅប្រទេសចិន ផ្ញើប្រាក់ពីប្រទេសចិន ដើម្បីរំដោះជនរងគ្រោះត្រឡប់ទៅវិញ។
ផែនការនោះត្រូវបានបែកធ្លាយដល់សមត្ថកិច្ចកម្ពុជា ទើបនៅថ្ងៃខាងលើសមត្ថកិច្ច កម្ពុជាចុះទៅឃាត់ខ្លួនជនសង្ស័យ និងរំដោះជនរងគ្រោះបានមកវិញ។
អត្តសញ្ញាណជនសង្ស័យ និងជនរងគ្រោះជនជាតិចិនទាំងនោះ សមត្ថកិច្ចមិនទាន់ បង្ហាញអត្តសញ្ញាណនៅឡើយនោះទេ។ប៉ុន្តែជនសង្ស័យជនជាតិចិន៤នាក់ គ្រោងនិងបញ្ជូន ទៅកាន់តុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់៕សំ វិច្ឆិកា