ខេត្តកណ្តាលៈ បុរស២នាក់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកអង្គស្នួលចាប់ខ្លួនតាមអំណាចដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់សាលាដំបូងខេត្តកណ្តាលពីបទ “ហិង្សាដោយចេតនាទៅវិញទៅមក” ដើម្បីបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារខេត្តកណ្តាលរងចាំបន្តនីតិវិធីច្បាប់ ។
ជនត្រូវចោទទាំង២នាក់នេះត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវលំ ស្ថិតក្នុងភូមិខ្លាកូន ភូមិព្រៃពពេល ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ។
មន្ត្រីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ជនត្រូវចោទទី១-ឈ្មោះ សុខ រតនា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ និងទី២ឈ្មោះ សុខ ស៊ីណាត ភេទប្រុស អាយុ៣០ឆ្នាំ ជនជាំតិខ្មែរ មុខរបរ លក់ដូរ ។ទាំង២នាក់ជាបងប្អូនបង្កើតនឹងគ្នា មានទីលំនៅក្នុងភូមិអង្គស្នួលទី២ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល មានដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ៤៧៤និងលេខ៤៧៥ ចុះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦ ចេញដោយលោក អ៊ី សុវណ្ណ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកណ្តាល ចោទប្រកាន់ជនត្រូវចោទទាំង២នាក់នេះពីបទ “ហិង្សាដោយចេតនាទៅវិញទៅមក” ប្រប្រឹត្តនៅភូមិអង្គស្នួលទី២ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល កាលពីថ្ងៃទី១៨ ខែកក្តដា ឆ្នាំ២០១៤ ។
ចៅក្រម អ៊ី សុវណ្ណ យល់ឃើញថា អំពើប្រព្រឹត្តរបស់ជនត្រូវចោទទាំង២នាក់ជាបទល្មើសមជ្ឈឹម ហើយជនត្រូវចោទមិនព្រមទទួលយកដីកា ដើម្បីជៀសវាងជនត្រូវចោទបំផ្លាញភស្តុតាង តាមសង្កត់លើសាក្សី តាមសង្កត់លើជនរងគ្រោះ និងដើម្បីធានាជនត្រូវចោទទូកជូនតុលាការចាត់ការតាមនីតិវិធី គួរចាប់ខ្លួនជនត្រូវបញ្ជូនទៅតុលាការចាត់ការតាមច្បាប់ ។
ហេតុដូច្នេះសម្រេចឲ្យចាប់ខ្លួនជនត្រូវចោទឈ្មោះ សុខ រតនា និងជនត្រូវចោទឈ្មោះ សុខ ស៊ីណាត ។ បង្គាប់ទៅភ្នាក់ងារមានសមត្ថកិច្ច បង្គាប់ឲ្យចាប់ខ្លួនឈ្មោះខាងលើនេះ និងបញ្ជាដល់ប្រធានពន្ធនាគារខេត្តកណ្តាល ឬមណ្ឌលឃុំខ្លួនខេត្តកណ្តាលឲ្យទទួល និងឃុំខ្លួនបុគ្គនោះ រងចាំអនុវត្តនីតិវិធីច្បាប់ ៕ ស្អាងជ័យ